ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹក​នេះ ​តុលាការ​កាត់ទោស​សំណុំរឿង​អន្តរការី​ពពោះ​ជំនួស ​របស់​ស្ត្រី​ជនជាតិ​អូស្ត្រាលី​

ភ្នំពេញ​ ៖ ​រឿងក្ដី​ពពោះ​ជំនួស ​ដែល​តុលាការ​បានសម្រេច​ឃុំខ្លួន​អន្តរការី​៣​នាក់ ក្នុង​នោះ​មាន​ស្ត្រី​អូស្ត្រាលី​ម្នាក់​ផង​ដែរ នៅ​ព្រឹក​ថ្ងៃទី១៨ ខែ​ឧសភា ឆ្នាំ​២០១៧​ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្គាប់​ឲ្យ​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស​ បញ្ជូន​ស្ត្រី​អូស្ត្រាលី​ និង​ជនជាប់ចោទ​ជនជាតិខ្មែ​រ​ ២​នាក់​ទៀត​មកកាន់​តុលាការ​ ដើម្បី​បើកសវនាការ​ពី​អង្គ​ហេតុ​ ដែល​បណ្ដាល​ឲ្យ​មាន​បទល្មើស​នេះ។ មាន​អ្នក​សារ​ព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន ​បាន​ងាក​មក​តាមដាន​សំណុំរឿង​ក្ដី​នេះ ហើយ​ពួកគេ​បានមក​ស្ដាប់​ការ​កាត់ទោស​នេះ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ។

លោក រស់ ពិសិដ្ឋ ចៅក្រម​តុលាការ​ក្រុងភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៦ បានសម្រេច​ចេញ​ដីកា​ឃុំខ្លួន​ជា​ផ្លូវការ លើ​ជនសង្ស័យ​៣​នាក់ ​រួមមាន​​ស្ត្រី​ជនជាតិ​អូស្ត្រាលី​ម្នាក់​ផង​ ចំនួន​២បទល្មើស ពាក់​ព័ន្ធ​សំណុំរឿង​ស៊ី​ឈ្នួល​ពពោះ ( អន្តរការី​ពពោះ​ជំនួស )។ បទល្មើស​ដែល​តំណាង​អយ្យការ​បាន​ចោទប្រកាន់​ទាំង​២​នេះ ១-​បទអំពើ​ធ្វើជា​អន្តរការី នៃ​អំពើ​ពពោះ និង ២​-បទ​សុំ​ឲ្យ​ផ្តល់​ឯកសារ​ដោយ​ទុច្ចរិត បទល្មើស​នេះ​មានចែង​ឲ្យ​ផ្ដន្ទាទោស​តាម​មាត្រា​៣៣២.​មាត្រា​៦៣២ នៃ​ក្រមព្រហ្មទណ្ឌ។ មាត្រា​៣៣២ បាន​តម្រូវ​ឲ្យ​ផ្ដន្ទាទោស​លើ​ជនជាប់ចោទ​ដាក់​ពន្ធនាគារ​កំណត់​ពី​១​ខែ​ ទៅ​៦​ខែ និង​មាត្រា​៦៣២ ​តម្រូវ​ឲ្យ​ផ្ដន្ទាទោស​ជនជាប់ចោទ​កំណត់​ពី​៦​ខែ​ ទៅ​២​ឆ្នាំ។

ក្រោយពី​លោក សេង ហៀ​ង ​ព្រះរាជអាជ្ញា​រង​អម​តុលាការ​បាន​ចោទប្រកាន់​ហើយ សំណុំ​រឿង​នេះ​បាន​ចាត់​បញ្ជូនទៅ​ចៅក្រម​ស៊ើ​ប​សួរ ​គឺ​លោក រស់ ពិសិដ្ឋ  បាន​បន្ត​នីតិវិធី​ក្នុងការ​សាកសួរ​ និង​ចេញ​ដីកាឃុំខ្លួន​ជន​ជាប់​ទាំង​៣​នាក់​តែម្ដង។

សូម​រំលឹកថា កាលពី​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ២០១៦ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​៣​នាក់ ក្នុងនោះ​មាន​ស្ត្រី​ជនជាតិ​អូស្ត្រាលី​ម្នាក់​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​ករណី​អំពើ​ជា​អន្តរការី នៃ​កា​រពពោះ ឬ និយាយ​សាមញ្ញ​ថា ការជួល​ស្ត្រី​ខ្មែរ​ឲ្យ​ពពោះ​បង្កើតកូន​ជំនួស និងផ្តល់​ឯកសារ​ដោយ​ទុច្ចរិត។

លោក​វរ​សេនីយ៍​ឯក កែវ ធា នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និងការពារ​អនីតិជន​រាជធានី​ភ្នំពេញ ថ្លែងថា បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​ កំពុង​ស្ថិតក្រោម​ការសាកសួរ​របស់លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រងនៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ។ របាយការណ៍​សមត្ថកិច្ចបង្ហាញថា ជនសង្ស័យ​ទាំង​៣​នាក់ ១.​ឈ្មោះ CHALES TAMMY ALAYNE ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ជនជាតិ​អូស្ត្រាលី កាន់​លិខិតឆ្លងដែន​លេខ PE-0402481 , ២.​ឈ្មោះ ពេញ រិទ្ធី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក និង ៣.​ឈ្មោះ សំរិទ្ធ ចាន់​ចរិយា ភេទ​ស្រី អាយុ​៣០​ឆ្នាំ មុខរបរ​ឆ្មប ស្នាក់នៅ​សង្កាត់វាលវង់ ខណ្ឌ​៧​មករា។ ក្រុម​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និងការពារ​អនីតិជន សហការ​ជាមួយអធិការដ្ឋាននគរបាលខណ្ឌ​សែន​សុខ និង​ខណ្ឌដូនពេញ ឃាត់ខ្លួនកាលពី​ល្ងាច​ថ្ងៃទី​១៨ ខែវិច្ឆិកា នេះ។

សមត្ថកិច្ច​បញ្ជាក់​ថា នៅ​ពេល​ដែល​បណ្តា​ប្រទេស​ដទៃ​ចេញ​ច្បាប់​ បិទ​មិន​ឲ្យ​មាន​ការជួល​ស្រី្ត​ពរពោះ​ដើម្បី​កើតកូន​ជំនួស បណ្តាញ​ជំនួញ​នេះ​បាន​ហូរ​ចូល​កម្ពុជា ហើយ​បង្កើត​មេខ្យល់​ឲ្យ​ដើរ​លួងលោម អូស​ទាញស្ត្រី​ឲ្យ​រកស៊ី​ឈ្នួល​ពពោះ​ជំនួស​អ្នក​ដែល​ចង់​បាន​កូន ហើយ​រហូតដល់​ក្រុមមនុស្ស​ប្រុស​ស្រឡាញ់​ប្រុស​ដូចគ្នា​ចង់បាន​កូន ក៏​មក​កម្ពុជា​រក​កូន​ដែរ។ ជំនួញ​មួយ​នេះធ្វើ​ឲ្យ​ពួក​ឈ្មួញ​ចំណេញ​កប់​ពពក អ្នក​ចង់​បានកូន​ត្រូវ​ចំណាយ​៥​ម៉ឺន​ដុល្លារ​អាមេរិក។ ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ ឈ្មោះ​ CHARLES TAMMY ALAYNE ហៅ TAMMY បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំ​២០១៣ ខ្លួន​បាន​ទៅ​ប្រកបមុខរបរ​ជួល​ស្ត្រី​ឲ្យ​បង្កើតកូន​នៅ​ប្រទេស​ថៃ ចំនួន​១៥​នាក់ ហើយ​ក្រោយមក​ប្រទេស​ថៃ​គេ​បិទ ខ្លួន​ក៏បាន​មក​ប្រទេស​កម្ពុជា បាន​រយៈពេល​ប្រហែល​១២ ទៅ​១៤​ខែ​ហើយ។ ខ្លួន​ក៏បាន​រក​ស្ត្រី​ខ្មែរ​ជួល​ឲ្យ​ពពោះ​បង្កើតកូន​ឲ្យ​បាន​ចំនួន​២៣​នាក់ នាំ​ចេញទៅ​ក្រៅប្រទេស​បាន​៦​នាក់ ក្នុង​នោះ​កូនភ្លោះ​មួយ​នាក់ ដោយ​តម្លៃ​ខ្លួន​ទទួល​បាន​ពីគ្រួសារ​ចង់បាន​កូន​ម្នាក់ ៥០០០០​ដុល្លារ​អាមេរិក។

ចម្លើយ​បន្តឲ្យដឹងថា ពេល​ខ្លួន​មក​ជួល​ស្ត្រី​ខ្មែរ​ឲ្យ​ពពោះ​បង្កើតកូន​ឲ្យ​ម្នាក់​តម្លៃ​ពី​ ១០០០០​ទៅ​១២០០០​ដុល្លារ​អាមេរិក ហើយ​បើ​សរុប​ទាំង​ការពារ​ព្យាបាល ថែទាំ និង​មើល​ទារក ​ត្រូវ​ចំណាយ​អស់​ ២០៤០០​ដុល្លារ​អាមេរិក​ឯណោះ ឯ​ការចាក់​បញ្ចូល​ទឹក​មេ​ជីវិត​បុរស ក្នុង​ម្នាក់​តម្លៃ​ ៥០០០ទៅ​ ៧០០០​ដុល្លារ​អាមេរិក ពេល​កើតកូន​យកទៅ​បង្កើត​នៅ​មន្ទីរ​ពេទ្យ​សម្រាក​ព្យាបាល ​ក្នុង​កូន​ម្នាក់​តម្លៃ ១៥០០​ទៅ ២០០០​ដុល្លារ​អាមេរិក។ សេវា​ក្រៅ​ពីនេះ​ចំពោះ​អ្នក​ដែល​បាន​ជួយ​រក​ស្ត្រី​មក​ស៊ី​ឈ្នួល​ពពោះ​បង្កើតកូន​ម្នាក់ ៤០០​ដុល្លារ​អាមេរិក ចំណាយ​ទៅ​ឲ្យ​ឈ្មោះ ពេញ រិ​ទ្ធិ ជួយ​រត់​ការ​ធ្វើ​សំបុត្រកំណើត​ឲ្យ​ទារក​ម្នាក់ ៦០០ ទៅ ៨០០ ដុល្លារ​អាមេរិក និង​ជួយ​ដឹក​ក្មេង​ចេញទៅ​បំពេញបែបបទ​នៅ​នាយកដ្ឋាន​អន្តោប្រវេសន៍​ម្នាក់​ឲ្យ​តម្លៃ​៧០០​ដុល្លារ រួមទាំង​ជួយ​រត់ការ​ពន្យារ​លិខិតឆ្លងដែន។

រីឯ​ឈ្មោះ ចរិយា ខ្លួន​បាន​ឲ្យ​​ជួយ​ធ្វើការ​ជាមួយ​គ្លីនិក ជួយ​បកប្រែ​ភាសា ជួយ​មើលថែ​ស្ត្រី​នៅតាម​គ្លីនិក បាន​ឲ្យ​ប្រាក់ខែ​ក្នុង​១​ខែ ៦៥០ដុល្លារ​អាមេរិក៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684