Connect with us

ព័ត៌មានជាតិ

ការពារព្រៃឈើជាង ២០ ឆ្នាំ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ច្រាន​ចោល​​​​គម្រោង​រេដបូក​​ជួរ​ភ្នំ​ក្រវាញ​អនុវត្ត​គ្មាន​ការយល់ព្រម​ពី​​សហគមន៍មូលដ្ឋាន

បានផុស

នៅ

អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ​បាន​ច្រាន​ចោល​ការ​លើក​ឡើង​ដែល​ថា ការអនុវត្ត​គម្រោង​រេដបូក​ជួរ​ភ្នំក្រវាញ​ខាង​ត្បូង គ្មានការយល់ព្រមពីជនជាតិដើមភាគតិច​និងសហគមន៍មូលដ្ឋាន។

អង្គការ​ដែល​ធ្វើការ​លើ​កិច្ច​ចូលរួម​ការពារ​ព្រៃឈើដោយ​មាន​ការ​គាំទ្រ​ពី​ក្រសួង​បរិស្ថាន​បាន​លើក​ឡើង​ថា អង្គការ​សម្ព័ន្ធ​មិត្ត​​សត្វព្រៃ​ បាន​ធ្វើការ​ក្នុង​តំបន់ព្រៃរង​ទឹកភ្លៀង​ជួរភ្នំ​ក្រវាញ​ចាប់តាំង​ពី​ឆ្នាំ ២០០០ មក​ម្ល៉េះ។ ចន្លោះ​ពី​ឆ្នាំ ២០០៣ ដល់​ឆ្នាំ ២០១២ អង្គការ​បាន​ជួយ​សម្រួល​ដល់​ដំណើរការ​នៃ​ការ​ធ្វើ​ផែនការ​ប្រើប្រាស់​ដីធ្លី​ដោយ​មាន​ការចូលរួម​ក្នុង​ឃុំ​ចំនួន ១៤ ស្ថិត​នៅ​តំបន់​ជួរ​ភ្នំក្រវាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរការ​នៃការ​ធ្វើផែនការ​ប្រើប្រាស់​ដីធ្លី​ដោយ​មាន​ការចូលរួម​ដែល​បច្ចុប្បន្ន​ហៅថា «ដំណើរការ​ដើម្បី​ទទួល​បាន​កិច្ចព្រម​ព្រៀង​ដោយ​សេរី​ជាមុន​និង​មាន​ព័ត៌មានគ្រប់គ្រាន់» នៅ​អំឡុង​ពេលនោះ ដំណើរការ​នៅ​មិនទាន់​មាន​ជាផ្លូវការ​នៅ​ឡើយ។ ទន្ទឹម​នេះគម្រោង​រេដបូក​ជួរភ្នំក្រវាញ​ខាងត្បូង​ក៏​មិន​ទាន់​បាន​ចាប់ផ្តើម​នៅឡើយ​ដែរ។

ដំណើរការនៃការធ្វើផែនការ​ប្រើប្រាស់​ដីធ្លី​ដោយមានការចូលរួម​ទាំងមូល ត្រូវបាន​ធ្វើឡើងដោយ​មានការពិគ្រោះយោបល់​និងមានការយល់ព្រមយ៉ាងពេញលេញ ពី​ជនជាតិ​ដើមភាគតិច​និងពីសហគមន៍មូលដ្ឋានក្នុងឃុំចំនួន ១៤ ។

​ចាប់ពី​ឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៦ អង្គការ​សម្ព័ន្ធមិត្តសត្វព្រៃ​បានជួយ​សម្រួលដល់​ការវាស់វែងក្បាល​ដីឯកជន​ចំនួន ១២ ២៤៨ កន្លែង ដែលអនុវត្តតាមបទបញ្ជាលេខ ០១បប រួមជាមួយ​នឹងក្រសួង​រៀបចំដែនដី។

ជាលទ្ធផលវិញ្ញាបនបត្រ​សម្គាល់ម្ចាស់​អចលនវត្ថុចំនួន ៤ ៩៩៩ ប័ណ្ណ​ត្រូវបាន​ចេញ​ជូន គិត​ត្រឹម​ខែ​មិថុនា ឆ្នាំ២០២៣។ វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុនៅសល់​ចំនួន ៧ ២៤៩ ប័ណ្ណ​ទៀត​ត្រូវ​បាន​រំពឹង​ថានឹងចេញជូននៅឆ្នាំ២០២៤ ខាងមុខ ។

ទាក់ទងទៅនឹង​ជ្រលងភ្នំឆាយអារ៉ែង ទីតាំង​គ្រោង​សាងសង់​ទំនប់វារីអគ្គិសនី​ដែល​គេរំពឹងថា​នឹង​ជន់លិច​ភូមិ​ចំនួន ៦ ក្នុង​ចំណោមភូមិ​សរុបចំនួន ៨ នៅ​ឆាយអារ៉ែង គឺមានតែភូមិចំនួន ២ ប៉ុណ្ណោះ​ដែលត្រូវបាន​វាស់វែង​ដោយក្រសួងរៀបចំដែនដី ស្របតាម​បទបញ្ជាលេខ ០១បប។ ក្រោយ​មក​ទៀត គម្រោងសាងសង់​ទំនប់វារីអគ្គិសនីនោះ​ត្រូវបានបោះបង់​និងបញ្ឈប់​នៅ ឆ្នាំ២០១៥ ហើយ​ដំណើរការ​ចុះបញ្ជីដីថ្មីត្រូវចាប់ផ្តើមក្នុងភូមិចំនួន ៦ នៅ​ឆាយអារ៉ែង។

ថ្មីៗនេះកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ អង្គការ​សម្ព័ន្ធមិត្តសត្វព្រៃ​បានរៀបចំ​ពិធីអបអរសាទរគម្រប់​ខួបនៃ​ការបង្កើត​សហគមន៍​អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង និង​ជនជាតិ​ដើម​ភាគតិចជង។

នៅក្នុងពិធីដែលបានប្រព្រឹត្តទៅ​ក្រោមអធិបតីភាព​របស់អាជ្ញាធរខេត្តកោះកុង​រួមជាមួយនឹង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃនេះ អាជ្ញាធរខេត្តបានប្រកាស​ថា ការចុះបញ្ជីដីធ្លីសម្រាប់ភូមិទាំង ៦ នៅ​តំបន់​ឆាយអារ៉ែង​នឹងចាប់ផ្តើមជាផ្លូវការចាប់ពីខែមករា ឆ្នាំ២០២៤ គឺជាការប្រកាស​ដែលទទួល​បាន​ការ​គាំទ្រ​យ៉ាងខ្លាំងពីប្រជាពលរដ្ឋ ។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ​បានចូលរួម​យ៉ាងសកម្មក្នុងការ​ប្រាស្រ័យទាក់ទង​ជាមួយអង្គការមួយ​ដែល​កំពុងធ្វើការ​ចោទប្រកាន់​ទៅលើគម្រោងរេដបូកជួរភ្នំក្រវាញខាងត្បូង ដោយ​ផ្តល់នូវព័ត៌មាន​យ៉ាងលម្អិត​ឆ្លើយតបទៅនឹង​ការចោទរបស់ពួកគាត់។

ផ្អែកលើការចោទប្រកាន់ខាងលើនេះ វេរ៉ា (Verra) ដែលជា​ស្ថាប័ន​ប្រើប្រាស់​ស្តង់ដារអន្តរជាតិ​ដើម្បីធ្វើការ​បញ្ជាក់​លើ​គម្រោង​​រេដបូក បាន​បញ្ឈប់​ការចេញវិញ្ញាបនបត្រ​បញ្ជាក់​កាបូន (VERs) ជូន​គម្រោង​រេដបូក​ជួរភ្នំក្រវាញខាងត្បូង រហូត​ទាល់​តែមាន​ការរកឃើញ​ទៅលើការត្រួតពិនិត្យ​គុណភាព​ស្រប​ទៅតាមលក្ខខណ្ឌដែលគេពេញចិត្ត។

ការត្រួតពិនិត្យគុណភាព​ត្រូវបានបញ្ចប់នៅចុងខែកក្កដា ឆ្នាំ២០២៣ ហើយបាន​បន្សល់នូវ​សំណួរ​បច្ចេកទេស​មួយចំនួន​ដែលត្រូវឆ្លើយតប។

យើងខ្ញុំជឿជាក់ថា ការស្រាវជ្រាវនឹងបង្ហាញថា គម្រោង​រេដបូកជួរភ្នំក្រវាញ​ខាងត្បូង​គឺជាការផ្ដួចផ្ដើមគំនិត​ផ្នែកអភិរក្ស ប្រកប​ដោយទំនួលខុសត្រូវនិងប្រសិទ្ធភាព ដោយ​បានផ្តល់​អត្ថប្រយោជន៍​ដល់បរិស្ថាន និងសហគមន៍មូលដ្ឋាន ។ យើងខ្ញុំក៏បានស្នើសុំឱ្យ​ការត្រួតពិនិត្យ​មានភាពគ្រប់​ជ្រុងជ្រោយ ដោយ​សូមរួមបញ្ចូល​ទាំងផលវិជ្ជមាន​ដែលគម្រោង​រេដបូកជួរភ្នំក្រវាញខាងត្បូង​បានផ្តល់ជូនសហគមន៍និងព្រៃឈើផងដែរ ។

យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា ស្របពេលដែលគម្រោង​រេដបូកជួរភ្នំក្រវាញខាងត្បូង​កំពុង​អភិរក្ស​ព្រៃឈើ​និង​លើកកម្ពស់ជីវភាព​សហគមន៍ក្នុងតំបន់ គម្រោង​នេះក៏គាំទ្រឱ្យមាន​ការគោរព​និងការពារ​សិទ្ធិមនុស្ស​ផងដែរ។

បើតាម​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ ប្រជាពលរដ្ឋចំនួន ៣ ៩៥៧ គ្រួសារ​ បានទទួលអត្ថប្រយោជន៍​ដោយផ្ទាល់ពី​គម្រោង​រេដបូក​​ជួរភ្នំក្រវាញខាងត្បូងរួមមាន៖ អណ្តូងទឹកចំនួន ៩៤ កន្លែង ប្រព័ន្ធចែកចាយទឹក​ប្រវែង ៧ ៨០០ ម៉ែត្រ សាលារៀន ស្ពាន អាហារូបករណ៍ និង ៥០៩ គ្រួសារ ទទួល​បានអត្ថប្រយោជន៍​ដោយផ្ទាល់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

-គ្រួសារចំនួន ៣៣២ ទទួលបានអត្ថប្រយោជន៍​ដោយផ្ទាល់ពីសហគមន៍​អេកូទេសចរណ៍​ជីផាត
-គ្រួសារចំនួន ១៥៦ ទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់​ពីសហគមន៍អេកូទេសចរណ៍​តំបន់ស្ទឹងអារ៉ែង
-គ្រួសារចំនួន ២៣ ទទួលបានអត្ថប្រយោជន៍​ដោយផ្ទាល់ពី​ការលើកកម្ពស់​វិស័យកសិកម្ម​នៅភូមិឆាយលូក
-គ្រួសារចំនួន ២៥៣ ទទួលបានអត្ថប្រយោជន៍ដោយ​ផ្ទាល់ពីការលើកកម្ពស់វិស័យ​កសិកម្មនៅភូមិ​សុវណ្ណាបៃតង
-សិស្សអាហារូបករណ៍ពេញលេញ​សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ១៦ រូប នៅទីក្រុងភ្នំពេញ
-អណ្តូងទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួន ៩៤ កន្លែង
-សាលារៀនចំនួន ២ ខ្នង
-សាង់សង់ផ្លូវថ្មីប្រវែង ១១ ០០០ ម៉ែត្រ
-ជួសជុលផ្លូវប្រវែង ១៧ ០០០ ម៉ែត្រ
-ប្រព័ន្ធលូចំនួន ៣៤ កន្លែង
-ស្ពានចំនួន ១ កន្លែង
-បង្គន់អនាម័យចំនួន ៧៧ កន្លែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម