ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្ទុះ​ការប៉ះទង្គិច​ថ្មី​ក្នុង​បាតុកម្ម​នៅ​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា ​ក្រោយ​ចលាចល​សម្លាប់​មនុស្ស​

ការប៉ះទង្គិច​គ្នា​បាន​ផ្ទុះឡើង​រវាង​ប៉ូលិស​កុបកម្ម​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា ​និង​ក្រុម​អ្នកប្រឆាំង​លោក​ប្រធានាធិបតី Nicolas Maduro ដែល​នេះ​ជាការ​ដុត​កម្តៅ​ភាព​តានតឹង​បន្ទាប់ពី​ចលាចល​សម្លាប់​មនុស្ស​នៅក្នុង​ប្រទេស​សម្បូរ​ប្រេង​មួយ​នេះ​។​

ប៉ូលិស​បាន​បាញ់​គ្រាប់​កៅស៊ូ ​និង​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែក​អ្នកដើរ​ក្បួន​តវ៉ា​រាប់ពាន់នាក់ ​ខណៈ​ពួកគេ​បាន​ឈានទៅដល់​ផ្លូវ​ដ៏​សំខាន់​ក្នុង​ទីក្រុង Caracas បន្ទាប់មក​បាន​តបត​ទៅវិញ​នៅពេលដែល​ក្រុមបាតុករ​ពាក់​ម៉ាស​បាន​គប់​ដុំថ្ម ​និង​គ្រាប់បែក​ភ្លើង Molotov ដាក់​ពួកគេ​។​

ក្រុមបាតុករ​បាន​ប្តេជ្ញា​មិន​បញ្ឈប់​យុទ្ធនាការ​របស់ខ្លួន​ដើម្បី​បណ្តេញ​លោក Maduro ទេ​បើទោះបី​ជាមាន​ការតវ៉ា​ដោយ​ហិង្សា​រយៈពេល​បី​សប្តាហ៍​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ប្រាំបី​នាក់​បាន​ស្លាប់​ដោយ​ក្នុងនោះ​រួមមាន​ទាំងបី​នាក់​កាលពី​ថ្ងៃ​ពុធ​ក៏ដោយ​។​

ក្រុមអ្នកតវ៉ា​បាន​ដុត​ធុងសំរាម​ និង​ហែក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​ខណៈដែល​មន្ត្រី​បាន​បាញ់​កាណុង​បាញ់​ទឹក​ដាក់​ពួកគេ​ហើយ​ឧទ្ធម្ភាគចក្រ​របស់​ប៉ូលិស​មួយគ្រឿង​បាន​ហោះ​ពី​ខាងលើ​។​

ការប៉ះទង្គិច​គ្នា​ក៏បាន​ផ្ទុះឡើង​ផងដែរ​នៅ​ទីក្រុង​ចំណុចក្តៅ​ភាគ​ខាងលិច San Cristobal, ទីក្រុង Maracaibo នៅក្នុង​ភាគ​ពាយព្យ​និង Valencia នៅ​កណ្តាល​ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​។​

គណបក្សប្រឆាំង​បាន​អំពាវនាវ​ឲ្យ​មានការ​តវ៉ា​ថ្មី​ទៀត​ដែលមាន​ឈ្មោះថា “march of silence” នៅ​គ្រប់ផ្នែក​ទាំង​អស់នៃ​ប្រទេស​នេះ​នៅ​ថ្ងៃ​សៅរ៍ ​និង​បិទផ្លូវ​ជាតិ​នៅ​ថ្ងៃ​ចន្ទ​។​

ក្រុមអ្នកតវ៉ា​បាន​ស្តីបន្ទោស​លោក Maduro សម្រាប់​វិបត្តិ​សេដ្ឋកិច្ច​បន្ទាប់ពី​ជួបប្រទះ​កង្វះខាត​ធ្ងន់ធ្ងរ​នៃ​ស្បៀងអាហារ ថ្នាំពេទ្យ​និង​ទំនិញ​ជា​មូលដ្ឋាន​។

ទោះបីជា​យ៉ាងណាក៏ដោយ លោក Maduro បាន​និយាយថា ការតវ៉ា​នេះ​គឺជា​ការព្យាយាម​បណ្តេញ​គាត់​ចេញពី​តំណែង​ដែល​ទទួល​ការគាំទ្រ​ពី​សហរដ្ឋអាមេរិក​។​

កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក Maduro បាន​និយាយថា គណបក្សប្រឆាំង​បាន​ត្រៀមខ្លួន​ជាស្រេច​ហើយ​ដើម្បី​ចាប់ផ្តើម​ការពិភាក្សា​នយោបាយ​ប៉ុន្តែ​គូប្រជែង​របស់គាត់​បាន​បដិសេធ​។​

លោក Henrique Capriles ដែលជា​អតីត​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្សប្រឆាំង​បាន​បង្ហោះ​សារ​មួយ​នៅលើ Twitter ដោយបាន​ហៅ​លោក Maduro ថា​ជា “​ជន​ផ្តាច់ការ​”​និង “​អ្នក​និយាយ​មិន​ពិត​”៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684