ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ការងារ ​៖ ការ​បង្កើត​ច្បាប់​ប្រាក់​ឈ្នួល​ថ្មី មិន​ប៉ះពាល់​ដល់​ការ​បញ្ជាទិញ​ពី​ខាងក្រៅ​ប្រទេស​ឡើយ

ភ្នំពេញ ​៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អះអាង​ថា ច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​នេះ មិន​ប៉ះពាល់​ដល់​ការ​បញ្ជាទិញ ផលិតផល​ពី​កម្ពុជា​ឡើយ ទោះ​ប្រាក់​ឈ្នួល​នៅ​កម្ពុជា ខ្ពស់​ជាង​ប្រទេស​មួយចំនួន​ក្នុង​តំបន់​ក៏ដោយ។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​បែបនេះ​នៅ​ខាងក្រៅ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្ដីពី «​សេចក្តីព្រាង​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​»​ កាលពី​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៧ ​នៅ​សណ្ឋាគារ​ភ្នំពេញ។

លោក​ អ៊ិត ​សំហេង​ បាន​ឲ្យ​ដឹង​ទៀត​ថា គិត​ចាប់ពី​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​២០១៧ រាជរដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា និង​អត្ថប្រយោជន៍​ផ្សេងៗ​របស់​កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង បាន​ចំនួន​១៣​លើក ដោយ​កើន​ពី ៣០​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​១៩៩៧ ដល់ ១៥៣​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៧​។ ដោយ​បូក​រួម​ទាំង​ប្រាក់​រង្វាន់​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ និង​ប្រាក់​អតីតភាព​កម្មករ​និយោជិត​ម្នាក់ៗ​ ទទួល​បាន​ប្រាក់​ឈ្នួល​ចាប់ពី ១៧០​ដុល្លារ​អាមេរិក ទៅ ១៨១​ដុល្លារ អាមេរិក ក្នុង​ឆ្នាំ​២០១៧ នេះ។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា បើ​គិត​ត្រឹម​ថ្ងៃ​០១ ខែមករា ឆ្នាំ​២០១៧ ប្រទេស​កម្ពុ​ជា​មាន​ប្រាក់​ឈ្នួល​អប្បបរមា​ខ្ពស់​ជាង​ប្រទេស​នាំចេញ​ផលិតផល​កាត់ដេរ និង​ផលិត​ស្បែកជើង ដែល​ជា​ដៃគូ​ប្រកួតប្រជែង​របស់​យើង​ក្នុង​វិស័យ​នេះ​មួយ​ចំនួន​ដូចជា ប្រទេស​បង់​ក្លា​ដេ​ស ស្រីលង្កា ឥណ្ឌា មីយ៉ាន់​ម៉ា ប៉ា​គី​ស្ថាន ឡាវ តំបន់​មួយ​ចំនួន​នៃ​ប្រទេស​ឥណ្ឌូនេស៊ី និង​ខ្ពស់ជាង​តំបន់​ទី​២ ទី​៣ និង​ទី​៤ នៃ​ប្រទេស​វៀតណាម ផងដែរ។

យ៉ាងណាក៏ដោយ​លោក​ឧកញ៉ា ណា​ង សុធី តំណាង​សមាគម​និយោជក​បាន​បញ្ជាក់​ដែរ​ថា ច្បាប់​ថ្មី​នេះ មិន​ប៉ះពាល់​ដល់​ការ​បញ្ជា​ទិញ ពី​អន្តរជាតិ​ជាតិ​ឡើយ ព្រោះ​ថ្លៃ​លក់ទំនិញ​មួយ មិនមែន​អាស្រ័យ​តែ​ទៅលើ​ថ្លៃ​កម្លាំង​ពលកម្ម​តែមួយ​មុខ​នោះ​ទេ​។

លោក​ឧកញ៉ា​បាន​បន្ត​ថា​ តម្លៃ​ផលិតកម្ម​មួយ មិនមែន​គិតតែ​ទៅលើ​តម្លៃ​ប្រាក់​ឈ្នួល​តែមួយ​មុខ​ទេ គឺ​គិត​ទៅលើ​វត្ថុធាតុដើម លើ​ការ​ដឹកជញ្ជូន សព្វបែបយ៉ាង​ថែមទៀត​, ទំនិញ​ក៏​មិនមែន​ផលិត​ក្នុងតម្លៃ​មួយ​ប្រភេទ​ដែរ វា​មាន​តម្លៃ​ថោក តម្លៃ​មធ្យម និង​តម្លៃ​ខ្ពស់ បើ​តម្លៃ​ពលកម្ម​ខ្ពស់​បន្តិច វិនិយោគិន​នឹង​ពិចារណា​ថា ត្រូវ​ផលិត​អី គុណភាព​អី បរិ​មាណអី ដើម្បី​ទៅ​ប្រកួតប្រជែង​នៅ​ទីផ្សារ​។

លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា «​ការកំណត់​ប្រាក់​ឈ្នួល​នេះ​មានការ​ចូលរួម​ពី​គ្រប់​រួមមាន​ភាគី មាន​ទាំង​ខាង​សហជីព និយោជក និង​រាជរដ្ឋាភិបាល ហើយ​និយោជក គឺជា​អ្នក​គិតគូរ​ទៅដល់​កត្តា​សេដ្ឋកិច្ច ថា​តើ​ប៉ុន្មាន​ដែល​យើង​អាច​ដំឡើង​បាន ហើយ​មាន​ផលប្រយោជន៍​ទៅដល់​កម្មករ បង្កើន​ផលិតភាព និង​ធានាបាន​ការបញ្ជាទិញ ហ្នឹង​ជា​យន្តការ​ក្នុង​ការធានា​»។

គួរ​បញ្ជាក់​ថា នៅ​អំឡុង​ខែមករា ដល់​ខែមីនា ឆ្នាំ​២០១៦ កម្ពុជា​បាន​នាំចេញ​សំលៀកបំពាក់ និង​ស្បែកជើង គិត​ជា​ទឹកប្រាក់​សរុប ១.៥៥​ពាន់​លាន​ដុល្លារ​អាមេរិក កើន​ឡើង​១៣​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំមុន មាន​ត្រឹមតែ​១.៣៧​ពាន់​លាន​ដុល្លារ​អាមេរិក៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684