ព័ត៍មានទាន់​ហេតុការណ៏
Search

សមត្ថកិច្ច​រកឃើញ​ជនជាតិ​វៀតណាម និង​ចិន​ ប្រុស​ស្រី ៧១​នាក់​ ស្នាក់នៅ និង​ធ្វើការ​ដោយ​ខុស​ច្បាប់នៅ​កម្ពុជា​

ភ្នំពេញ ​៖ ជនជាតិ​វៀតណាម និង​ចិន ប្រុស​ស្រី ចំនួន​៧១​នាក់ ក្នុងចំណោម ១០៨នាក់ ដែល​លួច​ចូលមក​ស្នាក់នៅ​ និង​ធ្វើការ​ដោយ​ខុសច្បាប់​ជា​កម្មករសំណង់ ត្រូវបានកម្លាំង​នគរបាល​អន្តោប្រវេសន៍ ចុះ​ត្រួតពិនិត្យ​ និង​ឃាត់ខ្លួននៅ​ចំណុច​ទីតាំង​ផ្ទះ​ស្នាក់នៅ​របស់​កម្មករ​មួយកន្លែង តាម​បណ្តោយ​ផ្លូវ​លេខ​៣៦៨ ក្នុងភូមិ​៧ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ប្រតិបត្តិ​ការចុះពិនិត្យ ​និង​ឃាត់ខ្លួន​នេះ ​បានធ្វើ​ឡើង​កាលពី​ព្រឹក ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៧ ក្រោម​ការដឹកនាំ​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើប​អង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ និង ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​សៀង សុខ។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើប​អ​ង្កេ​ត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ កម្លាំង ជំនាញសហការ​ជាមួយអាជ្ញាធរដែនដី បាន​ចុះ​ត្រួតពិនិត្យនៅ​ទីតាំងស្នា​ក់នៅរ​បស់កម្មករ​មួយកន្លែង នៅតាម​បណ្តោយ​ផ្លូវ​លេខ​៣៦៨ ក្នុងភូមិ​៧ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន ត្រួតពិនិត្យរកឃើញជនបរទេស​២​សញ្ជាតិ មាន​ចិន និង​វៀតណាម ដែលមាន​មនុស្ស​សរុប​ចំនួន ១០៨​នាក់ ស្រី​១០​នាក់ ក្នុងនោះវៀតណាម ​មាន​១៨​នាក់ ស្រី​៥​នាក់ និង​សេសសល់​ជា​ជន​ជាតិចិន។

លោក​បន្ថែមថា ក្រោយ​ការត្រួតពិនិត្យ សមត្ថកិច្ច​រកឃើញ​មាន៧១​នាក់ គ្មាន​លិខិត​ឯកសារពាក់ព័ន្ធ​ដូចជា​លិខិតឆ្លងដែន ក៏ដូចជា​ច្បាប់​អនុញ្ញាត​ការងារ​ត្រឹមត្រូវ។ ក្នុងចំណោម​៧១​នាក់​នោះ មាន​វៀតណាម​១៨​នាក់ និង​ចិន​ចំនួន ៥៣​នាក់ ត្រូវបានសមត្ថកិច្ច​ឃាត់ខ្លួនបញ្ចូនទៅ​កាន់​អគ្គនាយកដ្ឋានអន្តោប្រវេសន៍ រង់ចាំ​បន្ត​នីតិវិធី ។

លោក​ឧ​ត្ត​ម​សេនីយ៍​ អ៊ុក ហៃ​សីឡា បានបញ្ជាក់ឲ្យដឹងថា ចំពោះ​ជនបរទេស​ណា ដែល​ចូលមក​រស់នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់ ដោយ​គ្មាន​ភ្ជាប់​ជាមួយ​លិខិតឆ្លងដែន ឬ​ឯកសារ​ពាក់ព័ន្ធ​ផ្សេង​នោះ ពួកគេ​នឹង​ត្រូវ​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​កសាង​សំណុំបែបបទ​ស្នើទៅ​ក្រសួងមហាផ្ទៃ​ សុំ​ធ្វើការ​បណ្តេញ​ចេញពី​កម្ពុជា ទៅកាន់​ប្រទេស​ដើម​ខ្លួន​វិញ នៅ​ពេល​ខាងមុខ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114