ព័ត៍មានទាន់​ហេតុការណ៏
Search

តម្រួត​ថៃ​ តាម​ចាប់​ថ្នាំញៀន​ជាង​២​លាន​គ្រាប់ ដែល​បង្កប់​ក្នុង​រថយន្ត​លាយ​ស៊ីម៉ងត៍

ប្រទេស​ថៃ ៖ ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​ប្រមាណ ជាង​២​លាន​គ្រាប់ ត្រូវបាន​កម្លាំង​តម្រួត​ ប្រឆាំង​គ្រឿងញៀន តាម​ប្រមាញ់​រហូត​ចាប់បាន ដែល​ថ្នាំញៀន​ទាំងនេះ​ត្រូវបាន​ជនសង្ស័យ​លាក់ទុក​នៅក្នុង​រថយន្ត​លាយ​​ស៊ីម៉ងត៍​ ហើយ​កំពុង​ធ្វើ​ចរាចរ​​នៅតាម​ដងផ្លូវ ឆ្ពោះ​ទៅកាន់​ខេត្ត​សុង​ខ្លា ប្រទេស​ថៃ ដើម្បី​ទម្លាក់​ឲ្យ​ម៉ូយ​ ដែល​ចាំ​ទទួល​នៅ​ទីនោះ។

តាម​ការផ្សាយ​ពី​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៨ របស់​ប្រទេស​ថៃ បានឲ្យដឹងថា កាលពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៧ វេលា​ម៉ោង ១២ ថ្ងៃត្រង់ កម្លាំង​បង្ក្រាប​គ្រឿងញៀន​ខេត្ត​ឈុំ​ផន​ បានចេញ​ប្រតិបត្តិ​ការឈរជើង​នៅលើ​គោលដៅ​មួយកន្លែង​ក្នុងស្រុក ប៉ាក់​ធី​វ ខេត្ត​ឈុំ​ផន​ ដើម្បី​ត្រួតពិនិត្យ​រក​សារធាតុ​ញៀន​ ដែល​កំពុង​ធ្វើ​ចរាចរ​ខុសច្បាប់​នៅតាម​ដងផ្លូវ។

នៅពេល​នោះដែរ ដោយមាន​ការសង្ស័យ កម្លាំង​បានធ្វើ​ការឃាត់​រថយន្ត​មួយគ្រឿង ប្រភេទ​លាយ​ស៊ីម៉ងត៍​ធុន​ធ្ងន់​ដើម្បី​ឆែកឆេរ ហើយ​នេះ​ក៏​ទំនង​ជាមាន​សេចក្តីរាយការណ៍​យ៉ាងច្បាស់​មួយ​ផងដែរ ព្រោះ​ក្រោយពេល​ឆែកឆេរ និង​ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​រថយន្ត​រួចមក សមត្ថកិច្ច​បាន​ប្រទះឃើញ​មាន​សាក់​កាដូ​ជាច្រើន​ដែល​អ្នកបើកបរ​ទាំងពី​រ​នាក់​បាន​លាក់​នៅក្នុង​តួ​ម៉ូ ដែល​សម្រាប់​លាយ​ស៊ីម៉ងត៍។

នៅក្នុង​សាក់​កាដូ​ទាំងនោះ មាន​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដែល​គេ​បាន​លាក់ទុក និង​ធ្វើ​ចរាចរ​​នៅលើ​ដងផ្លូវ ដែល​សរុប​ថ្នាំញៀន​ទាំងអស់​នៅ គឺ​មាន​ចំនួន ២ ២០០ ០០០ គ្រាប់ ( ពីរលាន ពីរ​សែន គ្រាប់ ) ដោយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ចរាចរ​​នេះដែរ ជនសង្ស័យ​ទាំងពីរ​នាក់ បាន​សារភាពថា ខ្លួន​ទទួល​ស៊ី​ឈ្នួល​ដឹក​ថ្នាំញៀន​នេះ​ឲ្យ​គេ ដោយ​ដឹក​ចេញពី​ស្រុក​ហ្វា​ង ក្នុង​ខេត្ត​ឈៀង​ម៉ៃ ឆ្ពោះទៅ​កាន់​ស្រុក​ហាត​យ៉ៃ ក្នុង​ខេត្ត​សុង​ខ្លា ដោយ​យកទៅឲ្យ​ម៉ូយ​នៅ​ទីនោះ និង​ទទួលបាន​ប្រាក់​ឈ្នួល​ចំនួន ៥០ម៉ឺ​ន​បាត ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ស្ទាក់​ចាប់បាន​នៅក្នុង​ខេត្ត​ឈុំ​ផន។​

បច្ចុប្បន្ន​ក្រោយពី​បានធ្វើ​​សន្និសីទកាសែត​ស្តីពី​ការបង្ក្រាប​ថ្នាំញៀន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​រួចមក ក្រុម​អង្គភាព​ជំនាញ កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំងពីរ រួម​ជាមួយនឹង​វត្ថុតាង ទៅកាន់​តុលាការ ក្នុងការ​ចាត់វិធានការ​​តាមផ្លូវ​ច្បាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684