ព័ត៍មានទាន់​ហេតុការណ៏
Search

U16 កម្ពុជា ស្ថិតក្នុង​ពូ​ល​ជាមួយ​អូស្ត្រាលី វៀតណាម​ និង​ម្ចាស់ផ្ទះ​ម៉ុង​ហ្គោ​លី ក្នុង​ប្រកួត​ជើងឯក​យុវជន​ប្រចាំ​ទ្វីបអាស៊ី​ ​

ក្រុមបាល់ទាត់​យុវជន​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម ១៦ ឆ្នាំ ស្ថិតនៅ​ពូ​ល I ក្នុង​ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី អាយុ​ក្រោម ១៦ ឆ្នាំ (2018 AFC U-16 Championship) ក្នុង​វគ្គ​ជម្រុះ​បឋម​។ នេះ​បើ​យោងតាម​លទ្ធផល​នៃ​ការចាប់​ឆ្នោត​បែក​ចែក​ពូ​ល​នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី​២១ ខែមេសា ឆ្នាំ​២០១៧ ​​នៅ​ស្នាក់ការ​កណ្ដាល​របស់​ស​ហ​ព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) ក្នុងប្រទេស​ម៉ាឡេស៊ី​។

​នៅក្នុង​ពូ​ល I នេះ​ក្រៅពី​ក្រុមយុវជន​អាយុ​ក្រោម​១៦​ឆ្នាំ របស​កម្ពុជា មាន​ក្រុមយុវជន​មកពី​ប្រទេស​ម៉ុង​ហ្គោ​លី​, អូស្ត្រាលី និង​វៀតណាម ហើយ​ការប្រកួត​គ្រោង​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៦ ដល់​២៤ ខែ កញ្ញា ឆ្នាំ ២០១៧ ដោយ​ប្រទេស​ម៉ុង​ហ្គោ​លី ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​។​

​សរុប​លទ្ធផល​នៃ​ការចាប់​ពូ​ល​ទាំង​១០​ផ្សេងគ្នា​មានដូចជា ពូ​ល A មាន​ក្រុម​អ៊ូ​ប៊ែ​គី​ស្ថាន​, អារ៉ាប់​ប៊ី​សា​អូឌីត​, ហ្សកដានី​, បា​រ៉ែ​ន​, ស្រីលង្កា ពូ​ល B មាន​អូ​ម៉​ង់​, តា​ហ្សី​គី​ស្ថាន​, ស៊ី​រី​, តួរ​មេ​នី​ស្ថាន​,​ម៉ា​ល់​ឌី​វ ពូ​ល C មាន អ៊ីរ៉ង់​, កៀ​ហ្ស៊ី​ស្ថាន​, អា​ហ្វ​ហ្គា​នី​ស្ថាន​, លី​ប៉ង់​, ប៊ូ​តាន ពូ​ល D អ៊ីរ៉ាក់​, ឥណ្ឌា​, ប៉ា​ឡេ​ស្ទី​ន​, នេ​ប៉ាល់ ពូ​ល E មាន អារ៉ាប់​រួម​, យ៉េ​ម៉ែន​, កាតារ​, បង់​ក្លា​ដេ​ស ពូ​ល F មាន​កូរ៉េខាងជើង​, ហុងកុង​, ឆាយ​នី​ស​តៃប៉ិ​, ម៉ា​កាវ​, ព្រុយ​ណេ ពូ​ល G មាន​ថៃ​, ឡាវ​, ទី​ម័​រ​ខាងកើត​, រី​អ៊ែន​ណា​ខាងជើង​, ឥណ្ឌូណេស៊ី ពូ​ល H មាន​កូរ៉េខាងត្បូង​, ចិន​, មី​យ៉ាន់​ម៉ា​, ហ្វីលីពីន ពូ​ល I មាន​វៀតណាម​, អូស្ត្រាលី​, ម៉ុង​ហ្គោ​លី និង​កម្ពុជា ចំពោះ​ពូ​ល​ចុងក្រោយ​គឺ​ពូ​ល J មាន​ជប៉ុន​, ម៉ាឡេស៊ី​, សិង្ហ​បុរី និង​ហ្គា​ម​។

​ការប្រកួត​នេះ​ធ្វើឡើង​នៅតាម​បណ្ដាល​ប្រទេស​ដែល​ទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​វគ្គ​ជម្រុះ​នេះ ប្រចាំ​ពូ​ល​នីមួយៗ​ដោយ​ក្រុម​កំពូល​តារាង​ប្រចាំ​ពូ​ល​ទាំង ១០ បូករួម​ជាមួយ​ក្រុម​លេខ ២ ដែល​ល្អ​ជាងគេ ចំនួន ៥ ក្រុម​បន្ថែមទៀត នឹងត្រូវ​ឡើងទៅ​ជុំ​ផ្ដាច់ព្រ័ត្រ​ដោយ​ស្វ័យប្រវត្តិ​។

​ក្រុម​អ៊ីរ៉ាក់ ជា​ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់ ខណៈ​ក្រុម​ចិន​, ជប៉ុន​, កូរ៉េខាងជើង​, អូ​ម៉​ង់​, អា​រ៉ា​ប៊ី​សា​អូឌីត និង​កូរ៉េខាងជើង ធ្លាប់​ឈ្នះ​ជើងឯក​ពានរង្វាន់​នេះ​បាន​ច្រើនជាងគេ​គឺ​បាន​២​លើក​ម្នាក់​គិត​តាំងពី​ពានរង្វាន់​នេះ​បង្កើតឡើង​ចាប់ពី​ឆ្នាំ ១៩៨៥​មក​។ ក្រុម​ដែល​ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទាំង​៤​ក្រុម​ទទួលបាន​កៅអី​ដោយ​ស្វ័យប្រវត្តិ​ឡើងទៅ​លេង​ក្នុង​វគ្គ​ចែក​ពូ​ល​ពានរង្វាន់ 2019 FIFA U-17 World Cup ខាងមុខ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684