ព័ត៍មានទាន់​ហេតុការណ៏
Search

បំពាក់​ភ្លើងស្តុប​៥​គោលដៅ​បន្ថែម​ទៀត​ ក្នុង​ក្រុង​បាត់ដំបង ​ដើម្បី​សម្រួល​ការ​ធ្វើ​ចរាចរ​ ​និង​កាត់បន្ថយ​​​គ្រោះថ្នាក់

បាត់ដំបង ៖ ​ភ្លើងស្តុប​សម្រាប់​បម្រើ​ផ្នែក​ចរាចរណ៍​ ត្រូវបាន​សាលាខេត្ត​បាត់ដំបង​ បំពាក់​តាម​គោលដៅ​សំខាន់ៗ​ចំនួន​៥​ទីតាំង​បន្ថែមទៀត​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរាចរ​ ​និង​ ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​នៅ​កម្រិត​ទាប​។​

លោក​ សៀង ​ឯម​វួ​ន​ស្ហី​ អភិបាលក្រុង​បាត់ដំបង​បានឲ្យដឹង​ នៅ​ថ្ងៃទី​២០​ ខែមេសា ​ឆ្នាំ​២០១៧​​​​ថា ​ការ​បំពាក់​ភ្លើងស្តុប​បន្ថែមទៀត ក្នុងដំណាក់កាល​ទី​២ ​លើ​គោលដៅ​សំខាន់ៗ​នេះ ​ជា​ តម្រូវការ​ដ៏ចាំបាច់​មិនអាច​ខ្វះ​បាន ជា​ប្រយោជន៍​សម្រាប់​សម្រួល​ដល់​សុវត្ថិភាព​ការ​ធ្វើដំណើរ​ បញ្ចៀស​ការ​គ្រោះថ្នាក់​ និង​ការ​កកស្ទះ​ ពិសេស​នាំមក​នូវ​ការ​លើកស្ទួយ​សោភ័ណភាព​ក្នុង​ក្រុង​ផង​ដែរ​ លើ​ដង​ផ្លូវ​ឲ្យ​​​សក្ដិសម​ជា​ខេត្ត​ទេសចរណ៍​ដ៏ចំណាស់​មួយ​ ដែល​កំពុងមាន​ការចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​។​

លោក​អភិបាលក្រុង​បន្តថា​ ដោយ​សម្លឹង​ឃើញ​ពី​តម្រូវការ​ចាំបាច់​ស្របគ្នា ​នឹង​ច្បាប់​ចរាចរណ៍​ថ្មី​ចាប់ផ្តើម​អនុវត្តន៍ ​ក្នុងនាម​អាជ្ញាធរ​ខេត្ត​/ក្រុង​ បានសម្រេច​បំពាក់​ភ្លើងស្តុប​ចំនួន​៥​ទីតាំង​​បន្ថែម​ទៀត​ លើ​ទីតាំង ​ដែល​មាន​ស្រាប់​ចំនួន​៤​​ ​ជា​ជំហាន​សាកល្បង​ ដោយ​ប្រើប្រាស់​ថវិកា​របស់​ខេត្ត​ទាំង​ស្រុងក្នុងការ​បំពាក់​នេះ​។

អាជ្ញាធរ​ខេត្ត​គ្រោង​នឹង​បំពាក់​៥​ទីតាំង​បន្ត​ទៀត​ លើ​ជំហាន​ទី​៣​ ទៀត​គ្រប់​ចំនួន​១៥​គោលដៅ​ សំដៅ​ទៀត​ប្រសើរឡើង​ក្នុងការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ទូទៅ​។ ​ទន្ទឹម​នឹង​ការរៀបចំ​បំពាក់​ភ្លើងស្តុប​ជាច្រើន​កន្លែង​នេះ​ ទទួលបាន​លទ្ធផល​ផ្លែ​ផ្កា​តាម​ការគ្រោងទុក ​ដ៏រាប​ណា​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ អ្នកប្រើប្រាស់​ផ្លូវ​​​សាធារណ​ទាំងអស់ ​ត្រូវ​បង្កើន​ការ​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់​ខ្ជួន ​ដើម្បី​សុវត្ថិភាព​អាយុជីវិត​ និង​ទ្រព្យសម្បត្តិ​របស់​យើងទាំងអស់គ្នា​បន្ថែមទៀត​។

ចំពោះ​គោលដៅ​ដែល​ត្រូវ​បំពាក់​ភ្លើងស្តុប​ជំហាន​ទី​២​នេះ​ រួមមានៈ ១/​ត្រង់​ផ្លូវបំបែក​ជា​បួន​ ក្នុង​ចំណុច​ផ្សារលើ​មួយ​កន្លែង​, ២/​ស្តុ​ប​ស្វាយប៉ោ ​ត្រង់​ចំណុច​មុខ​សាលាខេត្ត​, ៣/​ស្តុ​ប​២​ធ្នូ​ ត្រង់​ចំណុច​សាលារៀន​២​ធ្នូ​, ៤/​ស្តុ​ប​ផ្កាស្លា ​ត្រង់​ចំណុច​បេនឡាន​ផ្សា​របឹង​ឈូក​ និង​មួយកន្លែង​ទៀត​ស្តុ​ប​បែក​ចាន ​ត្រង់​ចំណុច​មុខ​ភូមិភាគ​ទី​៥​។

ចំណែក​ប្រជាពលរដ្ឋ​បាន​សំដែង​ការ​សារ​ទរ​យ៉ាងខ្លាំង​ ចំពោះ​អាជ្ញាធរ​ខេត្ត​/ក្រុង ​ដែល​បាន​យកចិត្តទុកដាក់​រៀបចំ​ភ្លើងស្តុប​នេះ​ឡើង ​សំដៅ​លើកកម្ពស់​ច្បាប់​ចរាចរណ៍ ​និង​ការអភិវឌ្ឍ​​ ទាំង​នៅក្នុង​ទីប្រជុំជន ​និង​តំបន់​ជនបទ ​រួម​នឹង​លើកកម្ពស់​ក្នុង​ការ​យល់ដឹង​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ជនបទ​ ចំពោះ​ភ្លើង​សញ្ញា​ចរាចរណ៍​កាន់តែ​មាន​កម្រិត​ខ្ពស់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684