ព័ត៍មានទាន់​ហេតុការណ៏
Search

ការបើក​ប្រាក់ខែ​ជូន​កម្មករ​ពីរដង​ក្នុង​១​ខែ ​នៅ​មិនទាន់មាន​ភាពច្បាស់លាស់​នៅឡើយ​ទេ​

​ភ្នំពេញ ​៖ តំណាង​និយោជក​បាន​អះអាង​ថា​ ការ​បើក​ប្រាក់ខែ​ជួន​កម្មករ​ពីរដង​ក្នុង​១​ខែ ​នៅ​មិនទាន់មាន​ភាពច្បាស់លាស់​នៅឡើយ​ទេ​ ដោយសារ​នៅមាន​ភាព​ស្មុគស្មាញ​ជាច្រើន ​ទៅលើ​ការរៀបចំ​ប្រព័ន្ធ​គណនេយ្យ​ ហើយ​ម្យ៉ាងទៀត​រោងចក្រ​ភាគច្រើន​នៅ​កម្ពុជា​ ​មិនមាន​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ ​ដើម្បី​ធ្វើ​ការបើក​ប្រាក់ខែ​ជួន​កម្មករ​នៅឡើយ ។

លោក​ឧកញ៉ា​ ណា​ង ​សុធី ​តំណាង​ភាគី​និយោជក​ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅក្រៅ​សិក្ខាសាលា​ ស្តីពី​សេចក្តីព្រាងច្បាប់​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ នៅ​សណ្ឋាគារ​ភ្នំពេញ​ កាលពី​ថ្ងៃទី​២០​ ខែ​មេសា​ថា​ ការដែល​និយោជក​មិនអាច​បើក​ប្រាក់ខែ​ជូន​កម្មករ​២​ដង​ក្នុង​១​ខែ ​នេះដោយសារតែ​ខាង​រោងចក្រ​មិនទាន់​អាចមាន​លទ្ធភាព​ រៀបចំ​ប្រព័ន្ធ​គណនេយ្យ​​​បាន​ ហើយ​ម្យ៉ាងទៀត​រោងចក្រ​ភាគច្រើន​នៅ​កម្ពុជា មិនមាន​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​ ដើម្បី​ធ្វើ​ការបើក​ប្រាក់ខែ​ជួន​កម្មករ​នៅឡើយ​ទេ​។

លោក​ឧកញ៉ា​បាន​បន្តថា​ «​បញ្ហា​នេះ​វា​លំបាក​ដែរ​ ដូចជា​ការធ្វើ​បញ្ជី​គណនេយ្យ​ សម្រាប់​កម្មករ​ចំនួន​ច្រើន​ក្នុង​រយៈពេល​ខ្លី ​វា​មិនមែនជា​ការងាយស្រួល​ទេ​ មិនមែន​តែ​ប្រាក់ខែ​គោល​ទេ​នៅមាន​ប្រាក់​បន្ថែម​ម៉ោង ​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ មិនមែនជា​ការងាយ​នោះទេ​»​។

ជាមួយគ្នានេះដែរ​ លោក កាំ​ង ម៉ូ​នី​កា អ្នកនាំពាក្យ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ដែល​ហៅ​កាត់​ថា​GMAC បានបញ្ជាក់ថា ​ការបើកប្រាក់​ឈ្នួល២​ដង​ក្នុង​ខែ​នេះ ​វា​ជា​បន្ទុក​ធ្ងន់ធ្ងរ​សម្រាប់​រោងចក្រ​ ដែលមាន​បុគ្គលិក​រាប់ពាន់នាក់ ដែលជា​បន្ទុក​ធ្ងន់ធ្ងរ​មួយទៀត ចំពោះ​ការងាររដ្ឋបាល។

ទោះបីជា​យ៉ាងណាក៏ដោយ​ អ្នកស្រី ​ផល្លា ​ជា​ប្រធាន​រដ្ឋបាល​ និង​គណនេយ្យ​នៅ​រោងចក្រ​មួយ​បាន​លើកឡើងថា​ រឿង​បើកប្រាក់​២​ដង​ក្នុង​១​ខែ​នេះ​ ប្រហែលជា​មិន​អាច​ទៅរួចនោះ​​ទេ ​ដោយសារតែ​ថៅកែ​រោងចក្រ​មិនអាច​បង្វិលប្រាក់​បាន​ទាន់ពេលវេលា​។​ អ្នកស្រី​បាន​បន្តថា ​ការបើក​ប្រាក់ខែ​ដល់​កម្មករ​ គឺ​ថៅកែ​មិនមាន​ប្រាក់​សម្រាប់​បម្រុង​ទុក​នោះទេ​ គឺ​ពឹងផ្អែក​ទាំងស្រុង​ពី​អ្នកបញ្ជា​ទិញ​នៅ​ខាងក្រៅបង្វិលប្រាក់​មក​ ទើប​អាច​បើក​ប្រាក់ខែ​ជួន​កម្មករ​បាន​។

ការលើកឡើង​បែបនេះ​ ជា​ការឆ្លើយតប​ទៅនឹង​សំណើ​​ទៅនឹង​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​ដែល​បាន​ណែនាំ​ឲ្យ​ម្ចាស់​រោងចក្រ​កាត់ដេរ​បើកប្រាក់​ខែ​កម្មករ ​ឲ្យ​បាន​២​ដង​ក្នុង​១​ខែ​ ដើម្បី​ការពារ​ដល់​ផលប្រយោជន៍​កម្មករ​ និង​ជួយ​សម្រួល​ក្នុងការ​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​របស់​កម្មករ​។

​លោក​ អ៊ិត​ សំហេង ​រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ធ្លាប់បាន​លើ​កល​ឡើង​ថា ​ការបើកប្រាក់​ឈ្នួល​មួយខែ​បើក​ម្តងនេះ ​គឺមាន​តែ​នៅ​កម្ពុជា​ទេ​ដែល​ធ្វើ​ដូចនេះ​ នៅ​ស្រុក​គេ​ខ្លះ​បើក​២​ដង​ក្នុង​១​ខែ​។​ លោក​រដ្ឋមន្ត្រី​បាន​បន្តថា ​«​ការបើក​ប្រាក់ខែ​២​ដង​ក្នុង​មួយខែ​នេះ​ ដើម្បី​កុំ​ឲ្យ​មាន​ហានិភ័យ ​បើ​ថៅកែ​រត់​ក៏​កម្មករ​ទទួលបាន​ប្រាក់​ខ្លះ​ហើយ​ដែរ​»​។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា​ បញ្ហា​នេះ​ក្រសួង​នឹង​ពិភាក្សាគ្នា​ជាមួយ​ត្រីភាគី ​ដោយ​ទុកពេល​វេលា​សមស្រប​ ដើម្បី​ឲ្យ​សហគ្រាស​គ្រឹះស្ថាន​រៀបចំ​ប្រព័ន្ធ​គណនេយ្យ​របស់​គេ ​ការផ្ទេរ​ថវិកា​សម្រាប់​អនុវត្ត​បើកប្រាក់​ខែ​ដល់​កម្មករ​ បាន​​រៀបរយ​មុន​ចាប់ផ្តើម​អនុវត្ត​។​

លោក ​អ៊ិត ​សំហេង ​បាន​បញ្ជាក់ថា ​«​ តាមពិត​គោលការណ៍​បើក​ប្រាក់ខែ​២​ដងក្នុង​១​ខែ​ជូន​ដល់​កម្មករ​នេះ ​យើង​បានរៀបចំ​យូរហើយ​ តែ​ធ្វើ​មិនទាន់បាន​។ ​ឥឡូវនេះ​យើង​មិនអាច​ទុក​បាន​ទៀត​ទេ ​ត្រូវតែ​ខិតខំ​រៀបចំ​ការងារ​នេះ​ឲ្យ​បាន​តាមច្បាប់​កំណត់​»​។

​ដោយឡែក លោក ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករនិយាយថា លោក​មិន​ជំទាស់​នៅ​អ្វីដែល​ជាគោលការណ៍​រប​ស់​រដ្ឋ​នោះទេ ប៉ុន្តែ​លោក​យល់ថា​ ក្រសួង​ការងារ​គួរ​កោះហៅ​សហជីព​ទាំងអស់ ដើម្បី​មក​ប្រជុំ​ផ្សព្វផ្សាយ ប្រាប់​ពី​គោលបំណង​ដែល​ក្រសួង​ចង់​ធ្វើ​វិសោធនកម្ម​ ទៅលើ​មាត្រា​ណាមួយ ដើម្បី​ឲ្យ​សហជីព​យក​ព័ត៌មាន​ទៅប្រាប់​ដល់​សមាជិក និង ថ្នាក់ដឹកនាំ​សហជីព​នៅតាម​មូលដ្ឋាន​របស់គាត់ ថា​តើ​គាំទ្រ ឬ​មិន​គាំទ្រ។ ហើយ​នេះ​ចំណុច​សំខាន់ ដើម្បី​កុំឲ្យ​ប៉ះពាល់​នៅពេលដែល​ច្បាប់​អនុវត្ត​ហើយ​។

ការបើក​ប្រាក់ខែ​២​ដង​ក្នុង​១​ខែ​នេះ​ មាន​បងប្អូន​កម្មករ​យើង​ភាគច្រើន​មិនបាន​ទទួលដំណឹង​នេះ​នៅឡើយ​ទេ​ ដោយសារតែ​ខាង​រោងចក្រ​មិនបាន​ប្រកាស​។​ តែ​យ៉ាងណាក៏ដោយ​មានកម្ម​ករ​ខ្លះ​មានបំណង​ចង់បាន​បើក​ប្រាក់ខែ​២​ដង​ក្នុង​១​ខែ ​ប៉ុន្តែ​ក៏មាន​កម្មករ​ខ្លះទៀត​មិន​ចង់​បើក​២​ដង​ក្នុង​១​ខែ​នោះទេ​។

បងស្រី ស៊ីវ​ហួយ ធ្វើការ​នៅ​រោងចក្រ​ម្តុំ​ផ្សារ​ព្រៃទា​ជាយ​ទីក្រុង​ភ្នំពេញ​ បាន​មានប្រសាសន៍ថា​ នេះ​ជាការ​ល្អ​ហើយ​ដែល​ខាង​រោងចក្រ​បើកប្រាក់​ខែ​ពីរដង​នៅក្នុង​១​ខែ​ដល់ក​ម្មករ ​ព្រោះថា​អាចជួយ​សម្រួល​ក្នុងការ​ដោះស្រាយ​បន្ទុក​ក្នុង​គ្រួសារ​បានល្អ​ប្រសើរ ​និង​ដើម្បី​យកទៅ​សងបំណុល​គេ​។

គួរបញ្ជាក់​ថា ​ករណី​បើក​ប្រាក់ខែ​ជូន​កម្មករ​២​ខ​ដង​ក្នុង​១​ខែ​នេះ ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ មិនទាន់​បានកំណត់​ឲ្យ​អនុវត្ត​ ​នៅពេលណា​ពិតប្រាកដ​នោះទេ ​គ្រាន់តែ​ណែនាំ​ឲ្យ​ថៅកែ​រោងចក្រ​គិតគូរ​បើក​ប្រាក់ខែ​ជូន​កម្មករ​ឲ្យ​បាន​ពីរដង​ក្នុង​១​ខែ​ប៉ុណ្ណោះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684