ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ត្រី​វ័យ​ ៧៣ឆ្នាំ​ ​​ដាំ​បន្លែ​បង្ការលក់ចិញ្ចឹមជីវិត មិន​ដើរ​សុំទាន​គេ ព្រោះជាគំរូមិនល្អ

​បាត់ដំបង ៖ ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ ប្រើប្រាស់​ជីវិតនឹង​ការលក់​នំចំណី​ រួមទាំង​ការដាំ​បន្លែ​រលក់​ដើម្បី​ទ្រទ្រង់​ជីវ​ភាព មិន​បណ្តោយ​ខ្លួន​ដើរ​សុំទាន​គេ​ឡើយ។ ​លោកយាយចំណាស់នោះ មាន​ឈ្មោះ ​ន​ន់ សៀន​ មានអាយុ​៧៣​ឆ្នាំ​ បច្ចុប្បន្ន​រស់នៅ​ភូមិ​ពេជ្រ​ចិន្តា​ ឃុំ​ពេជ្រ​ចិន្តា ​ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​។ លោកយាយបានឱ្យដឹង​នៅ​ថ្ងៃទី​១៦ ​ខែឧសភា ​នេះ​ថា ​​ទោះជា​មិនមាន​ការងារ​ដាំ​បន្លែ​បង្ការ​ដើរ​លក់​ទេ ​ក៏​គ្រួសារ​គាត់​ដែល​មានតែ​២​នាក់​យាយ​តា​ ដាច់ខាត​ក៏​មិន​បណ្តោយ​ខ្លួន ​ដើរ​សុំទាន​គេ​ដែរ​។​

លោកយាយបន្តទៀត​ថា វា​ជា​គំរូ​មិនល្អ​ដល់​កូនចៅ​អ្នកជំនាន់ក្រោយ​ ម្យ៉ាងទៀត​ក៏​មិនល្អ​សម្រាប់​សង្គម​សន្តិភាព ដែលមាន​ភាព​ទូលាយ​ ចំពោះ​ការជ្រើសរើស​មុខរបរ​ គ្រប់បែបយ៉ាង​តាមតែ​ចិត្ត​ចង់​ ហើយ​កាយសម្បទា​អវយវៈ ​ក៏​នៅមាន​គ្រប់គ្រាន់ ​បាន​រស់​ក្នុងសង្គម​ដែលមាន​សន្តិភាព ​សេរីភាព ​ក្នុងការ​ដើរហើរ ​រក​ប្រកបមុខរបរ​សព្វបែបយ៉ាង​តាមតែ​ចិត្ត ​ដូច្នេះលោកយាយ​ត្រូវតែ​តស៊ូ​ ទោះ​របរ​ខាងលើ​រកចំណូលបាន ​មិន​ច្រើន​យ៉ាងណាក្តី​។

លោកយាយ ន​ន់ សៀន បានប្រាប់ថា គាត់​ដាំ​បន្លែ​ជាច្រើន​មុខ​ប្រដេញ​តាម​រដូវ​កាល ​ក្នុងនោះ​មាន​ល្ពៅ​, ​ននោង​, ​ត្រកួន​, ​ស្ពៃ​ និង​ជី​ចម្រុះ​ជាដើម ​នៅលើ​ផ្ទៃដី​ត្រឹមតែ​ទំហំ​ ១០​ម៉ែត្រ​បួន​ជ្រុង​ ជាប់​ប្រឡាយទឹក​ក្នុងភូមិ​ប៉ុណ្ណោះ​ ក៏អាច​ទទួលបាន​កម្រៃ​រៀងរាល់​ព្រឹកដែរ​។​

លោកយាយ​បន្តថា ​រាល់ថ្ងៃ​ពីរ​នាក់​តា (ប្តី​គាត់) ​ចុះ​ប្រមូល​ផល​ លើ​បន្លែ​ណា​ដែល​អាច​កាត់​លក់បាន ​និង​បន្លែ​ណាខ្លះ ​ដែល​ត្រូវ​ត្រៀម​សម្រាប់​លក់​នៅ​ថ្ងៃ​បន្ទាប់​បាន​ជាប្រចាំ​។​

ក្រោយពី​ការ​ផ្សែផ្សំ​ប្រមូល​ផល​រួច​ លោកយាយ​បាន​យក​បន្លែទាំងអស់ ​ដើរ​លក់​តាមផ្លូវ​បណ្ដើរ​ និង​ដាក់លក់​ផង​ ឬ​បោះឱ្យ​ម៉ូយ​ដែល​នៅតាម​ផ្សារ​ភ្នំព្រឹក​ផង ​ក្នុង​១​ថ្ងៃ​​លក់បាន​លុយ​ចាប់ពី​ ៥០០០​រៀល​ ដល់​ ១៥០០០​រៀល​ ជួនកាល​អាច​បាន​ច្រើនជាង​នេះ​ ដោយសារ​ម៉ូយ​ខ្លះ​ គេ​ទិញ​បន្លែ​តម្លៃ​ត្រឹម ​១០០០​រៀល​ គេ​អាណិត​ឱ្យដល់​ទៅ​៥០០០​រៀល ​ឬ​១០០០០​រៀល​។ ​ចំណូល​ប្រចាំ​ថ្ងៃនេះ​ ក្រៅពី​​ប្រើប្រាស់​ទិញ​ចំណីអាហារ​ទទួលទាន ​២​នាក់​ប្តី​ប្រពន្ធរួចហើយ​ សល់​ប៉ុន្មាន​ធ្វើ​ចង្ហាន់​ទៅ​ប្រគេន​ព្រះ​សង្ឃ​ នៅឯ​វត្ត​ផងដែរ​។

ក្នុង​ឆាកជីវិត​ប្រកបដោយ​ភាព​តស៊ូ​ យ៉ាង​ស្វិតស្វាញ​របស់លោកយាយ ​ន​ន់ ​សៀន គាត់​បាន​បញ្ជាក់ថា ​ក្រោយពី​ប្រទេសជាតិ​បាន​រំដោះ​ឲ្យ​មាន​សន្តិភាព ​ដោយ​គ​ណបក្សប្រជាជន ​គ្រួសារ​គាត់​បាន​វិលត្រឡប់​ទៅ​រស់​នៅឯ​ស្រុកកំណើត​ក្នុង​ខេត្តកំពត ​គាត់​បាន​ប្រកបមុខរបរ​ដើរ​លក់​លត​ស្វិត​ និង​លក់​នំអន្សម​ ដើម្បី​ចិញ្ចឹមជីវិត​គ្រួសារ​។ ​រហូតដល់​ឆ្នាំ​២០០៥​ ​គ្រួសារលោកយាយ​បាន​សម្រេចចិត្ត​ផ្លាស់ប្ដូរ​ទីលំនៅ​ មក​រស់នៅ​ក្នុងស្រុក​ភ្នំព្រឹក ​ខេត្តបាត់ដំបង​ វិញ​ ហើយក៏​ចាប់យក​មុខរបរ​ដាំ​បន្លែ​លក់​ប្រចាំ​ថ្ងៃនេះ​ ទទួលបាន​ជី​វិភាព​គ្រួសារ​ ក្នុង​កម្រិត​សមរម្យ​ដល់​សព្វថ្ងៃនេះ​៕