ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ឃ្លាំមើល​ច្រានចោល​គោលបំណង​របស់​រុស្ស៊ី​ សម្រាប់​ការស៊ើបអង្កេត​ថ្មី​លើ​ការវាយប្រហារ​នៅ​ស៊ី​រី​

គណៈប្រតិភូ​បាន​និយាយថា ក្រុម​ឃ្លាំមើល​អាវុធ​គីមី​សកល​ បាន​ច្រានចោល​សកម្មភាព​របស់​រុស្ស៊ី​ និង​អ៊ីរ៉ង់​ក្នុង​ការបើក​ការស៊ើបអង្កេត​ថ្មី​មួយ​ចូលទៅក្នុង​ការវាយប្រហា​រ​អាវុធ​គីមី​ដ៏​គួរ​ឲ្យ​សង្ស័យ​ក្នុងប្រទេស​ស៊ី​រី​ ដោយមាន​ការគាំទ្រ​ពី​ការស៊ើបអង្កេត​ដែល​ដំណើរការ​រួចទៅហើយ​។​

គណៈប្រតិភូ​អង់គ្លេស​នៃ​អង្គការ​ឃ្លាំមើល​នេះ​បាន​និយាយ​ក្នុង Tweet មួយ​ថា “​ក្រុមប្រឹក្សា​ប្រតិបត្តិ OPCW បាន​ច្រានចោល​ការសម្រេចចិត្តរ​បស់​រុស្ស៊ី​ និង​អ៊ីរ៉ង់​”​។​

ពង្រាង​សេចក្តីសម្រេច​ដែល​ដាក់​ដោយ​ទីក្រុង​មូ​ស្គូ ​និង​តេ​រ៉ង់​មួយ​នេះ​បាន​អំពាវនាវ​ឲ្យ​មានការ​ស៊ើបអង្កេត​ថ្មី​មួយ​ដោយ​អង្គការ​សម្រាប់​ការហាមឃាត់​អាវុធ​គីមី (OPCW) ដើម្បី​កំណត់ថា​តើ​អាវុធ​គីមី​ត្រូវបាន​ប្រើ​នៅក្នុង​ក្រុង Khan Sheikhun ដែរ​ឬក៏​អត់​និង​ថា​តើ​ពួកគេ​ត្រូវបាន​នាំយកទៅ​កន្លែងកើតហេតុ​ដោយ​របៀប​ណា​។​

សេចក្តីព្រាង​នេះ​ក៏បាន​អំពាវនាវ​ផងដែរ​ឲ្យ​ក្រុម​អ្នកស៊ើប​អង្កេត​ធ្វើដំណើរ​ទៅ​មូលដ្ឋាន​អាកាស Shayrat ដើម្បី​ផ្ទៀងផ្ទាត់​ការចោទប្រកាន់​ទាក់ទង​នឹង​ការផ្ទុក​អាវុធ​គីមី​នៅ​ទីនោះ​។​

គណប្រតិភូ​អង់គ្លេស​បាន​និយាយ​ក្នុង tweet របស់ខ្លួន​ថា ប៉ុន្តែ​ទង្វើ​របស់​រុស្ស៊ី​គឺមាន​គោលបំណង​ធ្វើ​ឲ្យ​អន់ថយ​ដល់​បេសកកម្ម​ស្វែងរក​ការពិត (FFM) ដែលមាន​ស្រាប់​របស់ OPCW ។​

សកម្មភាព​នេះ​បានកើត​ឡើងខណៈ​ប្រធាន OPCW លោក Ahmet Uzumcu បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា លទ្ធផល​ការធ្វើ​តេស្ត “​មិនអាច​ប្រកែក​បាន​” របស់ OPCW បាន​បង្ហាញថា ឧស្ម័ន​សារី​ន​ឬ​សារធាតុ​ស្រដៀង​គ្នា​នេះ​ត្រូវបាន​គេ​ប្រើ​នៅក្នុង​ការវាយប្រហារ​នោះ​។​

លោក Uzumcu បាន​ឲ្យ​ដឹងថា សំណាក​ពី​មនុស្ស​បីនាក់​ដែល​ស្លាប់​នៅក្នុង​ការវាយប្រហារ​នេះ​ និង​អ្នក​នៅ​រស់រានមានជីវិត​ចំនួន​ប្រាំពីរ​នាក់​ដែល​ត្រូវ​វិភាគ​នៅ​មន្ទីរពិសោធន៍​ចំនួន​បួន​របស់ OPCW បានបង្ហាញ​ថា​បាន​ប៉ះពាល់​ទៅនឹង​សារធាតុ​សារី​ន​ឬ​ដូច​សារធាតុ​សារី​ន​។​

សូមបញ្ជាក់​ជាថ្មី​ថា បណ្តា​ប្រទេស​លោកខាងលិច​បាន​ចោទប្រកាន់​របប​ស៊ី​រី​នៃ​ការអនុវត្តន៍​ការវាយប្រហារ​តាម​អាកាស​ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​បំផុត​របស់លោក​ប្រធានាធិបតី​ស៊ី​រី Bashar al-Assad បាន​ព្យាយាម​លុបបំបាត់​ការស្តីបន្ទោស​នេះ​៕ Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684