ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា​បាន​និង​កំពុង​ប្រឈម ក្នុង​ការ​នាំ​អង្ករ​ចេញទៅ​កាន់​ទីផ្សារ​អឺរ៉ុប

ភ្នំពេញ ៖ ថ្នាក់​ដឹក​ជាន់ខ្ពស់​អគ្គនាយកដ្ឋាន​កសិកម្ម បាន​ថ្លែង​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ការ​នាំ​អង្ករ​ចេញពី​កម្ពុជា ទៅកាន់​ទីផ្សារ​អឺរ៉ុប គឺ​កម្ពុជា​កំពុង​ជួប​នឹង​បញ្ហា អំពី​គុណភាព​នៃ​ការនាំចេញ​អង្ករ ដែល​អាច​នឹងធ្វើ​ឲ្យ​មាន​ផលប៉ះពាល​ដល់​ការនាំ​អង្ករ​ចេញ ក្នុងស្រុក។

នេះ​ជា​ការ​លើកឡើង​របស់​លោក​ហ៊ាន វណ្ណ​ហ៊​ន ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ថ្លែង​លើកឡើង ក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ ស្តីអំពី​ការ​លើកកម្ពស់​សុវត្ថិភាព​បន្លែ សម្រាប់​ទីផ្សារ​នៅក្នុង ប្រទេស​កម្ពុជា ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​វី នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៧។

លោក​បាន​ថ្លែង​ថា ពាក់ព័ន្ធ​នឹង​ការ​នាំ អង្ករ​ចេញទៅ​កាន់​ទីផ្សារ​បរទេស នៅក្នុង​ឆ្នាំ​២០១៦​កន្លងមកនេះ កម្ពុជា​បាន​នាំ​អង្ករ​ចេញ​សរុប​ប្រមាណ​៥៤​ម៉ឺន​តោន ក្នុង​នោះបាន​នាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​មាន​ចំនួន​៦៣% ដែល​បានចាត់ទុក​ទីផ្សារ​ដ៏​ធំ​មួយ​របស់​កម្ពុជា។

លោក អគ្គនាយក បាន​បន្ត​ថា ជុំវិញ​ការ​នាំ​អង្ករ​ចេញទៅ​អឺរ៉ុប​នេះ បច្ចុប្បន្ន​អគ្គនាយកដ្ឋាន​កសិកម្ម​កំពុង​ជួប បញ្ហា​ជាមួយ​ទីផ្សារ​អឺរ៉ុប អំពី​គុណភាព​នៃ​ការនាំ​អង្ករ​ចេញ។ លោក​បន្តថា ដើម្បី​ជំរុញ​ការនាំ​អង្ករ​ចេញ​ប្រកបដោយ​ប្រសិទ្ធភាព អគ្គនាយកដ្ឋាន​នឹងមាន​ផែន​ចុះ​ត្រួតពិនិត្យ​គ្រប់ៗ​ឃ្លាំង ដែល​កំពុង​ស្តុក​ទុក​ក្នុងប្រទេស​យើង​ទាំងអស់ ដើម្បី​យក​សំណាក មក​ពិនិត្យ និង​ធ្វើការ​វាយតម្លៃ មុននឹង​អនុញ្ញាត​ឲ្យ​ឃ្លាំង​នោះ​នាំ​អង្ករ​ចេញ បើ​សិន​យើង​គ្មាន​វិធានការ​បែបនេះ​នោះ​ទេ កម្ពុជា​នឹង​អាច​ជួប​ផលប៉ះពាល​ដល់​ការនាំ​អង្ករ​ចេញ​ក្នុងស្រុក​ផងដែរ។

ពាក់ព័ន្ធ​នឹង​ការ​នាំ​អង្ករ​ចេញទៅ​កាន់​ទីផ្សារ​បរទេស​នេះ សម្រាប់​គោលនយោបាយ​នាំចេញ​អង្ករ របស់​រាជរដ្ឋាភិបាល​កម្ពុជា ធ្វើ​យ៉ាង​ណា​ជំរុញ​ការនាំ​ឲ្យ​បាន​១​លាន​តោន​ក្នុង​មួយឆ្នាំៗ​។

ទាក់ទិន​នឹង​ការ​នាំ​អង្ករ​ចេញ របស់​រាជរដ្ឋាភិបាល​នេះ ក្រុមហ៊ុន​អេង ឌី ប៉ូ អភិវឌ្ឍន៍ ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅក្នុង​ស្រុក ក៏បាន ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍ «​តំបន់​មួយ ពូជ​មួយ​» ដើម្បី​ជួយ​សម្រួល​ដល់​ការនាំ​អង្ករ​ចេញ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114