Connect with us

ព័ត៌មានជាតិ

លោក វង្សី វិស្សុត ណែនាំឱ្យរាជបណ្ឌិត្យសភាកម្ពុជារៀបចំផែនការអភិវឌ្ឍន៍ស្ថាប័ន សំដៅពង្រឹងប្រសិទ្ធភាពការងារ

បានផុស

នៅ

លោក វង្សី វិស្សុត បានណែនាំឱ្យរាជបណ្ឌិត្យសភាកម្ពុជារៀបចំផែនការអភិវឌ្ឍន៍ស្ថាប័ន ដើម្បីពង្រឹងប្រសិទ្ធភាពការងារ សមត្ថភាព និងប្រកបដោយគុណវុឌ្ឍិ​ ក្នុងនាមជាស្ថាប័នបំពេញតួនាទីនៃធនាគារខួរក្បាលរបស់ជាតិ។ ការណែនាំរបស់លោកវង្សី វិស្សុត ធ្វើឡើងគ្រាដែលលោកដឹកនាំកិច្ចប្រជុំការងារជាមួយថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីជួបសំណេះសំណាល និងសែ្វងយល់ពីបញ្ហាប្រឈមក្នុងការបំពេញការងារ ក៏ដូចជាការកំណត់ និងតម្រង់ទិសដៅអាទិភាពការងារក្នុងបរិការណ៍ថ្មី ដែលរាជបណ្ឌិត្យសភាកម្ពុជា មានបេសកកម្មដឹកនាំ គ្រប់គ្រង អភិវឌ្ឍការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកទេស បណ្តុះបណ្តាល និងអភិវឌ្ឍធនធានបញ្ញាញាណជាន់ខ្ពស់របស់ជាតិ។

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការខិតខំសម្រេចបាននូវសមិទ្ធផលការងារជាច្រើននាពេលកន្លងមក ជាពិសេសការងារសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តសង្គម និងការរៀបចំសនិ្នសិទ សិក្ខាសាលា និងវេទិកាជាច្រើនទៀត ទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។ លោក បញ្ជាក់ ថា ស្នាដៃការងារដ៏ធំមួយដែលរាជបណ្ឌិត្យសភាកម្ពុជាទើបសម្រេចបាននាពេលថ្មីៗនេះ គឺវចនានុក្រមខ្មែរ ឆ្នាំ២០២២ ដែលជាគុណតម្លៃអក្សរសាស្រ្តជាតិ មិនអាចកាត់ថ្លៃបាន។

លោក វង្សី វិស្សុត បន្តថា ស្នាដៃនៃការសិក្សាស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា មានសក្តានុពលរួមចំណែកដល់ការកំណត់ចក្ខុវិស័យរបស់ប្រទេស និងការរៀបចំគោលនយោយបាយនានាសម្រាប់បម្រើឱ្យការអភិវឌ្ឍរយៈពេលវែង ក៏ដូច ជាការអភិវឌ្ឍធនធានមនុស្សកម្រិតខ្ពស់ និងអប់រំផ្នែកសង្គម សីលធម៌ ចរិយាធម៌ ជាពិសេសការថែរក្សាអត្តសញ្ញាណជាតិ នៅក្នុងបរិការណ៍សកលភាវូបនីយកម្ម។

ជាទិសដៅបន្ត លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តល់ការណែនាំដល់ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា ក្នុងការរៀបចំនូវផែនការអភិឌ្ឍន៍ស្ថាប័នរបស់ខ្លួន ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងមានសមត្ថភាព និងគុណវុឌ្ឍិជាស្ថាប័ននៃឧត្តមភាព ទាំងសមត្ថភាពធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ ដោយអាចបំពេញតួនាទីជាផ្នែកមួយនៃធនាគារខួរក្បាលរបស់ប្រទេសជាតិ និងអាចប្រមូលបាននូវកម្លាំងបញ្ញាញាណរបស់ជាតិឱ្យបានកាន់តែច្រើនថែមទៀត។

លោក វង្សី វិស្សុត ក៏បានផ្តល់ការណែនាំមួយចំនួនទៀត ដើម្បីតម្រង់ទិសនៃការសិក្សាស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា ត្រូវរៀបចំឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងមានលក្ខណៈផ្សារភ្ជាប់ការអនុវត្ត ដោយផ្តោតលើជំនាញជាក់លាក់ ដែលជាឧត្តមភាពប្រៀបធៀបកំពុងមានស្រាប់ និងផ្សព្វផ្សាយស្នាដៃស្រាវជ្រាវឱ្យកាន់តែទូលំទូលាយ និងអាចយក មកប្រើប្រាស់ជាគុណប្រយោជន៍នៃការអភិឌ្ឍប្រទេសជាតិ។ ទន្ទឹមនេះ ត្រូវបង្កើនការប្រាស្រ័យទាក់ទងជាមួយក្រសួង-ស្ថាប័ននានា ដើម្បីជៀសវាងការស្រាវជ្រាវជាន់គ្នា និងបង្កើនថាមភាពរវាងគ្នា ទាំងជាមួយអង្គភាពនានារបស់ទីស្តីការគណៈរដ្ឋមន្រ្តី និងទាំងក្រសួងស្ថាប័ននានារបស់រដ្ឋ។

លោក បានសង្គត់ធ្ងន់ដល់ការផ្តោតលើការសិក្សាស្រាវជ្រាវគោលនយោបាយផ្សេងៗ ហើយព្រមជាមួយគ្នានេះ ត្រូវបង្កើនកិច្ចសហការជាមួយដៃគូពីខាងក្រៅ ដើម្បីបង្កើតជាគម្រោងសិក្សាស្រាវជ្រាវរួមគ្នាលើប្រធានបទនានា ពិសេសក្នុងផ្នែកវិទ្យាសាស្រ្ត ដែលសមត្ថភាពរបស់រាជបណ្ឌិត្យសភាកម្ពុជាលើវិស័យនេះនៅមានកម្រិតនៅឡើយ។ បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានផ្តល់ការណែនាំជាគោលការណ៍ និងអភិក្រមការងារមួយចំនួនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់នៃរាជបណ្ឌិត្យសភាកម្ពុជា សម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការបំពេញការងារ ជាពិសេសវប្បធម៌នៃការបំពេញការងារជាក្រុម និងការប្រកាន់យកនូវទស្សនៈបើកចំហរជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម