ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកវិនិយោគ​ខ្មែរ​ និង​ចិន​រួមគ្នា​បោះទុន​១០០​លាន​ដុល្លារ​ សាងសង់​ខុន​ដូ​ផាក​វ៉េ​នៅ​តំបន់​ទួលគោក​

ភ្នំពេញ ​៖ ​អ្នក​វិនិយោគ​ខ្មែរ ​និង​ចិន​បាន​រួម​គ្នា​បោះ​ទុន​ ១០០​លាន​ដុល្លារ​ សាងសង់​ខុន​ដូ​ផាក​វ៉េ​មាន​កម្ពស់​៣៥​ជាន់​ស្មើនឹង​១៥០០​យូ​នី​ត​មាន​ទីតាំង​ស្ថិតនៅ​ខណ្ឌ​ទួលគោក​រាជធានី​ភ្នំពេញ​។​ ​

ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែ​មេសា ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ភ្នំពេញ​លោក​សួ ​សុខ​ថេ​ង ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផាក​វ៉េ​អ៊ី​ន​វេស​មែន​ខូ​អិ​ល​ធី​ឌី​បាន​មានប្រសាសន៍ថា​ការសម្រេចចិត្ត​វិនិយោគ​ខុន​ដូ​នេះ​ដោយសារតែ​ក្រុមហ៊ុន​មើលឃើញ​ពី​សក្ដានុពល​វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​ឆាប់រហ័ស​ ​និង​តម្រូវការ​ខ្ពស់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​និយម​ចូលចិត្ត​រស់នៅ​តាមបែប​ស៊ី​វិ​ល័យ​។​



លោក​បាន​បន្តថា ​គម្រោង​វិនិយោគ​ខុន​ដូ​ផាក​វ៉េ​នេះ​មាន​ទំហំ​ផ្ទៃដី​ប្រមាណ​ ១៧​ម៉ឺន​ម៉ែត្រការ៉េ​មាន​កម្ពស់​៣៥​ជាន់​ ស្មើនឹង​១៥០០​យូ​នី​ត​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ខណ្ឌ​ទួលគោក​រាជធានី​ភ្នំពេញ​បាន​ចាប់ផ្តើម​បុកគ្រឹះ​សាងសង់​កាលពី​ថ្ងៃ​ទី​២១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​ ហើយ​គ្រោង​នឹង​បញ្ចប់​គម្រោង​សាងសង់​នៅ​ឆ្នាំ​២០២០​ខាងមុខនេះ។ លោក​បាន​បន្ថែម​ទៀត​ថា ​គម្រោង​វិនិយោគ​ខុន​ដូ​ផាក​វ៉េ​នេះ​គឺជា​ការវិ​និយោគ​រួមគ្នា​របស់​ក្រុមហ៊ុន​ផាក​វ៉េ​អ៊ី​ន​វេស​មែន​ខូ​អិ​ល​ធី​ឌី​( Parkway Investment Co., Ltd) និង​ក្រុមហ៊ុន​ណាន​តុង​ស៊ី​ធី​ដា​ស៊ីន អ៊ី​ន​ជី​នើ​រីង ខេ​ម​បូ​ឌា ខូ​អិ​ល​ធី​ឌី​( Nantong City Daxin Engineering (Cambodia) Co., Ltd )​របស់​ចិន​ដោយ​បោះទុន​វិនិយោគ​ប្រមាណ​១០០​លាន​ដុល្លារ​អាមេរិក​។​

លោក សួ សុខ​ថេ​ង បាន​មានប្រសាសន៍​បន្តថា​ ការជ្រើសរើស​ទីតាំង​វិនិយោគ​នៅ​តំបន់​ទួលគោក​ដោយសារតែ​បច្ចុប្បន្ននេះ​ខណ្ឌទួលគោក​ជា​តំបន់​មួយ​កំពុង​តែមាន​ការវិវឌ្ឍ​​​ជឿនលឿន​ខ្លាំង​មួយ​នៅក្នុង​ចំណោម​តំបន់​សំខាន់ៗ​នៃ​រាជធានី​ភ្នំពេញ ដែលមាន​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ទៅ​ព្រលាន​យន្ដហោះ សម្បូរ​តំបន់​ពាណិជ្ជកម្ម​ពិសេស​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ទី​២​ក៏មាន​ទីតាំង​ស្ថិតនៅ​តំបន់​នោះដែរ​។​



