ព័ត៍មានទាន់​ហេតុការណ៏
Search

ឃើញ​ប្ដី​ដឹក​ស្រី​នៅ​នឹង​មុខ​ហើយ​ ធ្វើ​អី​គេ​មិនកើត​ ត្រូវ​ប្ដី​វាយ​ដេញ​កាប់​ទៀត

ភ្នំពេញ ​៖​ ស្ត្រី​កូន​មួយ​ ដែល​បាន​រៀបការ​ជាមួយ​ប្ដី​របស់​ខ្លួន​ត្រឹមត្រូវ​តាម​ប្រពៃណី ​ហើយ​ប្រើ​ល្បិច​ឈាន​ដល់​តាម​ទាន់​ប្ដី​នាំ​ស្រី​ស្នេហ៍​មកដល់​បន្ទប់​ជួល​ ​​ និង​ស្ដីបន្ទោស​ក្នុងនាម​ខ្លួន​ជា​ប្រពន្ធ​ពេញ​សិទ្ធិ​នោះ ​ តែ​បែរជា​លោក​ប្តី​កំហូច​ខឹង​​​ប្រពន្ធ​ហ៊ាន​បំបាក់មុខ​ខ្លួន​នៅ​ចំពោះ​មុខ​ស្រី​ស្នេហ៍​ ទើប​ឈ្លោះប្រកែក​គ្នា​ទៅវិញទៅមក ​ប្ដី​បាន​វាយ​ប្រពន្ធ​បែក​ភ្នែក​ រួច​ទាញ​កាំបិត​ដេញ​កាប់​ប្រពន្ធ​​ ​កូន​ថែមទាំង​បណ្ដេញ​ចេញពី​បន្ទប់​មិន​ឲ្យ​ដេក​ទៀត​ផង។

ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​២៥​នាទី​យប់​ថ្ងៃ​ទី​១១​ ខែ​ឧសភា ​ឆ្នាំ​២០១៧​ នៅ​ចំណុច​ផ្ទះ​ជួល ភូមិ​ជ្រៃ​កោង ​សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនរងគ្រោះ​ឈ្មោះ ចាប ចំរើន​ ភេទ​ស្រី​ អាយុ​២៣​ឆ្នាំ​ មុខរបរ​លក់​បុក​ល្ហុង ស្នាក់នៅ​បន្ទប់​ជួល​ជិត​ផ្សារ​ព្រៃទា សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត​នៅ​ខេត្តព្រះវិហារ។ ឯ​ប្តី​របស់​នាង​ឈ្មោះ អិត សំអាន ​អាយុ​៣០​ឆ្នាំ មុខរបរ​ពេទ្យ យោធា ជាប់​ផ្លូវជាតិ​លេខ​៣ ស្ថិតនៅ​សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

តាម​ប្រភព​ព័ត៌មាន ពី​នារី រងគ្រោះ​បាន​និយាយ​ទាំង​ទឹកភ្នែក​ថា ​រូប​នាង បាន​រៀប​អាពាហ៍ពិពាហ៍​តាម​ប្រពៃណី​ជាមួយ​លោក​ប្ដី​​​ម្នាក់​នេះ​អស់​រយៈពេល​ជិត​៣​ឆ្នាំ​មក​ហើយ រួម​ទាំង​បង្កើត​បាន​កូនស្រី​ម្នាក់​មាន​អាយុ​ជាង​១​ឆ្នាំ​ ជា​ចំណងដៃ​ទៀតផង តែ​ប្តី​របស់​នាង​ពុំដែល​ផ្តល់​សេចក្តីសុខ​ឲ្យ​នាង​ម្តងណា​ឡើយ នឹកឃើញ​កាល​នាង​មាន​ទម្ងន់​ពពោះ​លោក​ប្ដី​ធ្លាប់​ប្រើ​អំពើ​ហិង្សា​​​ជាច្រើនលើក​ច្រើនសា​មកលើ​នាង​ ហើយ​ធ្លាប់​លែងលះ​ដាច់ដោច​គ្នា​ម្តង​ដែរ តែ​ប្តី​របស់​នាង​បាន​សុំ​ជានា​គ្នា​វិញ​ដោយ​នាង​អាណិតកូន​ ក៏​យល់ព្រម​តាម​ប្ដី​ជួបជុំគ្នា​វិញ​ទៅ​ និង​បានរស់នៅ​ជាមួយគ្នា​រហូតមកដល់​សព្វថ្ងៃនេះ។

ប្រភព​ព័ត៌មាន​បន្ត​ទៀត​ថា ដោយឡែក​នៅ​ថ្ងៃ​កើតហេតុ កាលពី​ប្រមាណ​ជាង​មួយ​អាទិត្យ​មុន ​ប្តី​របស់​នាង​ធ្លាប់​ប្រើ​អំពើ​ហិង្សា​មក​លើ​នាង​ម្ដង​ទៀត ហើយ​នាង​បាន​រត់​ទៅ​ស្រុកកំណើត​មួយ​រយៈ​​​បន្ទាប់មក នាង​មានការ​សង្ស័យ​ថា​ប្តី​របស់​នាង​មាន​ស្រី ទើប​នាង​វិល​មក​ផ្ទះ​ជួល​វិញ​ ដោយ​មិនបាន​ប្រាប់​ប្ដី​ឲ្យ​ដឹងខ្លួន​មុន​ទេ​ដើម្បី​ឆ្លៀត​តាមដាន​សកម្មភាព​លោក​ប្ដី​ថា​តើ​មាន​ស្រី​ដូច​ការដែល​គាត់​ទទួល​ព័ត៌មាន​ និង​​​សង្ស័យ​​​មែន​អត់។ លុះ​នាង​បាន​មកដល់​ផ្ទះជួល​បែរជា​មិន​ឃើញ​ប្ដី​ស្នាក់នៅ​បន្ទប់​ជួល​ទេ​ ដោយ​ឃើញ​ទ្វារ​ចាក់សោ​ពី​ក្រៅ ហើយ​គាត់​បាន​តេ​ទៅ​ប្តី​ដោយ​សួរ​ថា ឯង​នៅឯណា ?​​​ប្តី​ឆ្លើយ​កុហក​ប្រពន្ធ​ថា​ខ្ញុំ​នៅផ្ទះ​ជួល ហើយ​ប្តី​សួរ​ទៅ​ប្រពន្ធ​វិញ ចុះ​ឯង​នៅឯណា​ដែរ ?​ប្រពន្ធ​ឆ្លើយថា ខ្ញុំ​នៅឯ​ស្រុក។ បន្ទាប់មក​ប្រពន្ធ​និង​កូន​បាន​អង្គុយ​ចាំមើល​ប្តី នៅមុខ​បន្ទប់​ជួល​រហូត​ដល់ពេល​ប្តី​មកដល់​​ក៏​វាក់អើ ព្រោះ​លោក​ប្ដី​មាន​ឌុប​ស្រី​ស្នេហ៍​ញញឹម​ពព្រាយ​មក​ជា​មួយ​ផង​។ ពេលនោះ​រទេះភ្លើង​បុក​គ្នា​ធ្វើ​ឲ្យ​ជម្លោះ​រវាង​ប្ដី​ប្រពន្ធ​រូប​នេះ​ឈ្លោះប្រកែក​គ្នា​យ៉ាង​ស្រួចស្រាល់​ជេរ​គ្នា​និង​ស្ដី​ឲ្យ​គ្នា​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​ ដោយ​លោក​ប្ដី​ម្នាក់នេះ​ចេះ​រក​លេស​មក​ចោទ​ប្រពន្ធ​ខ្លួន​ថា​មកពី​នាង​ឯង​មាន​ប្រុស​សហាយ​ជាមួយ​តៃកុង​ឡានក្រុង​ ទើប​នាង​ឯង​ទៅ​ស្រុក​ចោល​ខ្លួន។ ប្រពន្ធ​ដោយ​ឮ​ពាក្យ​ប្ដី​និយាយ​ចេញមក​បែបនេះ​នាង​ហួសចិត្ត​លែង​និយាយ​ចេញ ព្រោះ​នាង​តូចចិត្ត​យ៉ាងខ្លាំង​ខណៈ​នាង​តាម​ទាន់​ប្ដី​ដឹក​ស្រី​នៅ​នឹង​មុខ​ហើយ ​បែរជា​លោក​ប្ដី​ចេះ​រក​ពាក្យ​មក​និយាយ​ចោទប្រកាន់​នាង​ទាំង​ងងឹតងងល់​ថែមទៀត ដោយសារ​និយាយ​មិន​ឈ្នះ​ប្រពន្ធ​ លោក​ប្ដី​បាន​ចាប់ផ្ដើម​ប្រើ​អំពើ​ហិង្សា​មកលើ​ប្រពន្ធ​ និង​កូន​ដោយ​បាន​យក​ឈើ​មក​វាយ​គាត់​​​​​ចំ​ភ្នែក​ខាងស្តាំ​ ហើយ​យក កាំបិត​ប៉័ង​តោ​មក​ដេញ​កាប់​ប្រពន្ធ​កូន​ថែមទៀត​ តែ​ត្រូវ​ប្រជាពលរដ្ឋ​ជួយ​ឃាត់​ ហើយ​ដឹក​មក​នាង​ទៅប្តឹង​សមត្ថកិច្ច។

ក្រោយពេល​កើតហេតុ​នារី​រងគ្រោះ បានមក​ប្តឹង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​ចោមចៅ តែដោយសារ​ប្តី​របស់​ជនរងគ្រោះ​ជា​ម​ន្ដ្រី​យោធា​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោមចៅ​បាន​ណែនាំ​ឲ្យ​ទៅ​ប្តឹង​នៅ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​វិញ​ទើបត្រូវ​ជំនាញ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114