Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល បាញ់រះកាំភ្លើងធំវាយប្រហារតំបន់ព្រំដែនភាគខាងត្បូងប្រទេស លីបង់

បានផុស

នៅ

កងកម្លាំងអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យបានបន្តបាញ់រះកាំភ្លើងធំវាយប្រហារលើតំបន់ព្រំដែនភាគខាងត្បូងប្រទេសលីបង់ ស្របពេលដែលមានការកើនឡើងនៃវត្តមានរបស់យន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍របស់អ៊ីស្រាអែលនៅក្នុងតំបន់មួយនេះស្រាប់ផង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសារព័ត៌មានជាតិរបស់ប្រទេសលីបង់ (NNA) បានរាយការណ៍ថា តំបន់ជាយក្រុង Shiheen ភាគខាងត្បូងប្រទេសលីបង់ និងតំបន់ Umm Al-Tout កំពុងក្លាយជាផ្ទាំងស៊ីបនៃការបាញ់ផ្លោងពីសំណាក់យោធាអ៊ីស្រាអែលឆ្លងកាត់ព្រំដែនក្នុងប្រទេសប៉ាឡេស្ទីន ។

ទន្ទឹមនោះ យន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍របស់អ៊ីស្រាអែលក៏បានហោះហើរនៅក្នុងតំបន់ព្រំដែនពីទីក្រុង Naqoura ទៅទីក្រុង Ayta Al-Shaab ផងដែរ ចាប់តាំងពីព្រឹកព្រលឹមថ្ងៃអាទិត្យមកម្ល៉េះ ហើយក្រោយមក តំបន់ទាំងនេះ ក៏ក្លាយជាគោលដៅបាញ់ផ្លោងដោយកាំភ្លើងធំ រួមជាមួយយន្តហោះចម្បាំង និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលថែមទៀត ។

សារព័ត៌មាន NNA បានរាយការណ៍ទៀតថា “ចាប់តាំងពីផ្ទុះសង្គ្រាមថ្មីរវាងប្រទេសអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសកាលពីដើមខែតុលាមក អ៊ីស្រាអែលក៏បានកំណត់គោលដៅលើជនស៊ីវិលលីបង់ក្នុងរយៈចម្ងាយជាង ៤០ គីឡូម៉ែត្រពីព្រំដែនប្រទេសទាំងពីរផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រុមហេសបូឡាលីបង់បាននិយាយកាលពីថ្ងៃអាទិត្យថា សមាជិកម្នាក់ក្នុងចំណោមសមាជិករបស់ខ្លួនត្រូវបានសម្លាប់នៅក្នុងការបាញ់ផ្លោងពីសំណាក់កងទ័ពអ៊ីស្រាអែល ដោយបង្កើនចំនួនអ្នកស្លាប់ដល់ ៧២ នាក់ ចាប់តាំងពីជម្លោះផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ។

លោក Hassan Nasrallah

ស្របពេលជាមួយគ្នានេះ មេដឹកនាំក្រុមហេសបូឡាលោក Hassan Nasrallah នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ក៏បានប្រកាសដែរថា ប្រតិបត្តិការយោធារបស់ក្រុមប្រដាប់អាវុធមួយនេះប្រឆាំងនឹងអ៊ីស្រាអែល កំពុងបន្តដុតដៃដុតជើង ទោះបីជារដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu មានវិធានការណ៍ប្រុងប្រយ័ត្នគ្រប់បែបយ៉ាងក៏ដោយ ។

នៅថ្ងៃដដែលនោះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant ក៏បានចេញការព្រមានដល់ប្រជាជននៅទីក្រុង Beirut ផងដែរថា ពួកគេអាចនឹងប្រឈមមុខជោគវាសនាដូចពលរដ្ឋនៅតំបន់ហ្គាហ្សា ប្រសិនបើហេសបូឡាផ្ទុះសង្គ្រាមមួយទៀតជាមួយប្រទេសអ៊ីស្រាអែល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ អ៊ីស្រាអែល ឲ្យអ្នកជំងឺចេញពីមន្ទីរក្នុងតំបន់ហ្គាហ្សា ព្រោះនឹងមានការវាយ​ប្រហារលើទីតាំងទាំងនោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម