Connect with us

ព័ត៌មានជាតិ

រដ្ឋសភា គាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាល ដែលជួយដល់ពលរដ្ឋកម្ពុជា កំពុងរស់នៅប្រទេសអ៊ីស្រាអែល

បានផុស

នៅ

រដ្ឋសភា នៃព្រះរាជាណាក្រកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយបានគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ដែលបានចាត់វិធានការបន្ទាន់ ដើម្បីជួយដល់ពលរដ្ឋ និងនិស្សិតកម្ពុជា ដែលកំពុងរស់នៅ និងសិក្សានៅប្រទេសអ៊ីស្រាអែល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៣នេះ រដ្ឋសភា នៃព្រះរាជាណាក្រកម្ពុជា បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់វិធានការបន្ទាន់ ដើម្បីជួយដល់ពលរដ្ឋនិងនិស្សិតកម្ពុជា ដែលកំពុងរស់នៅ និងសិក្សានៅប្រទេសអ៊ីស្រាអែល។

រដ្ឋសភា បានលើកឡើងថា ព្រឹត្តិការណ៍ថ្មីៗដែលមានការប្រយុទ្ធគ្នា រវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅតំបន់ហ្កាហ្សា ដែលបានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ បានបណ្ដាលឲ្យមានអ្នករងរបួស និងស្លាប់ទាំងសងខាងជាច្រើននាក់ ហើយសភាពការណ៍នាពេលនេះ កាន់តែមានភាពតានតឹងថែមទៀត។

រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាអ្នកតំណាងប្រជាពលរដ្ឋកម្ពុជាទាំងមូល បានសម្តែងនូវក្តីព្រួយបារម្ភយ៉ាងខ្លាំង និងខិតខំតាមដានយ៉ាងយកចិត្តទុកដាក់ លើការវិវត្តនៃព្រឹត្តិការណ៍វាយប្រហារ ក្នុងប្រទេសអ៊ីស្រាអែលនេះ ជាពិសេសសុវត្ថិភាពប្រជាពលរដ្ឋ និងនិស្សិតកម្ពុជា ដែលកំពុងរស់នៅ និងសិក្សាទីនោះប្រមាណ ៤៥០នាក់។

រដ្ឋសភាកម្ពុជា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ រួមទាំងនិស្សិតដែលកំពុងស្នាក់ និងសិក្សានៅ ក្នុងប្រទេសអ៊ីស្រាអែល សូមស្តាប់ឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំ របស់អាជ្ញាធរអ៊ីស្រាអែល និងក្រសួងការបរទេសរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីរក្សាសុវត្ថិភាពរបស់ខ្លួន។

ជាមួយគ្នានេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក៏បានសម្ដែងនូវការសោកស្តាយ និងចូលរួមរំលែកនូវមរណទុក្ខ ប្រកបដោយក្តីសង្វេគជាមួយក្រុមគ្រួសារ របស់លោក ចាន់ ឧត្តម ដែលជានិស្សិតកំពុងសិក្សានៅប្រទេសអ៊ីស្រាអែល និងដែលបានបាត់បង់ជីវិតនៅក្នុងព្រឹត្តិការណ៍ខាងលើ។ នេះជាការបាត់បង់នូវធនធានមនុស្សមួយរូប ដ៏គួរឲ្យសោកស្ដាយជាទីបំផុត៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម