ព័ត៍មានទាន់​ហេតុការណ៏
Search

បើ​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​បន្ត​ដឹកនាំ ​៥​ឆ្នាំ​ទៀត​ ជ្រោយចង្វា​នឹង​ប្រែ​មុខមាត់​ថ្មី ហើយ​ទីក្រុង​រណប​ក៏​នឹង​លេចចេញ​ជា​រូបរាង​យ៉ាង​ពិត​ប្រាកដ

ភ្នំពេញ ៖ ​បើ​ប្រជាពលរដ្ឋ​នៅតែ​បន្ត​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​នា​ពេល​បច្ចុប្បន្ន​នេះ តំបន់​ជ្រោយចង្វា​ក្នុង​រយៈពេល​៥​ឆ្នាំ​ទៀត ​នឹង​មាន​ការ​រីកចម្រើន​លើស​បណ្តា​ខណ្ឌ​ទាំង​១២​នៅ​រាជធានី​ភ្នំពេញ។

នេះ​ជា​ប្រសាសន៍​លើកឡើង​របស់លោក​ឃ្លាំង ហួត អភិបាលខណ្ឌ​ជ្រោយចង្វា​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧​ខែ​ឧសភា​នេះ នៅ​ពេល​ធ្វើ​បទ​សម្ភាសន៍​ជាមួយ​អ្នកកាសែត ក្រោយ​បញ្ចប់​ពិធី​សម្ពោធ​អគារ​រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វា​ថ្មី លើ​ទឹកដី​ទីក្រុង​រណប​ជ្រោយ ខណ្ឌ​ជ្រោយចង្វា។

លោក​ឃ្លាំង ហួត បាន លើកឡើងថា នាពេល​បច្ចុប្បន្ន​នេះ តំបន់​ជ្រោយចង្វា​សម្បូរ​ទៅ​ដោយ​ខុន​ដូ និង​បុរី និង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​ជាច្រើន ដោយ​មកដល់ពេលនេះ​មាន​អគារ​ខុន​ដូ​ប្រហែល​ជាង​២០​បាន​សាងសង់​រួច និង​ខុន​ដូ​ប្រមាណ​ជាង​៣០​ទៀត​ បាន​និង​កំពុង​សុំ​សិទ្ធិ​សាងសង់​បន្ថែមទៀត ក្នុង​នោះ​មាន​អគារ​របស់​អ្នកឧកញ៉ា​សុខ​គង់​ ដែលមាន​កម្ពស់​ខ្ពស់​ជាងគេ ដែល​នឹង​ចាប់ផ្តើម​សាងសង់​ក្នុងពេល​ឆាប់ៗ​នេះ ហើយ​ជាពិសេស​នោះ​ក្នុង​ជ្រោយចង្វា គឺ​មាន​តំបន់​ទីក្រុង​រណប​ជ្រោយ​របស់​ក្រុមហ៊ុន​OCIC ដែល​ក្នុង​ខែវិច្ឆិកា​ឆ្នាំ​២០១៧ នឹង​ចាប់ផ្តើម​សាងសង់​អគារ​ហេដ្ឋារចនាសម្ព័ន្ធ ដោយ​ត្រូវ​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេសាប ចំនួន​ពីរ​កន្លែង សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ វិមាន​ឈ្នះ​ឈ្នះ​ជាដើម។

លោក​បន្ត​ថា តាម​ការប្រកាស​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នៅពេល​ខាងមុខនេះ ទីក្រុង​ថ្មី​មួយ​នឹង​កើត​ឡើងលើ​ទឹកដី​ជ្រោយចង្វា ដែល​ជា​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន មានឈ្មោះ​ទីក្រុង​មិត្តភាព​កម្ពុជា​ចិន ដែល​ទំហំ​វិនិយោគ​រហូតដល់​១៥០០​លាន​ដុល្លារ។

លោក​ឃ្លាំង ហួត​អះអាងថា ” តំបន់​ជ្រោយចង្វា ជា​តំបន់​អភិវឌ្ឍន៍​ដ៏​ទំនើប​មួយ ក្រោម​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​សាលា​រាជធានី​ភ្នំពេញ រួមជាមួយ​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា ដែល​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន គឺ​រាល់​តម្រូវការ​របស់​ឯកជន អាជ្ញាធរ​ខណ្ឌ​ចូល​បម្រើ​ដោយ​ឥត​លក្ខខណ្ឌ​ដោយ​មិន​គិត​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​នោះទេ គឺ​យើង​ប្រយោជន៍​ជាតិ​ជាធំ​”​។​

លោក​ក៏បាន​បញ្ជាក់ថា “​សំខាន់បំផុត​លទ្ធផល​នៃ​ការបោះឆ្នោត បើ​មាន​ស្ថិរភាព ហើយ​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ថ្នាក់ជាតិ ដឹកនាំ​ថ្នាក់មូលដ្ឋាន បន្តទៅទៀត​នោះ គឺ​ការអភិវឌ្ឍ មិន​លើសពី​៥​ឆ្នាំ​ទៀត យើង​នឹង​ឃើញ​មានការ​ប្រែប្រួល​លើ​ទឹកដី​ជ្រោយចង្វា​នេះ ពិតប្រាកដ​”៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684