ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​សុខ ឥសាន ៖ ប្រៀប​ខ្សោយ​របស់​គណបក្សប្រឆាំង​មាន​ ៨​ចំណុច ហើយ​គណបក្ស​កាន់អំណាច​មានប្រៀប​ខ្លាំង​ចំនួន​ ៨​ចំណុច​ ​

ភ្នំពេញ​ ៖ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាងថា ដើម្បី​ធ្វើការ​ប្រកួត​ប្រជែង​ នៅក្នុង​សង្វៀន​នយោបាយ គឺ​ការបោះឆ្នោត​នាពេល​ខាងមុខនេះ គណបក្ស​សង្គ្រោះ​ជាតិ ឬ​គណបក្សប្រឆាំង​មាន​ចំណុចខ្សោយ​ជាច្រើន ដែល​មិនអាច​យកជ័យ​ជម្នះ​បាន ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា ឬ​គណបក្ស​កំពុង​កាន់អំណាច​មានប្រៀប​ខ្លាំង​យ៉ាងច្រើន​សម្រាប់​យកជ័យ​ជម្នះ​។​

តាម​លោក សុខ ឥសាន ចំណុចខ្សោយ​របស់​គណ​បក្សប្រឆាំង​មាន​ ៨​ចំណុច គឺ៖​ ទី​១- មិនបាន​កសាង​សមិទ្ធផល​អ្វី​សម្រាប់​សង្គមជាតិ​ទាល់តែសោះ។ ទី​២- មិនបាន​ធ្វើ​អ្វី​ជា​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ឡើយ។ ទី​៣- ភូតភរ កុហក បោកប្រាស់​ប្រជាជន និង​ញុះញង់​ឲ្យ​តែ​សង្គម​មាន​បញ្ហា​ជា​រៀងរហូត។ ទី​៤- មានកម្ម​វិធី​នយោបាយ​ចងកំហឹង គំនុំ​គុំកួន សងសឹក ដែល​នាំ​ដល់​ការបែកបាក់​ជាតិ មិនអាច​ធ្វើជា​បង្អែក​សម្រាប់​សុខដុម​នីយកម្ម​សង្គម​បានទេ។ ទី​៥- គ្មាន​ទស្សនវិស័យ​ដឹកនាំ​ប្រទេស​វែងឆ្ងាយ​ទេ មិនអាច​ជាទី​សង្ឃឹម​របស់​ប្រជាជន​កម្ពុជា​ទេ។ ទី​៦- បាត់បង់​ជំនឿ​ពី​ប្រជាជន​យ៉ាងច្រើន​ជាពិសេស​បន្ទាប់ពី​ការតវ៉ា​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៣។ ទី​៧- មានការ​បែកបាក់​ផ្ទៃក្នុង​ធ្ងន់ធ្ងរ ហើយ​សមាជិក​បាន​ចាកចេញ​ជា​បន្តបន្ទាប់។ ទី​៨- អ្នក​ដែល​ធ្លាប់​គាំទ្រ​ពីមុន បាន​ដកថយ​អស់​។



លោក សុខ ឥសាន បញ្ជាក់ថា ជាមួយ​គណបក្សប្រឆាំង​នៅ​កម្ពុជា គ្មាន​លទ្ធភាព​ណា​បាន​ឈ្នះ​ឆ្នោត​ឡើយ ទោះបី​មានការ​ជួយ​យឹតយោង​ពី​មជ្ឈដ្ឋាន​អមិត្ត​ក្នុង និង​ក្រៅប្រទេស​ក្តី​។ ឋានៈ​របស់​គណបក្សប្រឆាំង ស្ថិតនៅ​ត្រឹម​រក្សា​តំណែង​ជា​បក្សប្រឆាំង​ ដ៏​មាន​សក្ដានុពល​ជា​រៀងរហូត ដើម្បី​លម្អ​លទ្ធិ​ប្រជាធិបតេយ្យនៅ​កម្ពុជា​ឲ្យ​ផូរផង់​ឡើង​តែប៉ុណ្ណោះ​។

