ព័ត៍មានទាន់​ហេតុការណ៏
Search

ឆេះ​ផ្ទះ​លក់​គ្រឿង​សង្ហា​រឹម ​នៅជិត​ផ្សារ​ឈូក​មាស ​អ្នក​ជួល​រត់គេចខ្លួន​បាត់ ​មិន​ទទួលខុសត្រូវ​

​ភ្នំពេញ ៖ ផ្ទះល្វែង​ និង ​ឃ្លាំង​មួយ​ដែល​ផ្ទុក​គ្រឿង​សង្ហា​រឹម ធ្វើ​ពី​ឈើប្រណិតៗ​ បាន​រង​នូវ​ការបំផ្លាញ​ដោយ​អគ្គិភ័យ​ខូចខាត​អស់ទាំង​ស្រុង​ កាលពី​វេលា​ម៉ោង​១១ ថ្ងៃទី​២១​ ខែមេសា ​ឆ្នាំ​២០១៧​ នៅ​ម្តុំ​ជិត​ផ្សារ​ឈូក​មាស ស្ថិតក្នុង​ភូមិ​ដី​ថ្មី ​ក្រុមទី​១០ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​នៅក្នុង​ហេតុការណ៍​នោះ សមត្ថកិច្ច​នគរបាលមូលដ្ឋាន បាន​ប្រើប្រាស់​រថយន្ត​បាញ់​ទឹក​ពន្លត់​អស់​ចំនួន​៦​គ្រឿង ​ប្រើប្រាស់​ពេលវេលា​ជិត​២​ម៉ោង​ទើប​ពន្លត់​ បាន​ជោគជ័យ​ទាំងស្រុង​។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បានឱ្យដឹងថា ម្ចាស់ផ្ទះ​ល្វែង​នេះ​បាន​ជួល​ទៅឱ្យគេ​ លក់​គ្រឿង​សង្ហា​រឹម ប៉ុន្តែ​នៅពេល​បង្កឱ្យមាន ​មហន្តរាយ​អគ្គីភ័យ​ដូច្នេះ គេ​បាន​រត់​គេចខ្លួនបាត់ មិន​ចេញមុខ​មក​ទទួលខុស​ត្រូវ​ឡើយ​ នៅតែ​ម្ចាស់​ដើម​ឈ្មោះ​ យ៉ុង មឿ​ន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​មន្ត្រី​យោធា​ប៉ូលិស​ នៅ​មិនទាន់​ដឹង​អំពី​មូលហេតុ​នៃ​ការឆេះ ​ដោយសារ​មូលហេតុ​អ្វីឱ្យ​ពិត​​ប្រាកដ​នៅឡើយ​ទេ ដែល​សព្វដង​គេ​ច្រើនតែ​ឆ្លើយ​ទម្លាក់កំហុស ​ទៅលើ​ខ្សែភ្លើង​ជានិច្ច (​ទុះស្សេ​) ហើយ​មន្ត្រី​អធិការកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​។​

​លោក ដួង វណ្ណៈ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលភ្នំពេញ​ថ្មី បាន​និយាយថា នៅក្នុង​ហេតុការណ៍​គ្រោះ​អគ្គីភ័យ​នេះ បាន​បំផ្លាញ​ម៉ូតូ​ទ​នើ​បៗ​អស់​៣​គ្រឿង និង​ទ្រព្យ​សម្បត្តិ​គ្រឿង​សង្ហា​រឹម សា​ឡុង​ តុ ទូ​ផ្សេងៗ​ទៀត​ ព្រម​ទាំ​ងឆេះ​រាលដាល​ដល់ផ្ទះ​ល្វែង​នៅជាប់​ក្បែរ​គ្នា ដែល​មាន​ម្ចាស់ឈ្មោះ គឹម សៀង ភេទ​ស្រី​ អាយុ​៥៩​ឆ្នាំ បណ្តាលឱ្យ​ឆេះ​ឡៅតឿ និង​ខូចខាត​ខ្លោច​ជញ្ជាំង​ផ្ទះ​ ឆេះ​ម៉ា​ស៊ី​ន​ត្រជាក់​ចំនួន​៣​គ្រឿង​ទៀត​។

​​ហេតុការណ៍​គ្រោះ​អគ្គីភ័យ​នេះ គេ​មិនទាន់​ដឹងថា​ខូចអស់​ជា​ទឹកប្រាក់​ប៉ុន្មាន​នៅឡើយ​ទេ​ ព្រោះ​ម្ចាស់​ផ្ទះមិន​សហការ​ ចេញមុខមកទទួលខុសត្រូវ​ ចំពោះ​បញ្ហា​នេះ​នៅឡើយ​ ជាហេតុ​ធ្វើ​ឱ្យសមត្ថកិច្ច​មិនដឹង​ពី​មូលហេតុ​នៃ​ការឆេះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684