ព័ត៍មានទាន់​ហេតុការណ៏
Search

ដេ​ន​នី ខ្វាន់ ប្រឈម​នឹង​ការ​ដាក់​ពិន័យ​​ ពីក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ ​រឿង​ស្លៀកពាក់​សិច​ស៊ី​

ភ្នំពេញ ​៖ ​អាច​និយាយ​បាន​ថា​ នេះ​ជា​រឿង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ និង​ រសើប​ថ្មី​មួយទៀត ​ខណៈ​ថ្មីៗ​នេះ​ប្រភព​បាន​បង្ហើប​មក​ថា​ តារា​សម្តែង​ស្រី​និយម​ស្លៀកពាក់​សិច​ស៊ី​សម្ញែង​សាច់​ខ្ចី​បែប​នារី​អឺរ៉ុប ​កញ្ញា ដេ​ន​នី ខ្វាន់ កំពុង​ប្រឈម​ការ​ព្រមាន​ និង​ដាក់​ពិន័យ​ជា​លើក​ទី​២​ ពី​សំណាក់​ក្រសួង​វប្បធម៌ ​និង វិចិត្រសិល្បៈ ​ចំពោះ​ទង្វើ​ផ្គើន​របស់​នាង​មិន​ខ្លាចចិត្ត​មហាជន។

ទន្ទឹមពេល​ជាមួយគ្នានេះដែរ​ បើ​យោងតាមលិខិតអញ្ជើញ​របស់​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ ​ដែល​បាន​ផ្ញើជូន​ខាង​សមាគម​សិល្បករ​ស្ម័គ្រចិត្ត​ជួយ​សង្គម ​ដើម្បី​ចូលរួម​ប្រជុំ​ពិភាក្សា​លើ​ករណី​ខាង​លើ​នេះ ​បានលើកឡើង​ថា សូម​អញ្ជើញ​ប្រធាន​សមាគម​សិល្បករ​ស្ម័គ្រចិត្ត​ជួយ​សង្គម​ ចូលរួម​ប្រជុំ​ពិនិត្យ​លើ​ស្ថាន​កំហុស​ ដើម្បី​ដាក់ពិន័យ​ចំពោះ​កញ្ញា ដេ​ន​នី ខ្វាន់ និង​ពិភាក្សា​លើ​បណ្តា​យន្តការ​ ដើម្បី​ធានា​ដល់​ប្រសិទ្ធភាព​ក្នុងការ​ដាក់ពិន័យ ចំពោះ​អ្នកសិល្បៈ​ដែល​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ទំនៀមទម្លាប់​ប្រពៃណីជាតិ​។

ប្រភព​ដដែល​នេះ​បាន​បន្ថែមទៀតថា​ កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្រោយ​វត្តមាន​របស់​លោក ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៧ ​វេលា​ម៉ោង ៩និង​០០នាទី​ព្រឹក​។

ជុំវិញ​ករណី​ខាងលើ​នេះដែរ​ កម្ពុ​ជាថ្មី​នា​រសៀល​ថ្ងៃទី​២១ ខែមេសា​ ឆ្នាំ​២០១៧​នេះ ​នៅ​មិនទាន់​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បន្ថែម​ពី​សំណាក់​លោក ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ បាន​នៅឡើយ​ទេ​។ ​ខណៈ​តារា​សម្តែង​ស្រី​ កញ្ញា ដេ​ន​នី ខ្វាន់ បានបញ្ជាក់​ប្រាប់​កម្ពុជា​ថ្មី​ តាម​សារ​អេឡិចត្រូនិក​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ថា ចាស បង​!​ខ្ញុំ​អត់​មាន​ដឹង​រឿង​ហ្នឹង​ទេ​។ ​ខ្ញុំ​អត់​គិត​ម៉េច​ទេ​ គឺ​ធម្មតា​ ចំណែក​លិខិត​អី​នោះ ​គឺ​ខ្ញុំ​អត់​ដឹង​ទេ​បង​ ព្រោះ​អត់​បានទទួល​ទេ​។

សូម​ជម្រាប​ថា លិខិត​របស់​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ខាង​លើ​នេះ ​បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ការ​រិះគន់​ជាច្រើន​នៅតែ​បន្ត​បាញ់​ចាក់​ស្រោច​យ៉ាង​គំហុក ​លើ​តារា​ស្រី​សិច​ស៊ី​នាង ដេ​ន​នី ខ្វាន់ ជុំវិញ​ការ​ស្លៀកពាក់​សិច​ស៊ី​ ដែល​អាច​ចាត់ទុកថា​ជា​ទង្វើ​ផ្គើន​មហាជន ​និង​សិល្បករ​ខ្មែរ​មួយ​ចំនួន​ ដែល​បាន​រិះគន់​លើ​នាង ​រហូត​មានការ​ស្នើ​ដល់​ក្រសួង​វប្បធម៌​ឲ្យ​មាន​វិធានការ​កោះហៅ​នាង​ទៅ​ព្រមាន​ និង​ដាក់​ពិន័យ​ជាថ្មី​ ដើម្បី​ឲ្យ​តារា​ផ្សេងៗ​ឈប់​យក​គំរូ​តារា ដេ​ន​នី ខ្វាន់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684