ព័ត៍មានទាន់​ហេតុការណ៏
Search

សុខៗដើម​ក្ងោក​ដ៏​ធំ​មួយ​ដើម ដួលរលំ​សង្កត់​លើ​ម៉ូតូ​ បណ្ដាលឲ្យមនុស្ស​៥​នាក់​រងរបួស​ស្រាល​ធ្ងន់​

ភ្នំពេញ ៖ ដើម​ក្ងោក​ដ៏​ធំ​​មួយដើម ស្ថិតនៅផ្លូវព្រះសីហនុ ក្បែរ​នឹង​រូបសំណាក​សម្ដេច​តា ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន បាន​ដួល​រលំ​សង្កត់​ពី​លើ​ម៉ូតូ​៤​គ្រឿង​ បណ្ដាលឲ្យ​មនុស្ស​៥​នាក់ រង​របួស​ធ្ងន់​ និង​ស្រាល ខណៈ​ពួកគាត់​កំពុង​ជិះ​ដើរ​កម្សាន្ត​។

ប្រភព​ពី​ប្រជាពលរដ្ឋ ដែល​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង១០ ​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៧ នៅ​កន្លែង​កើតហេតុ​មិន​មាន​ខ្យល់ ឬ​ធ្លាក់​ភ្លៀង​អ្វី​ទេ ខណៈ​ប្រជាពលរដ្ឋ​មនុស្សម្នា កំពុងជិះ​ម៉ូតូ​ដើរ​កម្សាន្ត ស្រាប់តែដើម​ក្ងោក​ធំ​មួយ​ដើម​ដ៏​ធំ ទំហំប៉ុនមួយ​ឱប រលើង​ឫស​ដួល​រលំ​សង្កត់ លើ​ម៉ូតូ​ចំនួន៣​គ្រឿង រួម​ទាំង​រ៉ឺម៉ក​ដឹក​អីវ៉ាន់១​គ្រឿង ហើយ​មនុស្ស​៥​នាក់ ​​​​រង​របួស​ធ្ងន់​ និង​ស្រាល។

ប្រភព​ដដែល​បន្ត​ថា​ ក្រោយ​កើតហេតុ​ នារី​រង​របួស​​​២​នាក់ បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ទន្លេបាសាក់ ដើម្បី​សុំ​អន្តរាគមន៍​ ឲ្យ​សមត្ថកិច្ច​ និង​អាជ្ញាធរ​ជួយ​ចេញថ្លៃ​ព្យាបាល​របួស​របស់​នាង​ទាំង​២​នាក់​ផង ព្រោះថា​ពេល​ពលរដ្ឋ បើក​រថយន្ត​ទៅ​បុក​ដើមឈើ ពលរដ្ឋ​ជា​អ្នក​សង ដូច្នេះ​ពេល​ដើម​ឈើ​រលំ​សង្កត់​ពលរដ្ឋ​ អាជ្ញាធរ​ជា​អ្នក​សង គាត់​វិញ។ ​ចំណែក​ជនរងគ្រោះ​ស្រាលៗ​ផ្សេងៗ​ទៀត​ មិនបាន​ប្តឹងផ្តល់​អ្វី​ទេ ឡើង​ជិះ​ម៉ូតូ​ត្រឡប់​ទៅផ្ទះ​វិញ​បាត់អស់​ទៅ​។

ក្រោយ​កើតហេតុ​ភ្លាមៗ អាជ្ញាធរ និង សមត្ថកិច្ច បាននាំគ្នា​ទៅ​អារកាត់ ​និង​ធ្វើការដឹកជញ្ជូន​ចេញពី​ផ្លូវ ដើម្បី​បញ្ចៀស​កុំឲ្យ​ស្ទះ​ចរាចរណ៍៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684