ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន​អាកាសចរណ៍ Vietjet​ បើកផ្លូវ​ហោះហើរ​ថ្មី​ពី​ទីក្រុង​ហាណូយ ​ទៅ​ទីក្រុង​យ៉ាង​ហ្គូ​ន​

​ភ្នំពេញ ​៖ ​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បានប្រកាស​បើកផ្លូវ​ហោះហើរ​អន្តរជាតិ​ថ្មី​ពី​ទីក្រុង​ហាណូយ​ទៅកាន់​ទីក្រុង​យ៉ាង​ហ្គូ​ន​ ប្រទេស​មី​យ៉ាន់​ម៉ា​ ដើម្បី​បំពេញ​តាម​តម្រូវការ​កើនឡើង​នៃ​ភ្ញៀវទេសចរ​ឯកជន អ្នកទេសចរ និង​អ្នកជំនួញ​រវាង​ទីក្រុង​ធំ​របស់​ប្រទេស​វៀតណាម និង​មជ្ឈមណ្ឌល​ទេសចរណ៍​របស់​មី​យ៉ាន់​ម៉ា​។​

ផ្លូវ​ហោះហើរ​ថ្មី​នេះ​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៧ ជាមួយ​តម្លៃ​សំបុត្រ​ត្រឹមតែ 205,000​ដុង​ស្មើ នឹង ​9.00​ដុល្លារ​អាមេរិក​។



យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា​ជើងហោះហើរ​ ហាណូយ​-​យ៉ាង​ហ្គូ​ន​ គឺ​ប្រតិបត្តិការ​ជា​រៀងរាល់ថ្ងៃ​ដោយ​ការហោះហើរ​ក្នុង​មួយ​ជើង​គឺមាន​រយៈពេល ១ ម៉ោង ៥៥ នាទី​។ ជើងហោះហើរ​ចេញពី​ហាណូយ​គឺ​ចាប់ផ្តើម​ចេញដំណើរ​នៅ​ម៉ោង ១២:០៥​នាទី (​ម៉ោង​ក្នុងស្រុក​) និង​មកដល់​ម៉ោង ១៣:៣០​នាទី (​ម៉ោង​ក្នុងស្រុក​)​។ ជើងហោះហើរ​ត្រលប់​មកវិញ​គឺ​ចាក​ចេញពី​យ៉ាង​ហ្គូ​ន​នៅ​ម៉ោង ១៤:៣០​នាទី និង​ចុះចត​នៅ​ហាណូយ​ម៉ោង ១៦:៥៥​នាទី (​ម៉ោង​ក្នុងស្រុក​)​។​

តាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បាន​បន្តថា​ពេលនេះ​លោកអ្នក​អាចធ្វើ​ការ​កក់​សំបុត្រ​យន្តហោះ​សម្រាប់​ជើងហោះហើរ​ថ្មី​នេះ​ចាប់ពី​ម៉ោង ១២:០០ រហូតដល់​ម៉ោង ១៤:០០ (GMT+7) ជា​រៀងរាល់ថ្ងៃ ដោយ​ចូលទៅ​កាន់​គេហទំព័រ ​www.vietjetair.com (​អាច​ប្រើ​ជាមួយ​ទូរ​ស័ព្ទ​ឆ្លាត​វៃ​ដោយ​ចូលទៅ​កាន់​https://m.vietjetair.com) ឬ​ចូលទៅក្នុង​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រុមហ៊ុន ​www.facebook.com/vietjetvietnam (​លោកអ្នក គ្រាន់តែ​ចុច​ប៊ូ​តុង “Booking”)​។ ការទូទាត់​ប្រាក់​អាចធ្វើ​បាន​យ៉ាង​ងាយ​ជាមួយ​កាត​ឥណ​ពន្ធ និង​កាត​ឥណទាន Visa, MasterCard, JCB, KCP និង American Express​។​

គួរ​បញ្ជាក់ថា​ទីក្រុង​ហាណូយ​គឺជា​គោលដៅ​ទី​ពីរ​ដែល​ត្រូវបាន​ ត​ភ្ជាប់​ជាមួយ​ទីក្រុង​យ៉ាង​ហ្គូ​ន​បន្ទាប់ពី​ផ្លូវ​ហោះហើរ​ពី​ទីក្រុង​ហូជីមិញ​-​យ៉ាង​ហ្គូ​ន​។ ផ្លូវ​ហោះហើរ​ថ្មី​នេះ​គេ​រំពឹងថា​នឹង​អាចបំពេញ​តាម​តម្រូវ​ការកើនឡើង​នៃ​អ្នកទេសចរ និង​អ្នកជំនួញ ក៏ដូចជា​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម និង​ធ្វើ​សមាហរណកម្ម​ក្នុង​តំបន់​ហើយ​អ្វី​ទាំងនេះ​គឺ​បានមក​ដោយសារ​ការហោះ​ហើរ​ដ៏​ងាយស្រួល និង​តម្លៃ​សំបុត្រ​យន្តហោះ​ដ៏​សមរម្យ​។​ បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​ផ្លូវ​ហោះហើរ​ចំនួន ៦៣ ខ្សែ​ក្នុងប្រទេស​វៀតណាម​ដោយ​ហោះហើរ​ទៅកាន់​គោលដៅ​អន្តរជាតិ​នានា​ដូចជា​ប្រទេស​ថៃ ប្រទេស​កូរ៉េខាងត្បូង ប្រទេស​តៃវ៉ាន់ ប្រទេស​ម៉ាឡេស៊ី ប្រទេស​ចិន និង​ប្រទេស​មី​យ៉ាន់​ម៉ា​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684