Connect with us

ព័ត៌មានជាតិ

និស្សិតខ្មែរនៅអ៊ីស្រាអែលបានទៅដល់ទីតាំងសុវត្ថិភាព តែជួបបញ្ហាពងបែកពេញមាត់

បានផុស

នៅ

និស្សិត ស៊ុំ ភិរុណ ជាអ្នកដឹកនាំ នៅកសិដ្ឋាន kibutz carmia Dairy នៅប្រទេសអ៊ីស្រាអែល បានឱ្យ “កម្ពុជាថ្មី” ដឹងនៅ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នេះថា ក្រោយពេលមានហេតុការណ៍ប្រយុទ្ធគ្នារវាង​កងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅពេលនេះក្រុមនិស្សិតកម្ពុជារបស់លោក បានមកដល់ទីតាំងសុវត្ថិភាព ប៉ុន្តែឥឡូវលោកមានបញ្ហាពិបាក និយាយអត់ចេញ ដោយសាររលាកបំពង់ក មានពងបែកពេញមាត់ និងអណ្ដាតពេញ ព្រោះអត់ទឹក ហើយក្ដៅ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុំ ភិរុណ បានឱ្យដឹងថា ពួកលោកបានជាប់តាំងពីថ្ងៃទី៧ ខែតុលា គឺពេលសង្គ្រាមផ្ទុះដំបូង ហើយបានរត់ទៅផ្ទះ និងពួននៅក្នុងផ្ទះរហូតដល់ថ្ងៃនេះ លុះខ្ទង់ម៉ោង ១០ព្រឹក នៅអ៊ីស្រាអ៊ែល គឺមានគេគោះទ្វារ។

រូបភាពកសិដ្ឋាន ពេលផ្ទុះសង្គ្រាម

លោក ស៊ុំ ភិរុណ បានឱ្យដឹងបន្តថា៖ “ខ្ញុំបានទាក់ទងទៅម្ចាស់កសិដ្ឋាន ទើបម្ចាស់កសិដ្ឋាន ទាក់ទងទៅអ្នកសម្របសម្រួលពួកខ្ញុំ ឱ្យបញ្ជូនទៅទីសុវត្ថិភាព ព្រោះគាត់ថា ពួកខ្ញុំក៏អត់មានសុវត្ថិភាព ពេលហ្នឹងខាងអ្នកសម្របសម្រួលបានខលមកឱ្យរៀបចំអ៊ីវ៉ាន់ ពួកគាត់នឹងមកជម្លៀសពួកខ្ញុំ ហើយក៏បានពួកទាហ៊ានអ៊ីស្រាអ៊ែលជួយសម្រួលផ្លូវ។ ចំពោះម្ហូបបាយ លុយកាក់ គឺអត់មានទេ”។

រូបភាពនៅកសិដ្ឋាន មុនផ្ទុះសង្គ្រាម

លោក ស៊ុំ ភិរុណ បានបង្ហាញថា ពេលសង្គ្រាមផ្ទុះ មានគ្រាប់ធ្លាក់ដូចស្រោចទឹកភ្លៀង ពួកលោកអត់មានព្រលឹងក្នុងខ្លួនទេ ហើយមិនគិតថា មានជីវិតរស់រានឡើយ ដោយសារគ្រាប់ធ្លាក់ពេញមេឃ គ្រប់កន្លែង។ សង្គ្រាមបាញ់រហូតគ្មានពេលសម្រាក ហើយគ្រាប់ប្លោងធ្លាក់គ្រប់ពេល ព្រោះនៅជាប់ព្រំដែន ខណៈអគាររលំ រថយន្តឆេះ សត្វ និងមនុស្សស្លាប់តាមផ្លូវគួរឱ្យរន្ធត់ និងសង្វេគ។

រូបភាពនៅកសិដ្ឋាន មុនសង្គ្រាម

លោក ស៊ុំ ភិរុណ បានឱ្យដឹងបន្តថា៖ “ឥឡូវ ពួកយើងបានមកដល់កន្លែងមានសុវត្ថិភាព សូមអរគុណរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធដែលបានជួយសម្របសម្រួល និងអរគុណរដ្ឋាភិបាលអ៊ីស្រាអ៊ែល និងអ្នកសម្របសម្រលរបស់ពូកខ្ញុំ។
ពួកខ្ញុំជានិស្សិតហាត់ការ និងមករៀនកសិកម្មនៅអ៊ីស្រាអ៊ែល គឺដើម្បីចង់ទទួលចំណេះដឹងទាក់ទង់បច្ចេកទេសកសិកម្មប្រទេសគេមកអភិវឌ្ឍនៅប្រទេសយើងវិញ ប៉ុន្តែជាអកុសលជួបហេតុការណ៍នេះ”។

លោក ស៊ុំ ភិរុណ លើកឡើងបន្តថា៖ “នៅពេលជម្លៀសនិស្សិតយើងអស់ហើយ ខ្ញុំសូមសំណូមពរដល់រាជរដ្ឋាភិបាល ជាពិសេស សម្ដេច ហ៊ុន ម៉ាណែត ជួយសម្រួលយកនិស្សិតយើងទៅមាតុភូមិវិញ ព្រោះពួកខ្ញុំរៀនក៏លែងចូល ធ្វើការក៏លែងបាន ដោយសារស្ថេរភាពសង្គមរបស់គេលែងមានស្ថិតស្ថេរហើយ ព្រោះសង្គមក្នុងសង្គ្រាម គឺរស់នៅអត់សុខសាន្តទេ មានតែភាពទុក្ខព្រួយក្ដីបារម្ភ ព្រោះពួកខ្ញុំធ្លាប់រស់នៅក្នុងម្លប់សន្តិភាព​ មិនធ្លាប់មានសង្រ្គាមពីមុនមក”។

តាមរយៈសារជាសំឡេង នៅរសៀលថ្ងៃទី១០ ខែតុលានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយគ្រួសារសពរបស់និស្សិតកម្ពុជាម្នាក់ ឈ្មោះ ចាន់ ឧត្ដម ដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍សង្គ្រាមនេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៅកាន់ជនរួមជាតិ ពិសេសប្រជាពលរដ្ឋខ្មែរកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល និងក្រុមគ្រួសាររបស់ពួកគេថា សុវត្ថិភាពរបស់ប្រជាពលរដ្ឋ ជាពិសេសនិស្សិតខ្មែរ ដែលកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។​ រាជរដ្ឋាភិបាល បានតាមដានរាល់សភាពការណ៍ទាំងអស់ ទាំងយប់ទាំងថ្ងៃ ចាប់តាំងពីហេតុការណ៍ផ្ទុះឡើង នៅប្រទេសអ៊ីស្រាអែល នាប៉ុន្មានថ្ងៃមកនេះ​ បានខិតខំធ្វើយ៉ាងណាធានាសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ពិសេសនិស្សិតខ្មែរកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល។

នៅក្នុងពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ា-ថតខ្សែភាពយន្តភាគ រឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី នៅល្ងាចម្សិលមិញ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា​ បានប្រកាស ប្រសិនបើក្នុងករណីដែលអ៊ីស្រាអែល តម្រូវឱ្យកម្ពុជាជម្លៀសនិស្សិត​​ និងពលរដ្ឋជាង ៤០០ នាក់ចេញពីអ៊ីស្រាអែលក្នុងថ្ងៃណាមួយ គឺកម្ពុជាមិនខ្លាចនឹងចំណាយថវិកាជួលយន្តហោះពិសេស ដើម្បីទៅដឹកនិស្សិត និងពលរដ្ឋទាំងនោះឡើយ។

ជាការកត់សម្គាល់ មកទល់ពេលនេះ រដ្ឋាភិបាលអ៊ីស្រាអែលមិនទាន់បានប្រកាសឱ្យជនបរទេស រួមទាំងក​ម្ពុជាដែលរស់នៅប្រទេសអ៊ីស្រាអែល ចាកចេញពីទឹកដីខ្លួននៅឡើយទេ បើទោះបីជាអ៊ីស្រាអែកំពុងប្រយុទ្ធគ្នាយ៉ាងក្ដៅគគុកជាមួយក្រុមហាម៉ាស់។ បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាលទ្ធផល គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣​ នេះ គឺរាជរដ្ឋាភិបាលកម្ពុជា កំណត់ និងទាក់ទងបានទាំងអស់ នូវប្រជាជន និងនិស្សិតខ្មែរកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែលចំនួន ៤៥៤នាក់។ ក្នុងចំណោមនោះ មានប្រជាជន និងនិស្សិតខ្មែរចំនួន ៣២៣នាក់ ត្រូវបានចល័តទៅទីតាំងមានសុវត្ថិភាព និង ១៣១នាក់ នៅទីតាំងដែលមានហានិភ័យនៅឡើយ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ១ ម៉ោង មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

ចរាចរណ៍៤ ម៉ោង មុន

Update៖ ករណីគ្រោះថ្នាក់រថភ្លើងបុករថយន្ដដឹកអ្នកដំណើររបួសសរុប៤៦នាក់ ក្នុងនោះមានតៃកុងរថភ្លើងម្នាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កាណាដា ប្ដឹងក្រុមហ៊ុន Meta, Snapchat និង TikTok ពីបទរំខានការ​សិក្សារបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម