Connect with us

ព័ត៌មានជាតិ

នៅកម្ពុជា គ្មានពលរដ្ឋណាម្នាក់ត្រូវបានធ្វើទុក្ខបុកម្នេញ ដោយសារតែការគោរពជំនឿសាសនាឡើយ

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា មិនមានប្រជាពលរដ្ឋណាម្នាក់ ត្រូវបានធ្វើទុក្ខបុកម្នេញ ដោយសារតែការគោរពជំនឿសាសនារបស់ពួកគាត់ឡើយ។ ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី «ប្រគេនសម្តេច និងព្រះមន្ត្រីសង្ឃជាន់ខ្ពស់នៃគណៈមហានិកាយ នៅព្រះរាជា ណាចក្រកម្ពុជា» នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋក៏ដោយ ក៏សិទ្ធិសេរីភាព និងការគោរពជំនឿសាសនា ត្រូវបានធានាដោរដ្ឋធម្មនុញ្ញ ហើយប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិពេញលេញ​ក្នុងការគោរពប្រតិបត្តិសាសនាផ្សេងៗ ដោយគ្មានការរើសអើងឡើយ។

សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមថា «រហូតមកដល់ពេលនេះ នៅក្នុងប្រទេសកម្ពុជាយើង គ្មានប្រជាពលរដ្ឋណាម្នាក់ ដែលត្រូវបានធ្វើទុក្ខបុកម្នេញ ដោយសារតែការគោរពជំនឿសាសនារបស់ពួកគាត់ឡើយ ផ្ទុយទៅវិញការគោរព និងការប្រតិបត្តិជំនឿសាសនាផ្សេងៗ របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវបានធានាការពារ នៅក្នុងលក្ខខណ្ឌដែលមិនទាន់ឲ្យប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃ ក៏ដូចជាដល់សណ្ដាប់ធ្នាប់សង្គម និងសន្តិសុខសាធារណៈ»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា «យើងអាចនិយាយបានថា មិនមានជម្លោះសាសនានៅកម្ពុជាទេ នេះជាតថភាពមួយដែលយើងគួរមានមោទនភាព ព្រោះមានប្រទេសជាច្រើនដែលមិនអាចធានាបាននូវសុខដុមរមណីកម្មសាសនា ដែលពេលខ្លះបានបង្កជម្លោះ បែកបាក់ រវាងប្រជាជននៅក្នុងសហគមន៍សាសនា រហូតទៅដល់បង្កើតជាសង្រ្គាម ធ្វើឲ្យមនុស្សរាប់រយ រាប់ពាន់នាក់ រាប់ម៉ឺននាក់ ត្រូវបានស្លាប់បាត់បង់ជីវិត»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម