ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រះមហាក្សត្រ​ប្រោស​ព្រះរាជទាន ព្រះរាជ​អំណោយ​ដល់​ប្រជារាស្ត្រ​នៅ​ខេត្តព្រៃវែង​

ព្រៃវែង ៖ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៧ បាន​សំណេះសំណាល​សាកសួរ​សុខទុក្ខ ​និង​ប្រោស​ព្រះរាជទាន​ព្រះរាជ​អំណោយ​ជូន​ប្រជារាស្ត្រ​ចំនួន ៤៨៥​គ្រួសារ​នៅ​ក្នុង​ភូមិ​ក្រាំង​លាវ ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។​



នៅឯ​​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ព្រះករុណា​ជា​អង្គ​ម្ចាស់​ជីវិត​លើ​ត្បូង​ជា​ទីសក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ដែល​ដង្ហែ​ព្រះរាជ​ដំណើរ​ដោយ​សម្តេច​ចៅហ្វា វាំង វរវៀងជ័យ​អធិបតី​ស្រឹង្គា​រ៍ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង ព្រមទាំង​នាយ​ម៉ឺន​សព្វ​មុខ មន្ត្រី នៃ​ក្រសួង​ព្រះបរមរាជវាំង​ និង​លោក​ ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង លោក​ ស្បោង សា​រ៉ា​ត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​អាជ្ញាធរ​ដែនដី​គ្រប់ ជាន់ថ្នាក់​នៃ​ខេត្តព្រៃវែង។

ព្រះអង្គ​បាន​សម្តែង​នូវ​ព្រះរាជ​ហឫទ័យ​សប្បាយរីករាយ ដោយបាន​ជួប​លោកតា​លោកយាយ និង​ប្រជារាស្ត្រ​ជា​កូន ជា​ចៅ​របស់ ព្រះអង្គ ជាពិសេស​ព្រះអង្គ​បាន​ទត​ផ្ទះ​ប្រជារាស្ត្រ និង​ជួប​ផ្ទាល់​ជាមួយ​ប្រជារាស្ត្រ​ជា​កសិករ ដោយមាន​ព្រះរាជបន្ទូល​ពី​ព្រះរាជ​បណ្តាំ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ សម្តេច​ម៉ែ សម្តេច​យាយ ស​មេ្ត​ច យាយទួត​ជូន​ប្រជារាស្ត្រ​ជា​កូន ជា​ចៅ ចៅទួត ចៅលួត​របស់​ព្រះអង្គ ដែល​ព្រះអង្គ​តែងតែ​យក​ព្រះរាជហឫទ័យ​ទុកដាក់​ពី​សុខទុក្ខ និង ការលំបាក​ក៏ដូចជា​ជីវភាព​រស់នៅ​របស់​ប្រជារាស្ត្រ​របស់​ព្រះអង្គ​គ្រប់ពេលវេលា​។​



ទន្ទឹមនេះ ព្រះករុណា ព្រះមហាក្សត្រ​បាន​មាន​ព្រះរាជបន្ទូល កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ប៉ិន​ប្រសព្វ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បាន​នាំមក​នូវ​សុខ​សន្តិ ភាព ស្ថិរភាព​នយោបាយ ព្រមទាំង​បាន​ធ្វើឲ្យ​ប្រទេសជាតិ​មានការ អភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​បាន​ធ្វើឲ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដោយ​ទទួល​បាន​ការ​កោតសរសើ​រ ពី​សំណាក់​មជ្ឈដ្ឋាន​អន្តរជាតិ និង​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ លោ ជា សុមេធី អភិបាលខេត្ត​ព្រៃវែង ដែល​បាន​ខិតខំ​ប្រឹងប្រែង​ដឹកនាំ​ខេត្ត​ឲ្យមាន​សន្តិសុខ​ល្អ មាន​សុ​វត្ថិ​ភាព និង​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ​នៅក្នុង​ខេត្ត​ផងដែរ ជាពិសេស​បាន​កាត់បន្ថយ​នូវ​ភាព​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​ទៀតផង​ដែរ​។



ព្រះរាជ​អំណោយ ​ដែល​បាន​ចែកជូន​ប្រជារាស្ត្រ នៅ​ឱកាស​នោះ ក្នុង​មួយ​គ្រួសារៗ​ទទួល​បាន​អង្ករ​៥០​គីឡូក្រាម​ឃី​ត​១ កញ្ចប់​(​មាន​មុង​១ ភួយ​១ សារុង​១ និង​ក្រមា​១)​កន្ទេល​១ មី​១​កេស ត្រីខ ចំនួន ១០ កំប៉ុង ស្បែកជើង ១​គូ អាវយឺត​មាន​ស្លាក​ព្រះរាជ​អំណោយ​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​១​ និង​ថវិកា​១០​ម៉ឺន​រៀល​៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684