ព័ត៍មានទាន់​ហេតុការណ៏
Search

ចាប់​ខ្លួន​មេខ្យល់​ចិន​២​នាក់ និង​ស្ត្រី​ខ្មែរ​២​នាក់​ ករណី នាំ​មនុស្ស​ឆ្លង​ដែន​ខុស​ច្បាប់

​ភ្នំពេញ ៖ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង ការពារ​អនីតិជន​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែ​មេសា ​ឆ្នាំ​២០១៧ បាន​ចាប់​បញ្ជូន​ខ្លួន​ជនជាតិ​ចិន​២​នាក់ និង​ស្ត្រី​ខ្មែរ​២​នាក់​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ព័ន្ធ​ករណី​នាំ​មនុស្ស​ចេញ​ដោយ​មិនខុសច្បាប់ សម្រាប់​ឆ្លងដែន​យកទៅ​រៀបការ​នៅ​ប្រទេស​ចិន។


សំណុំរឿង​ទី​១-មាន​ជនសង្ស័យ​៣​នាក់ ១.​ឈ្មោះ ម៉ន ផាន់​ណា ភេទ​ស្រី អាយុ​២៧​ឆ្នាំ, ២.​ឈ្មោះ SHI FASONG ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​ ជនជាតិ​ចិន, ៣.​ឈ្មោះ ZHANG ZHASONG ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ចិន និង​សំណុំរឿង​ទី​២-មាន​ជនជាប់សង្ស័យ​តែ​ម្នាក់​ ជា​ស្ត្រី​ខែ្មរ​ឈ្មោះ ថៃ ច័ន្ទ​ថា អាយុ​៣១​ឆ្នាំ។

បើតាម​សម​ត្ថកិច្ច​ឲ្យ​ដឹងថា ថ្វីត្បិតតែ​មនុស្ស​៤​នាក់​នេះ​មាន​សំណុំរឿង​ពីរ​ខុស​គ្នាក៏ពិតមែន តែ​អង្គហេតុ​កើតចេញពី​បទល្មើស​តែមួយ ពោលគឺ​ជនសង្ស័យ​ជា​ស្ត្រី​ខ្មែរ​២​នាក់​ ដូច​មានឈ្មោះ​ខាងលើនេះ​ គាត់​បាន​បុរស​ជនជាតិ​ចិន​ជា​ប្តី និង​បាន​ទៅ​រស់នៅ​ប្រទេស​ចិន​ច្រើន​ឆ្នាំ​ហើយ។

ថ្មីៗ​នេះ​ស្ត្រី​ជា​ភរិយា​បាន​ នាំ​ប្តី​ជនជាតិ​ចិនមកលេង​ស្រុកកំណើត​(​ស្រុក​ខ្មែរ​នៅ​ខេត្ត​ព្រែ​វែង​) ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ផង។ សម​ត្ថកិច្ច​ឲ្យ​ដឹង​ទៀតថា ក្រោយ​ចប់​ចូលឆ្នាំ​ខ្មែរ​ហើយ ស្ត្រី​ខ្មែរ និង​ប្តី​ជនជាតិ​ចិន​ បាន​ផ្តើមគំនិត​ទាក់ទង​រក​នារី​ខ្មែរ ដើម្បី​នាំទៅ​រៀបការ​ជាមួយ​ជនជាតិ​ចិន ជា​ថ្នូរ​បាន​ប្រាក់​កម្រៃ​ប្រយោជន៍​ផ្ទាល់ខ្លួន។

ករណី​ទី​១-ប្តី​ប្រពន្ធ​ពីរ​នាក់នេះ​រកបាន​នារី​ខ្មែរ​៣​នាក់ និង​បានរៀបចំ​ធ្វើ​បែបបទ​(​ឯកសារ​)​រួចរាល់​អស់ហើយ នៅ​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ២០១៧ ពួកគេ​បាន​នាំ​ជនរងគ្រោះ​មក​ជួល​ផ្ទះសំណាក់​វ៉ា​ស៊ិន​តោន ​ស្ថិតនៅ​សង្កាត់​ផ្សារកណ្តាល​១ ខណ្ឌដូនពេញ​ ស្នាក់នៅ​ជា​បណ្ដោះអាសន្ន។ លុះ​ថ្ងៃទី​២១ មេសា ពួកគេ​ត្រូវ​ដល់​ថ្ងៃ​កំណត់​នាំចេញ ក៏​ធ្វើដំណើរ​ជិះ​រថយន្ត​តាក់ស៊ី​ទៅដល់​ម្តុំ​ភូមិ​វាល​ស្បូវ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ គោលដៅ​ទៅកាន់​ប្រទេស​វៀតណាម ក៏ត្រូវ​ក​ម្លាំ​ង​សម​ត្ថកិច្ច​ចាប់ខ្លួន។

ករណី​ទី​២-ក៏​មិន​ខុសគ្នា​ដែរ គ្រាន់​ថា​ជនសង្ស័យ​មានតែ​នារី​ខ្មែរ​ម្នាក់​ប៉ុណ្ណោះ ដែល​នាង​ក៏​ជា​អ្នកមាន​ប្តី​នៅ​ស្រុក​ចិន ហើយ​មកលេង​ស្រុក​ខ្មែរ​ពេល​បុណ្យចូលឆ្នាំថ្មី​នេះ ក្រោយចប់​បុណ្យចូលឆ្នាំ នាង​ទាក់ទង​នារី​ខ្មែរ​កូន​អ្នក​ស្រែចម្ការ​២​នាក់ ដើម្បី​យកទៅ​រៀបការ​ជាមួយបុរសជនជាតិ​ចិន​(​នៅ​ស្រុក​ចិន​) លុះ​ពេលចេញ​ដំណើរ​មកដល់​ច្បារអំពៅ ​ដើម្បី​ចូលទៅ​វៀតណាម​​ ​ក៏ត្រូវ​សម​ត្ថកិច្ច​ចាប់ខ្លួន រួមទាំង​រំដោះ​ជនរងគ្រោះ​ផង។ សំណុំ​រឿង​នេះ​កំពុង​ស្ថិតនៅ ដំណាក់កាល​តំណាង​អយ្យការ​ធ្វើការ​សាកសួរ​នៅឡើយ ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114