ជាមួយ នឹង​ការលើកឡើង​ខាងលើនេះ លោក សុខ ឥសាន អះអាងថា គណបក្ស​ប្រជាជន​កម្ពុជា ឬ​គណបក្ស​កំពុង​កាន់អំណាច​មានប្រៀប​ខ្លាំង​ចំនួន​ ៨​ចំណុច ៖ គឺ​ទី​១- មាន​ស្មារតី​ស្នេហា​ជាតិ ស្រឡាញ់​ប្រជាជន​ពិតប្រាកដ។ ទី​២- មានកម្ម​វិធី​នយោបាយ​ត្រឹមត្រូវ​ស្របតាម​សំណូមពរ​របស់​ប្រជាជន។ ទី​៣- កសាងបាន​សមិទ្ធផល​ជាច្រើន​រាប់មិនអស់​សម្រាប់​ជា​ប្រ​យោ​ជ​ន៍​ជាតិ និង​ប្រជាជន។ ទី​៤- មាន​មនោសញ្ចេតនា​ផ្សារភ្ជាប់​ជាមួយ​ប្រជាជន​ជានិច្ច ចេះ​គិតគូរ​ពី​ការលំបាក ក្តីកង្វល់​របស់​ប្រជាជន ហើយ​ចាត់​វិធានការ​ដោះស្រាយ​ជូន​ប្រជាជន​តាម​សំណូមពរ។ ទី​៥- ចេះ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន គ្រប់​កាលៈទេសៈ និង​យកចិត្តទុកដាក់​ដោះស្រាយ​កង្វល់​របស់​ប្រជាជន។ ទី​៦- មាន​ពិសោធន៍​ក្នុង​ការដឹកនាំ​ប្រទេស​យូរ​ឆ្នាំ។ ទី​៧- ជា​ស្ថាបនិក​សន្តិភាព និង​ជា​អ្នកមាន​លទ្ធភាព​ការពារ​សន្តិភាព ធានា​ការរស់នៅ​ប្រកបដោយ​សុ​ខ​ដុមរ​មនារ​បស់​ប្រជាជន ជា​ក្តីសង្ឃឹម​ និង​កក់ក្តៅ​របស់​ប្រជាជន។ ទី​៨-​ចេះ​យល់ដឹង​ពី​ការខ្វះខាត និង​កំហុស ហើយ​ចេះ​កែលម្អ​បាន​ទាន់ពេលវេលា​។ លោក​បញ្ជាក់ថា លក្ខណសម្បត្តិ​ទាំងអស់នេះ​ធ្វើ​ឲ្យ​ប្រជាជន​ស្រឡាញ់​រាប់អាន កក់ក្តៅ និង​គាំទ្រ​ជានិច្ច​។

អ្នកនាំពាក្យ​បក្ស​កាន់អំណាច​លោក សុខ ឥសាន បានលើកឡើង​ដែរ​ថា ចាប់តាំងពី​រៀបចំ​បញ្ជី​ឈ្មោះ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ មក គេ​សង្កេតឃើញ​មាន​ចលនា​ចាក​ចេញពី​គណបក្សប្រឆាំង ជា​បន្តបន្ទាប់​ជា​ហូរហែ នៅតាម​បណ្តា​មូលដ្ឋាន​ឃុំ​សង្កាត់​ទូទាំងប្រទេស ដោយសារ​ការ​មិន​ពេញចិត្ត​ចំពោះ​ការដឹកនាំ​របស់​បក្ស​ប្រឆាំង ដែល​ពោរពេញ​ទៅ​ដោយ​បក្សពួក គ្រួសារនិយម​អត្តនោម័តិ​ផ្តាច់ការ​នៃ​មេដឹកនាំ​បក្សប្រឆាំង។ ការ​ចាកចេញ​ពី​បក្សប្រឆាំង​នេះ គឺជា​ការអនុវត្ត​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​គ្រប់រូប ដែល​គាំពារ​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​យល់ព្រម​ទទួល​ក្រោម​ហេតុផល​គោរព​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​ទាំង​នោះដែរ​។​

លោក សុខ ឥសាន បញ្ជាក់ថា ចលនា​ចាក​ចេញពី​បក្សប្រឆាំង​នេះ បានធ្វើ​ឲ្យ​បក្សប្រឆាំង​មួយ​នេះ​ធ្លាក់​ចុះខ្សោយ ស្ទើរ​ខ្សោះ​ឈាម​ទៅ​ហើយ ដូច្នេះ​លទ្ធភាព​ឈ្នះ​របស់​បក្ស​ប្រឆាំង​ខ្សោយ​ណាស់ ហើយ​ការ​និយាយ​ថា​ឈ្នះ​គ្រាន់តែ​ជា​ភាសា​ឃោសនា​បន្លំ​ប្រជាជន បំភាន់​មតិ​ប្រជាជន ដែល​នេះ​គឺជា​ល្បិច​កល​ឃោសនា​បំប៉ោង កម្លា​ចិត្ត​សមាជិក សមាជិកា តែប៉ុណ្ណោះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684