Connect with us

ព័ត៌មានជាតិ

មួយ​ជំនាន់ចុងក្រោយ ​ជនជាតិភាគតិចនៅ​តំបន់ដាច់ស្រយាល​​ខេត្ត​រតនគិរីចាប់ផ្តើម​ចេះ​ចាយ​លុយ ខណៈវត្តមាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ពង្រីកខ្លួន​ដល់ជនបទ

បានផុស

នៅ

នៅក្នុង​ស្រុក​ដាច់ស្រយាល​នៅ​ខេត្តរតនគិរី ប្រជាពលរដ្ឋ​ភាគច្រើន​ជា​ជនជាតិដើម​ភាគតិច ប្រកប​របរ​ដាំ​ដំណាំ​សម្រាប់​ចិញ្ចឹមជីវិត​ដូចជា ស្វាយចន្ទី ស​ណែ្ដ​ក​សៀង សណ្ដែកខៀវ ដំណាំ​ស្រូវ និង​ដំឡូងឈើ​ជាដើម​។ ការដាំ​ដំណាំ​នេះ គឺជា​ប្រភព​ចំណូល​បន្ថែម​លើ​ចំណូលដែល​បានមកពី​ការ​អាស្រ័យ​អនុ​​ផល​ព្រៃឈើ កសិកម្ម​ពនេចរ និង​ការ​ចិញ្ចឹមសត្វ ដែលជា​មុខរបរ​ប្រពៃណី​របស់​ពួកគាត់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ចំណូល​ពីមុខ​របរ​​ទាំងនេះអាច​ផ្គត់ផ្គង់​ការចំណាយ​ប្រចាំថ្ងៃ​របស់​គ្រួសារ​ពួកគាត់​បាន​គ្រប់គ្រាន់ ប៉ុន្ដែ​មកទល់​បច្ចុប្បន្ន គ្រប់យ៉ាង​បាន​ផ្លាស់ប្ដូរនៅពេលដែល​ក្រុមគ្រួសារ​ភាគច្រើន​ប្រាថ្នា​ចង់បាន​ការរស់នៅ​បែប​សម្ភារ​និយម ដូច​អ្នករស់នៅ​ទីប្រជុំជន​ដែរ​។

​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​​ចាប់ផ្ដើម​ចំណាយ​ប្រាក់​​កាស​លើ​សម្ភារ​មួយចំនួន​ដូចជា ម៉ូតូ ឡាន និង​សម្លៀកបំពាក់​ម៉ូដ​ថ្មីៗ ហើយ​តែងមាន​ការជួបជុំ​ជប់លៀង​ជា​ញឹកញាប់​។ នៅពេល​​ខ្វះខាត​លុយកាក់ដើម្បី​ផ្គត់ផ្គង់​ការរស់នៅ​បែប​ថ្មី​ អ្នកភូមិ​ចាប់ផ្ដើម​ខ្ចីបុល​ពី​អ្នក​ចងការ​ប្រាក់ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​ស្រុកភូមិ​។ ខណៈដែល​ពលរដ្ឋ​អា​ចរក​ខ្ចីប្រាក់​គេ​បាន​ហើយ បញ្ហា​ពាក់ព័ន្ធ​នឹង​កម្ចី​ក៏​កើតមានឡើង​ផងដែរ ដូចជា​កម្ចី​មាន​អត្រា​ការប្រាក់​ខ្ពស់ និង​បំណុល​កើនឡើង​។​

វត្តមាន​មីក្រូហិរញ្ញវត្ថុពង្រីកខ្លួនដល់ជនបទ ក៏​បាន​ជំរុញ​ឲ្យ​សហគមន៍​ជនជាតិ​ភាគតិចរស់នៅ​តំបន់ដាច់ស្រយាល​​នៅ​ខេត្ត​រតនគិរី​ចាប់ផ្ដើម​ចេះចេះចាយ​លុយ​ក្នុងជីវភាពប្រចាំថ្ងៃ។

១៥ ឆ្នាំ​មុន ជនជាតិ​ភាគតិច​​នៅ​ខេត្ត​រតនគិរី ការ​រស់នៅ​ប្រចាំថ្ងៃ​គឺ​ពួកគាត់​ដោះដូរ​ចែក​រំលែក​គ្នា និង​ការ​រស់នៅ​ពឹង​អាស្រ័យ​លើ​ធនធាន​ធម្មជាតិ។ នេះបើ​តាមលោក Gordon Paterson ប្រធាន​អនុវត្ត​គម្រោង​ឯករាជ្យ​ប្រចាំ​នៅ​ខេត្ត​រតនគិរី។

ការ​ផ្លាស់ប្តូរ​ដ៏​ធំមួយ​ក្នុង​រយៈកាល​ប៉ុន្មានឆ្នាំចុងក្រោយរបស់ជនជាតិដើមភាគតិច ដែល​ជីវភាពធ្លាប់​ពឹងផ្អែកលើដី ធនធានធម្មជាតិ រយៈពេល ១៥ ទៅ ២០ ឆ្នាំ ពលរដ្ឋ​ចាប់ផ្តើម​ចេះ​ប្រើប្រាស់​លុយទាំងស្រុង​ដូចជា​ការ​ដាំដុះ​ដំណាំដំឡូង ស្វាយ​ចន្ទី សណ្តែកសៀង ដែល​ជា​ប្រភេទ​​ដំណាំ​សេដ្ឋកិច្ច​។ ពលរដ្ឋ​ត្រឡប់ពី​ពឹងផ្អែកធម្មជាតិ​ ត្រូវ​ពឹង​ផ្អែក​លើ​ទីផ្សារ​ក្នុង​រយៈពេល​មួយ​ជំនាន់តែ​ប៉ុណ្ណោះ។

លោក Gordon Paterson ប្រធាន​អនុវត្ត​គម្រោង​ឯករាជ្យ​

លោក Gordon Paterson សម្តែងក្តីព្រួយ​បារម្ភ​ថា ការ​គ្មានមូលដ្ឋានលើ​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ ជា​ភាពប្រថុយប្រថាននិងហានិភ័យមួយ។

លោក Gordon Paterson បានមក​​ប្រទេស​កម្ពុជា​នៅ​​ឆ្នាំ ១៩៩២ និងបាន​​មក​រស់នៅ​និងធ្វើការ​នៅ​ខេត្ត​រតនគីរី​ក្នុង​ឆ្នាំ ១៩៩៥។ បុរស​វ័យ​ជា ៦០ ឆ្នាំ​រូប​នេះ ​ធ្វើការ​ពាក់ព័ន្ធ​ទឹកដីនិងកម្មសិទ្ធិដីធ្លី​ជាមួយ​សហគមន៍​ជនជាតិ​ភាគតិច។

លោក Gordon Paterson បាន​ឲ្យ​ដឹង​ថា ដោយសារ​ខេត្ត​រតនគីរី​ជានៅឆ្ងាយ​ដាច់ស្រយាល ពលរដ្ឋ​មានចំណេះដឹង​ទាប​ គ្មាន​មូលដ្ឋាន​លើ​ការ​គ្រប់គ្រង​លុយ​កាក់។

ពីមុន​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ដាច់ស្រយាល​ទាំងនេះ​មាន​លក្ខណៈ​បែប​គ្រួសារ​សាមញ្ញ ដែល​មិនសូវ​ចាយវាយ​ប្រាក់កាស​ច្រើន​ប៉ុន្មាន​ទេ ដូច្នេះ​ពួកគាត់​មាន​បទ​​ពិសោធនិង​ការយល់ដឹង​តិចតួចអំពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​។ ​ប្រជាពលរដ្ឋ​ខ្លះ ខ្វះ​ទាំង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ទាំង​ជំនាញ​ក្នុងការ​រៀបចំ​ផែនការ​រយៈពេល​វែង និង​ទាំង​ជំនាញ​រៀបចំ​កញ្ចប់​ថវិកា​សម្រាប់​ចំណាយ​ប្រចាំថ្ងៃ ដែលនាំឱ្យ​ពួកគាត់​ជំពាក់​បំណុល​ច្រើន ហើយ​ចាំបាច់​ត្រូវ​លក់​ដីធ្លីនិង​ទ្រព្យសម្បត្តិ​ផ្សេងៗ ដើម្បី​ទូទាត់​សងបំណុល​ទាំងនោះ​។

លោក Gordon Paterson ដែលមាន​សញ្ជាតិជាជនជាតិអូស្រ្តាលី​​ផង​នោះ​បាន​ឲ្យ​ដឹង​​ថា បញ្ហា​​ហិរញ្ញវត្ថុ​ជា​រឿង​ប្រថុយប្រថាន​​មួយបើ​មិន​ចេះ​គ្រប់គ្រង​​។ ដោយសារ​​ខ្វះ​បទ​ពិសោធន៍​ អ្នក​ភូមិ​មួយ​ចំនួន​យល់​ថា​អ្នក​ដែល​ផ្តល់កម្ចី​ដូចជា​ការ​ផ្តល់​អំណោយ​។ ពេល​ខ្លះ​បើ​មានការ​ណែនាំ​បែរ​ជា​​ខឹង​សម្បាថែម​ទៀងផង។ ជាល​ទ្ធ​​ផលពួកគាត់​មាន​បំណុល​វ័ណ្ឌក ដែល​មិនអាច​រ៉ាប់រង​ទូទាត់​ការប្រាក់​ប្រចាំខែ​បាន​។

សព្វថ្ងៃ​មាន​​អ្នក​ខ្លះ​លក់ទ្រព្យ​សម្បត្តិ​ដើម្បី​បង់​សង​ទៅ​គ្រឹះស្ថាន។ ដោយកត់សម្កាល់ឃើញ​ការផ្តល់​កម្ចី​បច្ចុប្បន្ន​មានការប្រកួតប្រជែង​គ្នា​ ដែលផ្តល់​លទ្ធភាព​ដល់​ពលរដ្ឋ​ងាយ​ទទួលបានកម្ចី​ រហូត​ដល់​អ្នក​ខ្លះអាច​​កម្ចី​បាន​ ២ ទៅ​ ៣ កន្លែង បន្ថែម​ពី​ការ​ខ្ចី​ពី​ឯកជន​ដែលមានអត្រាការប្រាក់ខ្ពស់។

អ្នកភូមិ​ចង់​ប្រើប្រាស់​កម្ចី​ពី​គ្រឹះស្ថាន​ណា​ដែលស្រួល លឿនឆាប់បាន​លុយ។ ក្នុង​ចំណោម​គ្រឹះស្ថាន​មីក្រូ​ជាង ៨០ បើ​សិន​ខាង​ណា​​ធ្វើ​តាមច្បាប់​ទម្លាប់​ត្រឹមត្រូវ​រកស៊ីមិន​ទាន់គេ​ទេ។ អីចឹង​គ្រឹះស្ថាន​មួយ​ចំនួន​បាន​ប្រើប្រាស់​រូបភាព​ធ្វើ​យ៉ាងណា​ ទាក់ទាញ​អតិថិជន​ប្រើប្រាស់​កម្ចី​របស់​ខ្លួន ដោយ​មិន​បាន​សិក្សា​ពី​លទ្ធភាព​សង​ឲ្យ​បាន​ត្រឹមត្រូវនោះទេ។

លោក Gordon Paterson អះអា​ង​ថា ការ​​លើក​ទឹកចិត្ត​ដល់​ពលរដ្ឋ​ឲ្យ​ខ្ចី​ច្រើន ដោយ​មិន​ផ្តល់​ការ​វាយ​តម្លៃ​ហ្មត់ចត់បង្ក​ហានិភ័យដ៏ធំ។

«ពេល​ណា​មិន​មាន​លុយ​បង់​ឲ្យ​គ្រឹះស្ថាន​ផ្លូវការ ពួកគាត់ទៅ​ស្វែង​រក​ពីឯកជន អីចឹង​បំណុល​កាន់​តែ​រីក​ដូច​ប៉េងប៉ោង​រហូត​ដល់​​វណ្ឌក​មិន​អាច​សង​វិញបាន ដោយចុងក្រោយ​ត្រូវ​លក់​ដី និង​ទ្រព្យសម្បត្តិ​ដើម្បី​ទូទាត់​បំណុល។

លោក​លើក​ករណី​ពលរដ្ឋ​មួយ​នៅ​ស្រុក​តាវែង បាន​កម្ចី​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​យក​ទៅ​ទិញ​ដី។ ដោយសារការ​ប្រើប្រាស់ខុស​គោលដៅលង់​ខ្លួន​រហូត​ត្រូវ​លក់​ទ្រព្យសម្បត្តិ​ដើម្បី​ដោះស្រាយទូទាត់​បំណុល។

ពលរដ្ឋមួយ​រូប​​រស់នៅ​ភូមិ​ទុន ឃុំ​តាវែងលើ ស្រុក​តាវែង​បាន​ឲ្យ​ដឹងថា​ លោក​បាន​ប្រើប្រាស់​កម្ចី​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​យក​​ទៅ​សាងសង់​ផ្ទះ ដើម្បី​បាន​រស់នៅជួបជុំ​ជាមួយ​គ្រួសារ។

ទាក់ទងការប្រើប្រាស់​​កម្ចី​ បុរស​វ័យ​ជាង ៧០ ឆ្នាំ​រូប​នេះ​ប្រាប់​ថា បើ​គ្មាន​លទ្ធភាព​សង​លោក​នឹង​លក់​គោ​ក្របី​ដើម្បី​សង​បំណុល។

ដោយសារ​បារម្ភ​ពីការ​វិវត្តន៍ថ្មីនេះ ទើបកន្លង​ទៅនេះមានបើក​​ថ្នាក់បង្រៀនគ្រប់គ្រង​ហិរញ្ញវត្ថុ​ដល់​ជនជាតិ​ដើមភាគតិចរស់នៅ​តំបន់ដាច់ស្រយាលក្នុង​ខេត្ត​រតនគិរី។

លោក Gordon Paterson បាន​ឲ្យ​ដឹង​ថា ដោយ​សារមានការ​គាំទ្រ​ពីធនាគារ ABA ថ្នាក់បង្រៀនហិរញ្ញវត្ថុ​មួយ​បាន​ចាប់ផ្តើមបើក​ដំណើរការ​នៅ​ឆ្នាំ ២០២២ ​ដើម្បី​​បញ្រ្ជាប​​ចំណេះដឹង​​មូលដ្ឋានហិរញ្ញវត្ថុដល់​ពលរដ្ឋ​ជនជាតិ​ភាគតិ​ច​តាម​សហគមន៍​​ក្នុងខេត្តរតនគិរី។

លោកថា ចាប់​ពី​ខែ​កញ្ញា​ឆ្នាំ ២០២២ គ្រូ​បង្គោល​ដែល​ទទួល​បានការ​បណ្ដុះបណ្ដាលពីហិរញ្ញវត្ថុ​​ បាន​ចាប់ផ្តើម​បើក​ថ្នាក់​បង្រៀន​​នៅ​តាម​សហគមន៍។ ការ​សិក្សា​​មាន​ចំនួន ៥ សប្ដាហ៍ ដោយ​សហគមន៍​អាច​ជ្រើសរើស​ពេល​វេលា​សមស្រប​មិន​ថា​ពេល​ថ្ងៃ ឬ​ពេល​យប់។

ថ្នាក់សិក្សាមានបង្រៀន​​ដូចជា​ ការ​រៀបចំផែនការ​ហិរញ្ញវត្ថុ ការ​ចាត់ចែង​លុយកាក់ ការកំណត់គោលដៅហិរញ្ញវត្ថុ និង​សន្សំ និង​ការប្រើប្រាស់​ប្រាក់​កម្ចី​ឲ្យបានត្រឹមត្រូវជាដើម។ វគ្គ​ទី ១ បាន​បើក​ថ្នាក់​រៀន​បាន ៣១ ថ្នាក់​ និង​វគ្គទី ២ គ្រោង​បើក​ឲ្យ​បាន ២០ ថ្នាក់​ទៀត ដោយ​បច្ចុប្បន្នកំពុង​ដំណើរការ​បានចំនួន ៧ ថ្នាក់រួចហើយ។

លោក Gordon Paterson បាន​គូស​បញ្ជាក់ថា ការ​រៀន​អក្ខរកម្ម​ហិរញ្ញវត្ថុ​សំខាន់ ដើម្បី​ផ្តល់​មូលដ្ឋាន​ចំណេះ​ដល់​ពលរដ្ឋ​ជនជាតិភាគតិច​​អាច​ស្វែងយល់​ពី​ការ​ប្រើប្រាស់​កម្ចី​ដែល​ឆ្លើយតប​តម្រូវការ​រស់នៅ បញ្ចៀស​ការ​ប្រើប្រាស់​​ខុស​គោលដៅ​ដែល​អាច​នាំ​គ្រោះថ្នាក់​។

លោក យោល សៀម ​មេភូមិ​រៀងវិញ ឃុំតាវែងលើ ស្រុក​តាវែង​បាន​ឲ្យ​ដឹង​ថា នៅ​ភូមិ​របស់​លោក​នៅ​មិន​ទាន់​ពលរដ្ឋ​ច្រើន​​ដែល​ជំពាក់​បំណុល​​គ្រឹះស្ថាន​ហិរញ្ញវត្ថុ។ ក្នុងចំណោម​​ពលរដ្ឋ​ជាង ១០០ គ្រួសារ​​មាន​តែ ២ ឬ ៣ គ្រួសារ​ដែល​ជំពាក់​បំណុល​ធនាគារ។

លោក​ថា តាមរយៈថ្នាក់បង្រៀនហិរញ្ញវត្ថុ​នេះ​ដូច​ដាស់ស្មារតី​ដល់​ពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​ក្នុងការ​ប្រើប្រាស់កម្ចី​ឲ្យ​មានប្រយោជន៍​ ចៀសវាង​ប្រើប្រាស់​ខុស​គោលដៅ​នាំ​ឲ្យ​ប៉ះពាល់​ដល់សេដ្ឋកិច្ច​ក្នុង​គ្រួសារ។

លោក ឈាន វុទ្ធី ប្រធានបណ្តុះបណ្តាលឥណទានរបស់ ABA ​បាន​គូស​បញ្ជាក់​ថា គោលបំណង​ចម្បង​ក្នុងការ​បើក​ថ្នាក់​បង្រៀននេះ ដើម្បីផ្តល់​ចំណេះដឹង​​ចាំបាច់​ដល់​ពលរដ្ឋជនជាតិ​ភាគតិចក្នុង​ខេត្ត​រតនគិរី យល់ដឹង​ពីមូលដ្ឋាន​ហិរញ្ញវត្ថុ។

លោក ឈាន វុទ្ធី ប្រធានបណ្តុះបណ្តាលឥណទានរបស់ ABA

លោក​ថា ​បំណុល​វណ្ឌកគឺ​ជា​បញ្ហាមួយ​ក្នុង​ចំណោម​បញ្ហា​ជាច្រើន​ដែល​ត្រូវការ​ដោះស្រាយ​ ហើយក៏​ជា​មូលហេតុ​ធ្វើ​ឲ្យ​ធនគារ ABA ចូលរួមបង្កើត​កម្មវិធី​បណ្តុះបណ្តាលនេះ។ តាម​រយៈការ​បើក​ថ្នាក់បណ្តុះបណ្តាលនេះ ដើម្បី​ពលរដ្ឋ​ត្រៀមខ្លួនជា​មុនលើការ​ប្រើប្រាស់​កម្ចី​។

«ការខ្ចី​តើ​ត្រូវ​ខ្ចីយ៉ាងម៉េច ខ្ចីលុយ​គួរខ្ចីខាងណា ដែល​អត្រាការប្រាក់សមរម្យ របៀបបង់សងត្រឡប់។ គួរ​មាន​ចំណូលចំណាយ​បែបណា ដើម្បី​សម្រេច​គោលដៅ​រយៈពេល​វែង ឬ​រយៈពេលខ្លី ជាមួយ​ការ​រៀបផែនការ​នៅ​ថ្ងៃ​អនាគត​»។

លោកឈាន វុទ្ធី ​រំពឹងទុក​ថា ការ​បើក​ថ្នាក់​សិក្សា​នេះអាច​​ឲ្យ​ពលរដ្ឋ​ចេះ​ស្វែងយល់​អំពីការគ្រប់គ្រង​ហិរញ្ញវត្ថុ និង​ការប្រើប្រាស់​កម្ចី​ប្រកបដោយភាព​​ឆ្លាតវៃ​។

លោក សូ វណ្ណធិន អភិបាល​ស្រុក​តាវែង

លោក សូ វណ្ណធិន អភិបាល​ស្រុក​តាវែង​បាន​ឲ្យ​ដឹង​ថា នៅ​ស្រុក​តាវែង​​មិន​ទាន់មានទិន្នន័យ​ពលរដ្ឋ​ប៉ុន្មាននាក់​​ដែល​កំពុង​ប្រើប្រាស់​កម្ចី​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ។ យ៉ាងណាលោក​ថា មួយ​រយៈចុងក្រោយ​នេះ​​មានបណ្តឹង​ពី​​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ចំនួន បាន​ដាក់​សំណើ​ដល់​អាជ្ញាធរ​ជួយ​សម្របសម្រួល​ដោយសារ​បញ្ហាកម្ចី​ពលរដ្ឋ​ដែល​មិន​មាន​លទ្ធភាព​សង​ត្រឡប់។

ទាក់ទងការ​​បើក​ថ្នាក់​បណ្តុះបណ្តាល​ហិរញ្ញវត្ថុ​ដល់​សហគមន៍​ជនជាតិ​ភាគតិច​នៅមូលដ្ឋាន លោក​គាំទ្រ​ពេញ​ទំហឹងដោយសារ​លោក​មើល​ឃើញ​ថា ការ​ប្រើប្រាស់​កម្ចី​ដូច​អាវុធ​មុខ​ពីរ​។ បើ​ប្រើប្រាស់​ចំ​គោលដៅ​នឹង​នាំ​ប្រយោជន៍នាំ​ឲ្យរីកចម្រើន តែ​បើ​ប្រើប្រាស់​ខុស​គោលដៅ​នាំ​បញ្ហា​ដល់​គ្រួសារនិងសង្គមជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម