Connect with us

ព័ត៌មានជាតិ

ប្រធាន Nippon Foundation៖ កម្ពុជា ជាគំរូនៃសន្តិភាពសម្រាប់ប្រទេសដទៃលើសកលលោក

បានផុស

នៅ

នៅចំពោះមុខសម្ដេចធិបតី ហ៊ុន ម៉ាណែត, ប្រធានមូលនិធិ The Nippon Foundation លើកឡើងថា កម្ពុជា ជាប្រទេសគំរូនៃសុខសន្តិភាព និងឯកភាពជាតិ ដែលបណ្តាប្រទេសផ្សេងទៀតអាចយកជាគំរូ ខណៈប្រទេសខ្លះកំពុងតែរងជម្លោះបែកបាក់ និងអសន្តិសុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ លោក យ៉ូហេ សាសាកាវ៉ា ប្រធានមូលនិធិ The Nippon Foundation  បានថ្លែងកោតសរសើរកម្ពុជា ដែលពីមុនធ្លាប់ជាប្រទេសរងគ្រោះខ្ទេចខ្ទាំ ដោយសារតែភ្នក់ភ្លើងសង្គ្រាមបែកបាក់ ប៉ុន្តែ សព្វថ្ងៃបានចាកចេញផុតពីវិនាសកម្មសោកសង្រេងទាំងនោះ ហើយកំពុងតែស្ថិតនៅលើមាគ៌ានៃការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ។ ក្នុងន័យនេះ លោក យ៉ូហេ សាសាកាវ៉ា បញ្ជាក់ថា ទាំងនេះ ក៏ដោយសារតែកម្ពុជាមានប្រមុខថ្នាក់ដឹកនាំឆ្នើម តួយ៉ាងដូចជាសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាដើម។

លោក យ៉ូហេ សាសាកាវ៉ា បានសង្កត់ធ្ងន់ថា កម្ពុជា គឺជាគំរូដ៏ល្អមួយនៃការដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព និងឯកភាពជាតិ សម្រាប់បណ្តាប្រទេសផ្សេងទៀតលើសាកលលោកអាចយកជាគំរូ ខណៈប្រទេសមួយចំនួនកំពុងតែរងនូវជម្លោះបែកបាក់ និងអសន្តិសុខ។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងក្តីរីករាយដែលបានជួបលោក យ៉ូហេ សាសាកាវ៉ា ជាលើកទី៤ ហើយបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួបរវាងលោក យ៉ូហេ សាសាកាវ៉ា ជាមួយនឹងសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃដដែលនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់អំពីការគាំទ្រចំពោះគម្រោងនៃដំណើរទស្សនកិច្ចរួមគ្នារបស់ឥស្សរជនទាំងពីរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងពេលខាងមុខ។

សម្តេចធិបតី ក៏បានអរគុណចំពោះមូលនិធិ The Nippon Foundation ដែលក្នុងរយៈកាល៣០ឆ្នាំមកនេះ ពោល គឺចាប់ពីឆ្នាំ១៩៩២ បានផ្តល់នូវជំនួយមនុស្សធម៌ដល់កម្ពុជានៅក្នុងវិស័យអប់រំ និងសុខាភិបាល ជាច្រើន ដោយក្នុងនេះ ប្រជាជនកម្ពុជាជាច្រើនបានទទួលនូវអត្ថប្រយោជន៍ពីជំនួយទាំងនោះ ដូចជា ការទទួលបាននូវអវយវៈសិប្បនិម្មិត ដែលផ្តល់លទ្ធភាពឱ្យពួកគាត់មានឱកាសត្រឡប់ទៅប្រកបរបរចិញ្ចឹមជីវិតក្នុងជីវភាពជាប្រក្រតីឡើងវិញ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏នឹងបន្តគាំទ្រចំពោះគម្រោងសកម្មភាពនានា ដែលមូលនិធិ The Nippon Foundation បន្តអនុវត្តនៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម