ព័ត៍មានទាន់​ហេតុការណ៏
Search

ស្រី​ស្អាត​ហៅ​ម៉ូតូ​កង់​បី​ជិះ​ចុះ​ជិះ​ឡើង ​មិន​ព្រម​ចុះ​ ពេល​ឈប់​សួរនាំ​ ទើប​ដឹង​ថា​មាន​សតិ​មិន​ប្រក្រតី​

ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​ស្ថិតក្នុង​សម្លៀកបំពាក់​សមរម្យ ​និង​មាន​រូបសម្បត្តិ​ស្រស់​សោភា​ទៀត​ផង​ បើកភ្នែក​ឡើង​បាន​ហៅ​ម៉ូតូ​កង់​បី​ជិះ ​ថា​ទៅផ្ទះ​សំណាក់​ត្រង់​នេះ​បន្ដិច​ តែ​ទៅដល់​ហើយ​ថា​មិនទាន់​ដល់​ទៀត ​ថែមទាំង​បញ្ជា​ឲ្យ​ម្ដង​ទៅនេះ​ម្ដងថា​ទៅ​ទីនោះ ដោយ​ម្ចាស់​ម៉ូតូ​កង់​បី​បើក​ចុះឡើងៗ​នៅតែ​មិនចេះ​ដល់​គោលដៅ​ទៀត ពេល​ទ្រាំ​មិនបាន​ក៏​ឈប់​ម៉ូតូ​សួរនាំ​ឲ្យ​ដឹង​ស​ខ្មៅ បែរជា​នារី​រូប​ស្រស់​ម្នាក់នេះ​ថា ចង់​ជិះ​ម៉ូតូ​កង់​បី​បង​រហូត​មិន​ចង់​ចុះ​ទេ ​ព្រោះ​អូន​ស្រឡាញ់​បង ទោះ​អង្វរ​យ៉ាងណា​ និង​ឲ្យ​លុយ​ថែមទៀត​នៅតែ​មិន​ព្រម​ចុះ​ ទីបំផុត​មានតែ​ដឹក​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ឲ្យ​ជួយ​អន្តរាគមន៍​ទើប​ដោះស្រាយ​ចេញ ។

ម្ចាស់​កង់​បី​បាន​ឲ្យ​ដឹងថា​ នារី​រូបនេះជិះ​បណ្ដើរ​រអ៊ូ​ម្នាក់ឯង​បណ្ដើរ​ ដោយ​ជិះ​ផ្តើម​ចេញពី​ចំណុច​ក្រោយ​វត្ត​អង្គ​តា​ម៉ិ​ញ ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាល​ពី​វេលា​ម៉ោង​៦​ និង​៣០​នាទី​ព្រឹក​ ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៧​ ដោយ​ជិះ​ចុះ​ជិះ​ឡើង កាត់​តាមផ្លូវ​២០០៤ ទៅ​ផ្លូវ​២០១១ បត់​ត្រឡប់​ទៅ​ផ្លូវ​សហព័ន្ធ​រុស្សី ធ្លាយ​ទៅ​ផ្លូវ​វេ​ង​ស្រេង រហូតដល់​វេលា​ម៉ោង​៩​ព្រឹក​មកដល់​មុខ​ផ្សារ​ស៊ិន​ជូ​រី ឈប់​សាកសួរបែរ​ជា​ម៉ូយ​ស្រី​ខាងលើប្រាប់ថា​ ជិះ​រហូតព្រោះ​អូន​ស្រឡាញ់​បង ទើប​ដឹងថាប៉ះចំ​នារី​មាន​សតិ​មិន​ប្រក្រតី ទោះជា​ឲ្យ​លុយ​ថែម​សុំ​ឲ្យ​ចុះចេញ​ក៏​នៅតែ​មិន​ព្រម​ចុះ នៅតែ​ប្រើពាក្យ​ថា (​អូន​ស្រឡាញ់បងកង់​បី )​ លុះ​ទ្រាំលែងបានក្តៅ​ស្លឹកត្រចៀក ក្រោយពី​បើកភ្នែក​ឡើង ដឹក​ទើប​បាន​ម៉ូយ​ម្នាក់នេះ ហើយ​ប៉ះចំ​មនុស្សអញ្ចឹង​ទៀត ទាល់​តម្រិះ​មានតែ​ដឹក​ចូល​ប៉ុស្តិ៍​នគរបាល​កា​កាប ឲ្យ​ជួយ​អន្តរាគមន៍​ទើប​រួចខ្លួន​។

តែបើ​តាម​នារី​ខាងលើ បាន​និយាយ​ដោយ​ខ្លួនឯង​ថា រូបគេ​មានឈ្មោះ ឆវី ហៅ​ស្រី​ស្អាត អាយុ​២៨​ឆ្នាំ អតីត​កម្មករ​សំណង់ ស្នាក់នៅម្តុំ​កាណាឌីយ៉ា ភូមិ​ត្រពាំង​ថ្លឹង ស្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ មានស្រុកកំណើត ស្រុក​មេសាង ខេត្តព្រៃវែង ហើយ​រូបគេ​ក៏​ធ្លាប់មាន​ប្តី​ម្តង​ដែរ មាន​ទាំង​សង្សារ​ទៀត តែ​ពួកគេ​បាន​រត់ចោល​អស់ហើយ ទុក​ឲ្យ​គេ​នៅ​តែលតោល​ម្នាក់ឯង​គ្មាន​ទីជម្រក ទើប​រូបគេស្វែងរក​ប្តី​គេ​វិញ តែ​ទាំងនេះ​គ្រាន់តែ​សម្តីអះអាង​របស់​នាង​តែប៉ុណ្ណោះ​។

តាម​បុរស​អ្នករត់​កង់​បីវិញ​បាន​បន្ដ​ឲ្យ​ដឹងថា មុន​កើតហេតុ គ្រាន់តែ​បើក​ម៉ូតូ​ចេញពីផ្ទះ ស្រាប់តែនារី​ខាងលើមាន​បាវ​អីវ៉ាន់​មួយ​ផងបាន​ហៅ​ឲ្យ​ឌុប គ្រាន់តែ​ប្រាប់ថាទៅផ្ទះ​សំណាក់​ក្បែរ​នោះ ហើយក៏​ដឹក​ទៅដល់​ផ្ទះសំណាក់​មួយតាមផ្លូវ​២០០៤ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ត្រូវបាន​ម៉ូយ​ពិសេស​ម្នាក់នេះថា​ទៅទៀត ធ្លាយ​ទៅដល់​ផ្លូវ​២០១១ ហើយ​នៅតែ​ថា​មិនមែន​ទៀត ចង្អុល​ឲ្យ​ដឹក​ទៅ​ផ្លូវ​វេ​ង​ស្រេង បត់​ត្រឡប់​តាមផ្លូវ​សហព័ន្ធ​រុស្ស៊ី នៅតែ​ថា​មិនទាន់​ដល់ ទៀត ​អស់​រយៈពេល​ជាង​២​ម៉ោង​ទៅហើយ នៅតែ​មិនដឹងថា​ទៅ​គោលដៅ​ណា​ឲ្យ​ច្បាស់​ទៀត ​លុះដល់​មុខ​ផ្សារ​ស៊ិន​ជូ​រី​ផ្លា​ហ្សា ឈប់​ម៉ូតូ​សាកសួរ​បញ្ជាក់ បែរ​ជា​ម៉ូយ​ស្រី​ម្នាក់នេះប្រាប់ថា​ អត់​ចុះ​ទេ ជិះ​ម៉ូតូ​បង​រហូត ព្រោះ​អូន​ស្រឡាញ់​បងកង់​បី ពេលនោះ​ហើយ​ទើប​ដឹងថាជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី និយាយ​លែង​ដឹង​ខុសត្រូវ ដឹង​តែ​ពី​ទាមទារ​ជិះ​កង់​បី​រហូត ទោះជា​ឲ្យ​លុយ​វិញ ជា​ថ្នូរចុះ​ចាកចេញ​ក៏​មិន​ព្រម ទ្រាំ​មិនបាន បើកភ្នែក​ឡើងអត់​ទាន់​បាន​លុយ​១​រៀល​ផង​ជួប​រឿង​បែបនេះ​ទៀត ទើប​សម្រេច​មានតែ​ដឹក​ចូល​ប៉ុស្តិ៍នគរបាល ​ឲ្យ​ជួយ​អន្តរាគមន៍តែប៉ុណ្ណោះ​។

ទោះជា​យ៉ាងណាក៏ដោយ សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​បានសុំ​ឲ្យ​នារី​ខាងលើ​ចុះ ចូលទៅ​អង្គុយលេង​ក្នុង​ប៉ុស្តិ៍នគរបាល ហើយនគរបាល​ប៉ុស្តិ៍​បាន​ដឹក​យកទៅ​ទុក​នៅ​មណ្ឌល​សង្គមកិច្ច​ និង​សូម​ធ្វើការ​អំពាវនាវ​ផងដែរ​ ដល់​ក្រុមគ្រួសារ សាច់ញាតិ មេត្តា​មក​ទទួលយក​ជនរងគ្រោះត្រឡប់ទៅផ្ទះ​វិញ​ផង ​ចៀសវាង​ដើរហើរ​គ្មាន​គោលដៅ​ ប៉ះចំ​មនុស្ស​ខិលខូច​ធ្វើបាប​លើ​រាងកាយ​ ឬ​ជួប​គ្រោះថ្នាក់​ជាយថាហេតុ​ជាដើម។ នេះ​សំណាង​ហើយ​ប៉ះចំ​ពូក​ង់​បី​ជាម​នុស្ស​ល្អ​ ចិត្តធម៌ ​ចេះ​ដឹក​មករក​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ បើ​ប៉ះចំ​ជនខិលខូច​វិញ​នាង​ចប់​ហើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684