Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់សង្គមកិច្ច ៖ ជនមានពិការភាពច្រៀងតាមភ្លើងស្តុប ប្រឈមបញ្ហាធំៗ ចំនួន ៤

បានផុស

នៅ

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា បាន​អះអាង​ថា ជន​មាន​ពិការភាព​ច្រៀង​តាម​ភ្លើងស្តុប ប្រឈម​នឹង​បញ្ហា​ធំៗ ចំនួន ៤ គឺ ៖ ទី១-ស្ថានភាព​សុខភាព ,ទី២-​គ្រោះថ្នាក់​ចរាចរណ៍ ,ទី៣-សេចក្ដីថ្លៃថ្នូរ ,និងទី៤-កិត្តិយស​ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ជួប​សំណេះសំណាល​ជាមួយ​ជន​មាន​ពិការភាព​សរុប​ចំនួន ១៣០ រូប ដែល​ច្រៀង​នៅ​តាម​សាធារណៈ កាលពី​ថ្ងៃ​ទី ២ វិច្ឆិកា លោក ឯម ច័ន្ទ​មករា រដ្ឋលេខាធិការ និង​ជា​អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​សកម្មភាព​ជន​ពិការ តំណាង​លោក ជា សុមេធី រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា បាន​បន្ត​ថា សកម្មភាព​របស់​ជន​មាន​ពិការភាព​ដែល​បាន​និង​កំពុង​ច្រៀង លក់ដូរ និង​ធ្វើ​សកម្មភាព​ផ្សេងៗ នៅ​តាម​ទី​សាធារណៈ គឺជា​សិទ្ធិ​របស់​ពួកគេ តែ​ទង្វើ​បែបនេះ​បាន​ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​មាន​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ដូចជា ស្ថានភាព​សុខភាព គ្រោះថ្នាក់​ចរាចរណ៍ សេចក្ដីថ្លៃថ្នូរ និង​កិត្តិយស​ជាតិ។

លោក​បាន​បន្ត​ទៀត​ថា «​ដូច​បងប្អូន​បាន​ដឹង​ហើយ​ថា ប្រទេស​យើង​មាន​អាកាសធាតុ​ប្រែប្រួល​មិន​ទៀង ពេលខ្លះ​ក្ដៅ​ខ្លាំង មាន​ភ្លៀង ខ្យល់​កន្ត្រាក់ រន្ទះ ដែល​ទាំងនេះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព​បងប្អូន​។ នៅ​តាម​ផ្លូវ​សាធារណៈ និង​ភ្លើងស្តុប​នានា​សម្បូរ​ទៅ​ដោយ​យានយន្ត​ធ្វើ​ចរាចរណ៍​យ៉ាង​មមាញឹក ហើយ​មាន​ពេលខ្លះ ការ​បើកបរ​មាន​ការ​ធ្វេសប្រហែស​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ជាយថាហេតុ​ដល់​អាយុជីវិត របួស​ស្នាម ឬ​ធ្វើ​ឲ្យ​មាន​ពិការភាព​ផ្សេងទៀត​»។

លោក​បាន​បន្ថែម​ថា «​ផ្នត់គំនិត​របស់​ប្រជាជន​យើង​អាច​វាយ​តម្លៃ​ថា សកម្មភាព​របស់​បងប្អូន គឺជា​ការ​សុំទាន​ដែល​មិនមែន​ជា​សកម្មភាព​លើក​កម្ពស់​សិទ្ធិ និង​សេចក្ដីថ្លៃថ្នូរ​របស់​បងប្អូន ដែល​ផ្ទុយ​ពី​ប្បញ្ញត្តិ នៃ​អនុសញ្ញា​ស្ដីពី​សិទ្ធិ​ជន​មាន​ពិការភាព និង​ច្បាប់​ជាតិ​របស់​យើង ហើយ​សកម្មភាព​របស់​បងប្អូន​នៅតាម​ទី​សាធារណៈ​មិនបាន​ជួយ​លើក​មុខមាត់​ប្រទេសជាតិ​យើង​ឡើយ តែ​វា​បានធ្វើ​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណៈ ហើយ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​យើង​ផង​ដែរ​»។

លោក​បាន​បញ្ជាក់​ថា កន្លងមក ក្រសួង​សង្គមកិច្ច និង​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ បាន​និង​កំពុង​អនុវត្ត​អនុសញ្ញា​ស្ដីពី​សិទ្ធិ​ជន​មាន​ពិការភាព ច្បាប់​ស្ដីពី កិច្ចការពារ និង​លើកកម្ពស់​សិទ្ធិ​ជន​មាន​ពិការភាព ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​ពិការភាព និង​លិខិតុបករណ៍​ជាតិ និង​អន្តរជាតិ​យ៉ាង​ពេញ​លេញ ក្នុង​បំណង​លើកស្ទួយ​ជីវភាព​រស់នៅ លុបបំបាត់​ការរើសអើង និង​ជំរុញ​ការចូលរួម​ក្នុង​សកម្មភាព​សង្គម​របស់​ជន​មាន​ពិការភាព។

លោកស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ បាន​លើកឡើងថា បើសិន​ពលរដ្ឋ​ជន​មាន​ពិការភាព​ចង់បាន​បណ្ណ​ពិការភាព គួរ​ត្រឡប់​ទៅ​ស្រុកកំណើត​ដែល​មាន​ទី​លំនៅដ្ឋាន ដើម្បី​អាច​ធ្វើ​អត្តសញ្ញាណបណ្ណ​បាន ដោយឡែក​ចំពោះ​ស្នាក់នៅ​រាជធានី​ភ្នំពេញ លុះ​ត្រា​តែ​មាន​ទីលំនៅ។

លោកស្រី​បាន​បន្ត​ថា ជន​មាន​ពិការភាព​ជាច្រើន​នាក់​បាន​លើក​សំណើ​ដូចគ្នាៗ ដោយ​ស្នើ​ឲ្យ​ក្រសួង​សង្គម​កិច្ច​ជួយ​សម្រួល​ដល់​ពួកគេ​មាន​លទ្ធភាព​ច្រៀង និង​លេងភ្លេង​នៅ​តាម​កម្មវិធី​មង្គលការ និង​កម្មវិធី​ផ្សេងៗ និង​ជួយ​សម្រួល​ឲ្យ​ពួកគេ​បន្ត​ច្រៀង​នៅ​តាម​ភ្លើងស្តុប ហើយ​ស្នើ​ឲ្យ​ក្រសួង ពិនិត្យ​មើល​លទ្ធភាព​ដល់​ជន​មាន​ពិការភាព​បាន​ចូល​ក្របខណ្ឌ​រដ្ឋ។

លោក ចាប តូ អនុរដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច បាន​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​មាន​ពិការភាព ក្រៅពី​ច្រៀង​តាម​ភ្លើងស្តុប គួរ​ស្វែងរក​មុខរបរ​សមរម្យ​ណាមួយ ដោយ​រក​កម្ចី​ពី​ធនាគារ ឬ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា។

ជា​ការ​ឆ្លើយតប លោក ឯម ច័ន្ទ​មករា នឹង​យក​សំណើ​ពលរដ្ឋ​ទៅ​ពិនិត្យ និង​សិក្សា​អំពី​អាទិភាព និង​លទ្ធភាព​ណាមួយ ដើម្បី​ធ្វើ​យ៉ាងណា​ជួយ​ជន​មាន​ពិការភាព​មាន​ជីវភាព​ល្អ​ប្រសើរ​ឡើង​វិញ ព្រោះ​ថា​រាជរដ្ឋាភិបាល​មាន​គោលនយោបាយ​ផ្តល់​របប​ឧបត្ថម្ភ​ជូន​ដល់​អ្នក​មាន​ពិការភាព ប៉ុន្តែ​ពុំ​អាច​ជួយ​បាន​គ្រប់គ្រាន់​នោះ​ទេ។ ក្នុង​នោះ លោក​នឹង​ពិនិត្យ​ទៅ​លើ​ការ​កែសម្រួល​លិខិត​បទដ្ឋាន ដើម្បី​បង្កើន​របប​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​មាន​ពិការភាព​បន្ថែម​ស្របតាម​សេដ្ឋកិច្ច និង​តម្រូវការ​បច្ចុប្បន្ន​។

​ជាមួយ​គ្នា​នេះ លោក ឯម ច័ន្ទ​មករា បាន​ផ្តល់​យោបល់​ថា ចំពោះ​ជន​មាន​ពិការភាព​ណា​ដែល​មាន​បំណង​ចង់​រៀន​ជំនាញ​វិជ្ជាជីវៈ លោក​នឹង​រៀបចំ​យន្តការ និង​យុទ្ធសាស្ត្រ ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ធ្វើយ៉ាងណា​ជួយ​ដោះស្រាយ​បញ្ហា​ជូន​អ្នក​មាន​ពិការភាព​ទាំងអស់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម