ព័ត៍មានទាន់​ហេតុការណ៏
Search

ចេញពី​រៀន​នាំគ្នា​មក​បិទតែម​ម៉ូតូ​ យក​លុយ​ជួយ​ឪពុក​ម្តាយ

ភ្នំ​ពេ​ញ ៖ យុវ​សិស្ស​ថូ វិសាល ​បច្ចុប្បន្ន​កំពុង​សិក្សា​នៅ​វិទ្យាល័យ​ច្បារអំពៅ ​បាន​ឲ្យ​ដឹង​ថា រាល់ថ្ងៃ​ពេល​ដែល​ប្អូន​ត្រឡប់​មកពី​រៀន​ ប្អូន​តែង​មក​ជួយ​បិទ​តែម​ម៉ូតូ​ជាមួយ​បងប្រុស​ដើម្បី​យក​លុយ​ផ្តល់​ឲ្យ​ម្តាយ​ផង​ និង ​ទុក​សម្រាប់​យក​ទិញ​សៀវភៅ​ផង។

ប្អូនប្រុស​បន្ត​ថា ​សព្វថ្ងៃ​ប្អូន​រស់នៅ​ជាមួយ​ម្តាយ​ដែល​ជា​ស្ត្រី​មេម៉ាយ​មាន​ទៅ​លំនៅ​ក្នុង​ភូមិអូរអណ្តូង ​សង្កាត់​ព្រែកប្រា ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ។

ស្ថិត​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​ម្តាយ​ប្អូន​បាន​ធ្វើ​បបរ​ត្រី​លក់​នៅ​ក្បែរ​ផ្ទះ​សម្រាប់​ចាយវាយ​ទៅ​លើ​ម្ហូប​ ហើយ​ពួក​ប្អូន​បាន​ហូប​បបរ​មុន​ពេល​ទៅ​រៀន​។ ពេល​ត្រឡប់​មកពី​សាលារៀន​វិញ​ប្អូន​ចូល​ជួយ​បិទ​តែម​ម៉ូតូ​ជាមួយ​បងប្រុស​នៅជិតសាលា​ខណ្ឌ​ច្បារអំពៅ​។ ការងារ​អស់ទាំង​នេះ​ប្អូន​ពេញចិត្ត​ណាស់​ព្រោះ​ប្អូន​ពុំ​បាន​ទៅ​ស៊ី​ឈ្នួល​បម្រើ​គេ​ គឺ​ជួយ​ការងារ​បងប្រុស​នៅ​ពេល​ចេញពី​រៀន​។

សព្វថ្ងៃ​ ប្អូន​មិន​តូច​ចិត្ត​ទេ​ ដែល​ប្អូន​កើតឡើង​ក្នុង​ត្រកូល​អ្នកក្រ​ប៉ុន្តែ​ប្អូន​ជឿជាក់​ថា​ នឹង​ខិត​ខំ​រៀន​ដើម្បី​ឲ្យ​មាន​ចំណេះដឹង​ខ្ពង់ខ្ពស់​ឈាន​ទៅ​ធ្វើការ​បម្រើ​រដ្ឋ ឬ ​ធ្វើការ​ក្រុមហ៊ុន​បាន​ប្រាក់​កម្រៃ​ខ្ពស់​មក​ចិញ្ចឹម​គ្រួសារ​។

ប្អូន​វិសាល​បន្ត​ថា ​មុខរបរ​បិទ​តែម​ម៉ូតូ​បាន​កម្រៃ​គួរសម ​ដោយ​ក្នុង​ម៉ូតូ​មួយគ្រឿង​បាន​តម្លៃ​១៣ដុល្លារ ហើយ​ក្នុង​មួយថ្ងៃ​អាច​រក​ចំណូល​ជា​មធ្យម​១០០ដុល្លារ ​ហើយ​ចំណាយ​ទៅលើ​ការជួល​ផ្ទះ​សម្រាប់​ប្រកប​អាជីវកម្ម​ធុន​តូច​នេះ​ អាច​នៅសល់​ជាង១០០០ដុល្លារ​ដែរ​ ក្នុង១ខែ។

ប្អូនប្រុស​សំណូមពរ​ដល់​យុ​វវ័យ​ទាំងអស់​សូម​ងាក​មក​រក​ការងារ​ធ្វើ​ក្រៅ​ម៉ោង​សិក្សា ​ដើម្បី​ជួយ​ផ្គត់ផ្គង់​គ្រួសារ​ ហើយ​គប្បី​កុំ​សម្លឹង​មើល​អ្នក​មានទ្រព្យ​សម្បត្តិ​ច្រើនជាង​យើង​ឲ្យ​សោះ​ ព្រោះ​ការ​មានបាន​ស្ថិត​នៅ​លើ​ការខិតខំ​ប្រឹងប្រែង​រប​ស់​យើង​ទេ​ និង​ ពិសេស​យុវវ័យ​យើង​ទាំងអស់​ត្រូវ​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114