ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន​ ថ្វាយ​អំណរ​ព្រះ​គុណ​ដល់​ព្រះករុណា​ព្រះបាទ​ព្រះបរមនាថ នរោត្តម សីហមុនី

ភ្នំពេញ ៖ នៅ​ក្នុង​សារលិខិត​ថ្វាយ​អំណរ​ព្រះ​គុណ​ដល់​ព្រះករុណា ​ព្រះបាទ​ព្រះ​បរមនាថ នរោត្តម សីហមុនី​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន​ បាន​សរសេរ​ថា ខ្ញុំម្ចាស់ ព្រមទាំង​សហការី​ទាំងអស់ នៃ​កាកបាទក្រហមកម្ពុជា មាន​សេចក្តី​រីករាយ​ឥតឧបមា ដោយ​បាន​ទទួល​នូវ​ព្រះរាជ​ទ្រព្យ ចំនួន​១​ពាន់​ដុល្លារ​អាមេរិក របស់​ព្រះករុណា​ជា​អង្គ​ម្ចាស់​ជីវិតលើត្បូង ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះ​រាជូបត្ថម្ភ ចំពោះ​កាកបាទ​ក្រហមកម្ពុជា សម្រាប់​ខែមេសា​ ឆ្នាំ​២០១៧ តាមរយៈ​សម្តេច ចៅ​ហ្វា​វាំង គង់​សំអុល ឧបនាយក​រដ្ឋ​មន្ត្រី​ និង ​ជា​រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង។

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​សរសេរ​ទូល​ថ្វាយ​ទៀត​ថា ក្នុងនាម​ថ្នាក់ដឹកនាំ​សមាជិក​សមាជិកា មន្ត្រី​និង​បុគ្គលិក​ទាំង​អស់​នៃ​កាកបាទក្រហម​កម្ពុជា ខ្ញុំម្ចាស់​សូម​ព្រះ​ជានុញ្ញាត​ដ៏​ខ្ពង់ខ្ពស់ ក្រាបបង្គំ​ទូលថ្វាយ​អំណរ​ព្រះរាជ​គុណ ដ៏​ជ្រាវជ្រៅ​បំផុត​ចំពោះ​ព្រះករុណា​ជា​ម្ចាស់ជីវិតលើត្បូង​ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​តែងតែ​ប្រោស​ព្រះរាជទាន​ព្រះរាជ​ទ្រព្យ​ដើម្បី​ទ្រទ្រង់ សកម្មភាព​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា សម្រាប់​ជួយសង្គ្រោះ​ប្រជារាស្ត្រ​ក្រីក្រ​កម្ពុជា ទទួលរង​គ្រោះ​ដោយ​គ្រោះ​មហន្តរាយ​ផ្សេងៗ។

នៅ​ក្នុង​សារលិខិត​ថ្វាយ​អំណរ​ព្រះ​គុណ ចុង​បញ្ចប់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏បាន បួងសួង​គុណបុណ្យ​ព្រះ​រតនត្រ័យ តេជៈ​បារមី​នៃ​វត្ថុ​ស័ក្ដិសិទ្ធិ​នានា​ក្នុង​លោក ព្រះ​បារមី​ទេវតា​ថែរក្សា​ព្រះមហា​ស្វេតច្ឆត្រ និង​ព្រះ​បារមី​នៃ​ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះមហាក្សត្រ ព្រះមហាក្សត្រី​យា​នី​ខ្មែរ​គ្រប់​ព្រះអង្គ សូម​មេត្តា​ប្រោស​ប្រទាន​ព្រះ​ពរជ័យ​បវរ​មហាប្រសើ​ថ្វាយ​ចំពោះ​ព្រះករុណា​ជា​អង្គ​ម្ចាស់​ជីវិត​លើត្បូង​ជាទី​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត សូម​ព្រះអង្គ​ប្រកប​ព្រះ​បរមសុខ​គ្រប់ប្រការ​គង់​ប្រថាប់ ក្នុង​ព្រះ​មហា​សិរី​រាជសម្បត្តិ ជា​ម្លប់​ដ៏​ត្រជាក់ត្រជំ​ សម្រាប់​ប្រជារាស្ត្រ​កម្ពុជា​ជ្រកកោន ត​រៀង​ទៅ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114