ព័ត៍មានទាន់​ហេតុការណ៏
Search

អ៊ុំ ចំរើន ឡើងសាក​ស្នៀតគុន​ជាមួយ ​ដេ​ន​ឡៈងូ លុក​ឡៈ​ងូ លើស​ង្វៀន​ស៊ី​អិន​ស៊ី​

ភ្នំពេញ ៖ កីឡាករ​កម្លាំង​ខ្លាំង ​និង ​ពូកែ​ប្រើ​កណ្តាប់ដៃ​ អ៊ុំ ចំរើន អ្នក​ប្រដាល់​របស់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ត្រូវ​ឡើងសាក​ស្នៀតគុនជាមួយ​កីឡាករ​ ដេ​ន​ឡៈ​ងូ លុក​ឡៈ​ងូ អ្នក​ប្រដាល់​ជនជាតិ​ថៃ ក្នុងការ​ប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ លើស​ង្វៀន​ស៊ី​អិន​ស៊ី នា​ថ្ងៃ​សៅរ៍​ ទី​២២ ខែមេសា ឆ្នាំ​២០១៧​នេះ​។

កីឡាករ​ អ៊ុំ ចំរើន ប្រមាណ​មួយឆ្នាំ​កន្លងមកនេះ គេ​រាង​ធ្លាក់ចុះ​នៃ​ស្នៀតគុណ​បន្តិច ​ដែល​មូលហេតុ​បណ្តាល មកពី​គេ​ឡើង​ទម្ងន់ ​គួបផ្សំ​នឹងខ្វះ​ដៃគូ​ប្រកួត​ថែមទៀត​។ អ្នក​ប្រដាល់​ដែលមាន​កណ្តាប់ដៃ​ខ្លាំង​រូបនេះ​ មួយរយៈ​ដែល​អត់​គូក្នុងស្រុក​ប្រកួត​ជាមួយ ​គេ​វក់​ប្រកួត​ជាមួយ​តែ​អ្នក​ប្រដាល់​បរទេស​ប៉ុណ្ណោះ ដល់ពេល​ប្រកួត​ដណ្តើម​ខ្សែក្រវាត់ ជាមួយ​កីឡាករ​ខ្មែរ​គ្នាឯងវិញ ​គឺ​មិនបាន​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នោះទេ​។

សម្រាប់ការជួប​អ្នក​ប្រដាល់​ថៃ​នេះ អ៊ុំ ចំរើន​ ប្រហែលជា​មិនមាន​បញ្ហា​អ្វី​នោះឡើយ បើទោះជា​គេ​វាយ​រៀង​ធ្លាក់​នៃ​ស្នៀតគុន​បន្តិច​ក៏ដោយ ព្រោះ​គេ​មាន​លក្ខណៈសម្បត្តិ​កាយសម្បទា​ និង​សមត្ថភាព​បច្ចេកទេស​ល្អ​ និង​រឹងមាំ​។ កីឡាករ​ អ៊ុំ ចំរើន ជា​អ្នកលេងកណ្តាប់ដៃ និង​ទាត់​ខ្លាំង​ដូច​រន្ទះ​នេះ គេ​មាន​ស្នៀត​ប្រដាល់​ល្អ ​និង​មានកលល្បិច​ក្នុងការ​ប្រកួត​ច្រើន ឯ​របៀប​វាយ​របស់គេ​លឿន​ ហើយក៏​អស្ចារ្យ​ថែមទៀត ពោល គឺ​ពេល​លើកជើង​ទាត់ កណ្តាប់ដៃ​របស់គេ​ក៏​ចេញទៅ​ជាមួយ​ដែរ​ ធ្វើ​ឲ្យ​គូប្រកួត​ពិបាក​ក្នុងការ​ទប់ទល់ ​ពេល​គេ​វាយ​ចេញ​ម្តងៗ​នោះ​ណាស់​។ ដោយសារតែ​ស្នៀត​ខ្លាំ​ង​ទាំងនេះហើយ ​ទើបមានការ​សុំ​សាក​ពី​កីឡាករ​បរទេស​ ថា​តើ ​ចំរើន ​ខ្លាំង​ដូច​គេ​ល្បី​មែន​ ឬក៏អត់​នោះ។

ទោះជា​យ៉ាងណា ​ការប្រកួត​របស់ ​អ៊ុំ ចំរើន​ នាពេល​ថ្មីៗ​កន្លងមកនេះ​ គេ​កត់សម្គាល់​ឃើញ​អន់​ជាង​មុន ដោយ​គេ​ពុំ​សូវ​ប្រើ​ជើង​ទាត់​ទេ គឺ​ប្រើតែ​កណ្តាប់ដៃ និង​កែង​ប៉ុណ្ណោះ ធ្វើ​ឲ្យ​គូប្រកួត​ដឹង​ពី​ស្នៀត​វាយ​ចេញ និង​ការពារ​នៃ​ស្នៀត​ខ្លាំង​របស់គេ​នោះ ហើយ​វាយបក​វិញ​មិនសូវ​ខុស​គោលដៅ​នោះឡើយ​។

កីឡាករ​ អ៊ុំ ចំរើន បើទោះជា​គេ​មាន​កម្លាំង​ស៊ុ​ហ្វ​ខ្លាំង និង​ស្នៀត​ប្រកួត​ល្អ​យ៉ាងណា​ក៏ដោយ ក៏​គេ​មាន​ចំណុចខ្សោយ​ម្យ៉ាង គឺ​ឆេវឆាវ​គ្រប់គ្រង​ចិត្ត​ខ្លួន​គេ​អត់​បាន ប្រសិនបើ​អាច​គ្រប់គ្រង​ខ្លួនគេ​បាន​នោះ គេ​នឹង​ឈ្នះ​ស្ទើរ​គ្រប់ការ​ប្រកួត​។ ការប្រកួត​កន្លងមក​ អ៊ុំ ចំរើន ជា​អ្នក​ប្រដាល់​ដែល​ចង់​ឈ្នះ​គូប្រកួត​ឲ្យ​បាន​លឿន​បំផុត តែ​ការប្រកួត​របស់គេ​កន្លងមក​ភាគច្រើន​បាន​ត្រឹមតែ​ឈ្នះ​ពិន្ទុ​ប៉ុណ្ណោះ​។ ចាំមើល​កីឡាករ ​អ៊ុំ ចំរើន គេ​អាច​យកឈ្នះ​លើ​កីឡាករ​ ដេ​ន​ឡៈ​ងូ លុក​ឡៈ​ងូ ដណ្តើមយក​ភាពខ្លាំង​របស់គេ​មកវិញ​បានដែរ​ ឬ​យ៉ាងណា​?៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684