លោក សុខ​ថេ​ង មានប្រសាសន៍​បន្ថែម​ថា​ គ្រោង​ផាក​វ៉េ​នេះ​នឹង​មាន​ការសាងសង់​អគារ​ចំនួន​បី​គឺ អគារ​ទី​មួយ​មាន 29 ជាន់ អគារ​ទី​ពីរ​មាន 25 ជាន់ និង​អគារ​ទី​បី​មាន 35 ជាន់​។ សរុប អគារ​ទាំងមូល​នឹងមាន​ខុន​ដូរ​ទំនើបៗ​ចំនួន 1500 យូ​នី​ត ដែល​មាន​ទំហំ​ចាប់ពី 45㎡ ដល់ 135㎡”​។​

លោក​បាន​បន្ថែម​ថា «​ការវិនិយោគ​របស់​យើង​ចំពោះ​ខុន​ដូរ​ទាំងនេះ​មិនមែនជា​ការ​វិនិយោគ​រយៈពេល​ខ្លី​ឡើយ ប៉ុន្ដែ​នេះ​ជាការ​វិនិយោគ​រយៈពេល​វែង​។ យើង​មាន​គម្រោង​ផ្ដោតទៅលើ​អ្នក​ដែលមាន​ជីវភាព​កម្រិត​មធ្យម​ដែល​កំពុង​មាន​ការកើនឡើង ហើយ​ប្រាក់ចំណូល​របស់​ពួកគេ​ក៏មាន​ការកើនឡើង​ផងដែរ ដែល​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ពួកគេ​មាន​ភាព​ប្រសើរឡើង​ច្រើន​។ យើង​ជឿជាក់ថា ការកើនឡើង​ចំនួន​ប្រជាជន​នៅ​រាជធានី​ភ្នំពេញ នឹង​ជ្រើសរើស​ការរស់នៅ​ជិត​កណ្ដាល​ទីក្រុង ដែល​ទាំងនេះ​អាចធ្វើឲ្យ​កាត់បន្ថយ​ពេលវេលា​ក្នុងការ​កកស្ទះ​ចរាចរណ៍​ពេលធ្វើ​ដំណើរ​ទៅ និង​មកពី​ធ្វើ​ការងារ​របស់ខ្លួន​។ ហើយ​វា​ក៏​អាចជួយ​កាត់បន្ថយ​កត្តា​គ្រោះថ្នាក់​ចរាចរ​នៅតាម​ដងផ្លូវ​ដែល​មានការ​មមាញឹក​ខ្លាំង​នៅ​ទី​ក្នុង​ទីក្រុង​ផងដែរ​»។

លោក សុខ​ថេ​ង មានប្រសាសន៍ថា​ គម្រោង​ខុន​ដូ​នេះ​នឹង​បង្ហាញ​ពី​កន្លែង​អស្ចារ្យ​នៅ​ក្នុង​សតវត្សរ៍​ទី 21 រួមមាន​អាង​ហែល​ទឹកធំ​ទូលាយ និង​កន្លែង​ហាត់ប្រាណ​ដោយ​នៅ​ជាន់​ផ្ទាល់​ដី​មាន​ផ្សារ​ទំនើប​ជាមួយ​កន្លែង​ទទួលទាន​អាហារ ​កម្សាន្ត​ និង​កន្លែង​សម្រាប់​ហាង​លក់ទំនិញ​ព្រមទាំង​មាន​សាលារៀន​សម្រាប់​កូនៗ​របស់​អតិថិជន​ដែល​ស្នាក់​នៅក្នុង​ខុន​ដូ​របស់​យើង​អាច​ប្រើប្រាស់​បាន​ផងដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684