ព័ត៍មានទាន់​ហេតុការណ៏
Search

នគរបាល​ចាប់​មេខ្យល់​២​នាក់ ​បញ្ជូនមក​តុលាការ​ ករណី​នាំ​នារី​ខ្មែរ​រៀបការជាមួយ​បុរស​ជនជាតិ​ចិន​

ភ្នំពេញ ៖ ស្ត្រី​ជា​មេខ្យល់​ម្នាក់​ និង​បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ក្រសួង​មហាផ្ទៃ​ ស្រាវជ្រាវ​តាម​ចាប់​ខ្លួន​បាន ​កាលពី​វេលា​ម៉ោង​៧ ​និង​៣០​នាទី ​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៧ ស្ថិតនៅ​បន្ទប់​ជួល​លេខ​២៦ ផ្លូវលំ ក្បែរ​សួន​កាណាឌីយ៉ា ស្ថិត​ក្នុងភូមិត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ​ ដោយ​សង្ស័យថា ជា​មេខ្លោង​ជួញដូរ​ស្ត្រី​ខ្មែរ​នាំទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន។

ស្ត្រី​សង្ស័យ​ជា​មេខ្លោង​ជួញដូរ​មនុស្ស​ឈ្មោះ​ ស្រាប់ លី​អេង អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល​កន្លែង​កើតហេតុ​ខាងលើ និង​បុរស​ម្នាក់ទៀត​ឈ្មោះ​ ជឿ​ង ថា​ន់​ឡុង ជនជាតិ​ចិន​ ជា​មេខ្យល់​ក្នុងការ​ជ្រើសរើស​មនុស្ស​ឱ្យទៅ​រៀបការ​នៅ​ប្រទេស​ចិន។

តាម​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា ស្ត្រី​ខាងលើ​សង្ស័យ​ជា​មេខ្លោង​ជួញដូរ​មនុស្ស នាំ​ស្ត្រី​ខ្មែរ​ទៅ​រៀបការ​ជាមួយ​បុរស​នៅ​ប្រទេស​ចិន​ បែក​ធ្លាយ​រឿង​ត្រូវ​បាន​អគ្គ​កុងស៊ុល​ប្រចាំ​នៅ​ប្រទេស​ចិន​ ចាប់​បញ្ជូន​ខ្លួន​នារី​រងគ្រោះ​វិល​មក​ប្រទេស​ខ្មែរ​វិញ​ កាលពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៦​កន្លងមក ហើយ​នារី​រងគ្រោះ​បាន​ប្តឹងទៅ​ក្រសួងមហាផ្ទៃ ​ចាត់វិធានការ​ស្រាវជ្រាវ​ចាប់​មេខ្លោង​។

ក្រោយ​មកក្រោម​ការបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ ស៊ូ វ៉ាន់ឌី អនុប្រធាននាយកដ្ឋាន​ប្រឆាំងការជួញដូរ​មនុស្ស និង​ ការពារ​អនីតិជន កម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ​ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​ស្ត្រី​មេខ្លោង​បាន​ នៅ​ព្រឹក​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៧ ដោយ​ស្ត្រីសង្ស័យ​សម្ងំ​លាក់ខ្លួន​ក្នុង​បន្ទប់​ជួល​ក្បែរសួន​កាណាឌីយ៉ា។​

​បើតាម​ប្រភព​ផ្សេង​មួយទៀត​បាន​ឲ្យដឹងថា ស្ត្រី​ជា​ជនសង្ស័យ​មេខ្លោង​ជួញដូរមនុស្ស​ បាន​នាំ​នារី​វ័យក្មេង​ម្នាក់​មាន​អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ​ទៅ​រៀបការ​ជាមួយ​ជនបរទេស នៅ​ប្រទេស​ចិន​ កាលពី​អំឡុង​ខែតុលា ឆ្នាំ២០១៦ ក្នុងតម្លៃ​១៥០០​ដុល្លារ ដោយសារ​អត់​មាន​លិខិតឆ្លងដែន​ពេលទៅដល់​ប្រទេស​ចិន ​បែកធ្លាយ​រឿង ហើយ​ត្រូវបាន​សមត្ថកិច្ច​ចាប់​នារី​រងគ្រោះ​បញ្ជូន​វិលត្រឡប់ មក​ប្រទេស​កម្ពុជា​វិញ ​នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ ។

នារី​រងគ្រោះ​ត្រូវបាន​ជនសង្ស័យ​ជា​មេខ្លោង​បន្ត​នាំយកទៅ​ឃុំ​លាក់ខ្លួន​ ទុក​នៅផ្ទះសំណាក់​ រហូត​បែកធ្លាយ​រឿង ​ទើប​កម្លាំងនគរបាល​ក្រសួងមហាផ្ទៃ​ស្រាវជ្រាវ​ចាប់ឃាត់ខ្លួន​ស្ត្រី​មេខ្យល់​បានតែ​ម្តង។

ក្រោយពី​ឃាត់ខ្លួន​ស្ត្រី​សង្ស័យ​ជា​មេខ្លោង​ សមត្ថកិច្ច​បាន​នាំទៅ​កាន់​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ ការពារ​អនីតិជន​ក្រសួងមហាផ្ទៃ​ ដើម្បី​សាកសួរ និង កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​ច្បាប់។

នៅ​ព្រឹក​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ នគរបាល​បាន​បញ្ជូន​ជនសង្ស័យ​ទាំង​២​នាក់ មក​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ធ្វើការ​សាកសួរ​ ប៉ុន្តែ​ព្រះរាជអាជ្ញា​អម​តុលាការ​មិនទាន់​ស​ម្រេច​បែបណា​ទេ​ ដោយ​ប្រគល់​ជនសង្ស័យ​ឲ្យ​សមត្ថកិច្ច​គ្រប់គ្រង​បណ្ដោះអាសន្ន​ ហើយ​ត​ម្រូ​វ​នាំមក​សាកសួរ​នៅ​ថ្ងៃទី ២២ ខែមេសា​ ទៀត ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684