ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ​នាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​សម្ពោធ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​ស៊ី​អាន ប្រចាំ​ទីក្រុង​ស៊ី​អាន​ខេត្ត​សាន​ស៊ី​ប្រទេស​ចិន

ភ្នំពេញ ​៖ ​បន្ទាប់ពី​ស្នាក់អាស្រ័យ​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទីក្រុង​ប៉េកាំង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រកបដោយ​លទ្ធផល​ដ៏​ត្រចះត្រចង់​រួចមក​នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែឧសភា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អញ្ជើញ​ធ្វើដំណើរ​ចាក​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ប៉េកាំង ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ស៊ី​អាន​ខេត្ត​សាន​ស៊ី ដើម្បី​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​ស៊ី​អាន​ប្រចាំ​ទីក្រុង​ស៊ី​អាន​ខេត្ត​សាន​ស៊ី​ប្រទេស​ចិន។

នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ស៊ី​អាន​ខេត្ត​សាន​ស៊ី​វត្ត​មាន​នៃ​ការ​អញ្ជើញ​ដល់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​គណៈប្រតិភូ​ជាន់ខ្ពស់​ត្រូវ​បាន​ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​និង​ស្និទ្ធស្នាល​បំផុត​ពី​លោក ហ៊ូ​ហឺ​ភីង អភិបាលខេត្ត​សាន​ស៊ី ព្រមទាំង​វត្តមាន​ឥស្សរជន​ជាន់ខ្ពស់​ខេត្ត​សាន​ស៊ី​និង​មន្ត្រី​ពាណិជ្ជកម្ម​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ទីក្រុង​ស៊ី​អាន​ខេត្ត​សាន​ស៊ី​ប្រទេស​ចិន​ជាច្រើនរូប។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​លោក ហ៊ូ ហឺ​ភីង​អភិបាលខេត្ត​សាន​ស៊ី ព្រមទាំង​ថ្នាក់ដឹកនាំ​ខេត្ត​សាន​ស៊ី​ជា​ច្រើន​រូប​ទៀត​បាន​អញ្ជើញ​ក្នុង​ពិធី​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​ស៊ី​អាន​ប្រចាំ​ទីក្រុង​ស៊ី​អាន​ខេត្ត​សាន​ស៊ី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

នៅ​ក្នុង​របាយការណ៍​របស់​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​ស៊ី​អាន​ស្ថិត​ក្នុង​ទីតាំង​ដ៏​សមរម្យ​មួយ​នៃ​អគារ​ពាណិជ្ជកម្ម​របស់​សមាគម​សេដ្ឋកិច្ច​វប្បធម៌​កម្ពុជា​-​ចិន មាន​ឈ្មោះថា Qujiang Culture Building នៅ​បណ្តោយ​ផ្លូវ​លេខ​២៩២​សង្កាត់​គូ​យាន​ទីក្រុង​ស៊ី​អាន​ខេត្ត​សាន​ស៊ី​។

មជ្ឈមណ្ឌល​នេះ គ្រប់គ្រង​ដោយ​សមាគម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋបាល​និង​ពាណិជ្ជកម្ម​និង​ជាទី​កន្លែង​ផ្តល់​ព័ត៌មាន​ដោយ​ផ្ទាល់​ដល់​ពាណិជ្ជករ អ្នកទេសចរ​និង​វិនិយោគិន​ទាំង​បរទេស​និង​ចិន​ដែល​ចង់​ស្វែងយល់​ព័ត៌មាន​អំពី​កម្ពុជា​។

លោក​រដ្ឋមន្ត្រី​មានប្រសាសន៍​បន្ត​ថា នៅ​ក្នុង​មជ្ឈមណ្ឌល​នេះ​មានការ​ដាក់​តាំង​ពិព័រណ៍​ផលិតផល​ខ្មែរ​ខិត​ប័ណ្ណ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ព័ត៌មាន​ទាក់ទិន​ទៅ​នឹង​ការវិនិយោគ​និង​ឯកសារ​ផ្សេងៗ​អំពី​កម្ពុជា។

បន្ទាប់មក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​លោក​អភិបាលខេត្ត​សាន​ស៊ី​បាន​អញ្ជើញ​កាត់​ខ្សែបូ​របើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​ស៊ី​អាន​ប្រចាំ​ទីក្រុង​ស៊ី​អាន​ខេត្ត​សាន​ស៊ី​។ នៅ​ក្នុង​ពិធី​នោះ ដែរ សម្តេច​តេ​ជោ​និង​ថ្នាក់ដឹកនាំ​ទាំងអស់​អញ្ជើញ​ទស្សនាការ​ដាក់​តាំង​ពិព័រណ៍​សមិទ្ធផល​នានា​របស់​ប្រទេស​កម្ពុជា​ដែល​បានដាក់​តាំង​បង្ហាញ​នៅក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​ស៊ី​អាន​។

សូម​បញ្ជាក់​ដែរ​ថា កាលពី​ថ្ងៃទី​៣​ដល់​ថ្ងៃទី​៥​ ខែសីហា​ឆ្នាំ​២០១៦ ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្តេច​យាង​បំពេញ​ព្រះរាជ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ខេត្ត​សាន​ស៊ី​ហើយ​ជាមួយគ្នា​នេះ​ មេដឹកនាំ​ខេត្ត​សាន​ស៊ី​ក៏បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ជា​បន្តបន្ទាប់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ។

នៅ​ក្នុង​ទំនាក់ទំនង​ជាមួយ​ខេត្ត​សាន​ស៊ី ព្រះរាជាណាចក្រ​កម្ពុជា​បាន​បើក​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​នៅ​ទីក្រុង​ស៊ី​អាន​ខេត្ត​សាន​ស៊ី នៅ​ថ្ងៃទី​១៧​ ខែមិថុនា ឆ្នាំ​២០១៥ ដោយ​គ្រប​ដណ្តប់​ខេត្ត​សាន​ស៊ី ខេត្ត​កាន​ស៊ូ​និង​តំបន់​ស្វយ័ត​នី​ង​សែ​។ នៅ​លើ​ទំនាក់ទំនង​លើ​វិស័យ​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​កម្ពុជា​បាន​នាំចូល​ទៅកាន់​ខេត្ត​សាន​ស៊ី មាន​ទំហំ​ជាង​៤២​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៥ និង​ជិត​៥៣​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦​។

ការ​វិនិយោគ​របស់​ខេត្ត​សាន​ស៊ី នៅ​កម្ពុ​ជា​មាន​ទំហំ​ទឹកប្រាក់​១,៣៣ លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៥​។ ក្នុង​ឆ្នាំ​២០១៥ ចំនួន​ភ្ញៀវទេសចរ​ពី​ខេត្ត​សាន​ស៊ី​មកកាន់​ព្រះរាជាណាចក្រ​កម្ពុ​ជា​មាន​ចំនួន​១​ម៉ឺន​នាក់​។ បច្ចុប្បន្ន​មាន​និស្សិត​កម្ពុជា​ចំនួន​៤៧​នាក់​កំពុង​បន្ត​ការសិក្សា​នៅ​ខេត្ត​សាន​ស៊ី​និង​មាន​ប្រជាជន​កម្ពុជា​ចំនួន​២៤៧​នាក់​ស្នាក់នៅ​ខេត្ត​សាន​ស៊ី​ផងដែរ​។

ដោយឡែក​ទំនាក់ទំនង​ពាណិជ្ជកម្ម​និង​វិនិយោគ​ទ្វេភាគី​កម្ពុជា​-​ចិន មានការ​កើន​ឡើងជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ក្នុង​នោះ នៅ​ឆ្នាំ​២០១៤ កន្លងទៅ ការនាំ​ចូល​ពី​ចិន​មកកាន់​កម្ពុ​ជា​មាន​ចំនួន​៣.២៧៥​លាន​ដុល្លារ​,​ឆ្នាំ​២០១៥​មាន​ចំនួន​៣.៩២៦​លាន​ដុល្លារ​និង​ឆ្នាំ​២០១៦​មាន​ចំនួន​៣.៩៣០​លាន​ដុល្លារ។

ដោយឡែក​ការ​នាំ​ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​ក្នុង​ឆ្នាំ​២០១៤​ មាន​ចំនួន​៤៨២​លាន​ដុល្លារ​,​ឆ្នាំ​២០១៥​ មាន​ចំនួន​៤០៥​លាន​ដុល្លា​រ និង​ឆ្នាំ​២០១៦​មាន​ចំនួន​៨៣០​លាន​ដុល្លារ ពោល​គឺ​ទំហំ​ពាណិជ្ជកម្ម​សរុប​នៃ​ប្រទេស​ទាំងពីរ​ក្នុង​ឆ្នាំ​២០១៦ មាន​ចំនួន​៤.៧៦០​លាន​ដុល្លារ​អាមេរិក​។

កសិផល​កម្ពុជា​នាំចេញ​ទៅកាន់​ប្រទេស​ចិន​រួមមាន​អង្ករ កៅស៊ូ ដំឡូង​មី ស្ករស ម្រេច និង​គ្រាប់ស្វាយចន្ទី ។ វិនិយោគទុន​ចិន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦​កន្លងទៅ មាន​ទំហំ ៧១៦​លាន​ដុល្លារ បាន​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​វាយនភណ្ឌ​កាត់ដេរ វា​រី​អគ្គិសនី រោងចក្រ​កិនស្រូវ ក​សិ​-​ឧស្សាហកម្ម កៅស៊ូ ជី រ៉ែ​ថាមពល​និង​វិស័យ​សំណង់។

ការ​បោះ​ទុនវិនិយោគ​បរទេស​នៅ​កម្ពុ​ជា​មាន​ចំនួន ២៨៤ គម្រោង​ស្មើនឹង​ទឹកប្រាក់ ៤.៣០០ លាន​ដុល្លា​អាមេរិក ក្នុង​នោះ​ប្រទេស​ចិន​ជាប់​ចំណាត់ថ្នាក់​លេខ​១​ក្នុងចំណោម​អ្នកវិនិយោគទុន​បរទេស​មកពី ១៨ ប្រទេស​។

ខេត្ត​សាន​ស៊ី​មាន​ផ្ទៃក្រឡា​ទំហំ​២០៥.៨០០​គីឡូម៉ែត្រ​ការ៉េ​និង​មាន​ប្រជាជន​រស់នៅ​ប្រមាណ​ជាង​៣៨​លាន​នាក់​។​ផលិតផល​សរុប​ក្នុងស្រុក​ឆ្នាំ​២០១៦ ផ​.​ស​.​គ ប្រហែល ២៨៩ ប៊ី​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​ផលិតផល​សរុប​សម្រាប់​មនុស្ស​ម្នាក់ៗ​ទទួល​បាន​ប្រមាណ ៧.៦០៩ ដុល្លារ​អាមេរិក អត្រា​កំណើន​៧,២%​ក្នុង​១​ឆ្នាំៗ​។ សក្តានុពល​ធនធាន​រ៉ែ មានតម្លៃ​ប្រហែល​៤២,៥៦ ទ្រី​លាន​យ័ន តំណាង​ឲ្យ​១​ភាគ​៣ នៃ​ធនធាន​រ៉ែ​ក្នុងប្រទេស​ចិន​និង​ជាប់​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ប្រទេស​ចិន​។

ការនាំចេញ​របស់​ខេត្ត​សាន​ស៊ី មាន​ចំនួន​១០៤.៤៦១​ពាន់​លាន​យ័ន​ស្មើ​នឹង​១៥,២០​ពាន់​លាន​ដុល្លារ​អាមេរិក​កើន​ឡើង​១៣,៧%​ធៀប​និង​ឆ្នាំ​២០១៥​។ ការ​នាំចូល​មាន​ចំនួន ៩៣,០១៩​ពាន់​លាន​យ័ន ស្មើនឹង​១៣ ,២៨​ពាន់​លាន​ដុល្លារ មានការ​ធ្លាក់​ចុះ​ពី​ឆ្នាំ​២០១៥ ចំនួន​៤៨%​។

ពាណិជ្ជកម្ម​សរុប​ឆ្នាំ​២០១៦ មាន​ចំនួន​១៩៧ ,៤៨០​ពាន់​លាន​យ័ន​ស្មើនឹង ២៨,២១ ពាន់​លាន​ដុល្លារ កើនឡើង​៤២%៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684