ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​ចិន​២​នាក់ ​ប្រុង​នាំ​នារី​ខ្មែរ​៣​នាក់​ឆ្លងដែន​ដោយ​ខុសច្បាប់​ ត្រូវ​បង្ក្រាប​ទាន់​ពេល

ភ្នំពេញ​ ៖​ ​ ជនជាតិ​ចិន​២​នាក់​ រួម​និង​ស្រី្ត​ខ្មែរ​៣​នាក់​ទៀត​ ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចុះបង្ក្រាប ​និង​ឃាត់ខ្លួន​ទាន់ពេល​ ខណៈដែល​ជនជាតិ​ចិន​ប្រុង​នាំ​នារី​ជនជាតិខ្មែរ​ទាំងនោះ ​ឆ្លងដែន​ដោយ​ខុសច្បាប់។

ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករ​ណី​ជួញដូរ​មនុស្ស​ដោយ​ខុសច្បាប់​ខាង​លើ​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៣ និង​៣៥​នាទី​រសៀល​ ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះសំណាក់​យីហោ​វ៉ាស៊ីន​តោន ដែល​មាន​ទីតាំង​លេខ​២AE0 តាម​បណ្ដោយ​ផ្លូវ​១១៨ ភូមិ​៩ សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌ​ដូនពេញ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នោះ​ ទី​១.​ ឈ្មោះ ​SHI FASONG ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​ជន​ជាតិ​ចិន កាន់​លិខិតឆ្លងដែន​(​ចិន​)​ លេខ​E៨៩៩២៤៧៤៦, ទី​២. ​ឈ្មោះ​ ZHANG ZHANDAO ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​ជន​ជាតិ​ចិន កាន់​លិខិតឆ្លងដែន​(​ចិន​)​លេខ​E៩០០៣៧៥១០។

ចំណែក​ឯ​នារី​រងគ្រោះ​ ទី​១.​ ឈ្មោះ ម៉ន ផាន់​ណា អាយុ​២៧​ឆ្នាំ, ទី​២​.ឈ្មោះ ​ជន សាន អាយុ​២៨​ឆ្នាំ, ទី​៣.​ ឈ្មោះ​ នួន ស៊ី​ម៉ី អាយុ​២៤​ឆ្នាំ អ្នក​៣​មាន​ស្រុកកំណើត​នៅ​ភូមិ​-​ឃុំបាត់​ដាវ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ។​

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា បន្ទាប់ពី​កម្លាំង​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ​ដឹង​ថា ជនជាតិ​ចិន​ទាំង​២​នាក់​នេះ បាន​រៀបចំ​ធ្វើ​សកម្មភាព​ប្រុង​នាំ​នារី​រងគ្រោះ​ទាំង​៣​នាក់​ខាងលើ ដើម្បី​លួច​នាំ​ឆ្លងដែន​ទៅ​ប្រទេស​ចិន​ដោយ​ខុសច្បាប់​នោះ ដូច្នេះ​ហើយ​ទើប​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចុះបង្ក្រាប​ទាន់ពេលវេលា​ជាក់ស្ដែង​តែម្តង។

ក្រោយ​ប្រតិបត្តិការ​ជនសង្ស័យ​ និង​នារី​រងគ្រោះ ត្រូវ​បាន​កម្លាំង​ឃាត់ខ្លួន​បញ្ជូន​ទៅ​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114