ភ្នំពេញ ៖ តារាចម្រៀង និងកំប្លែងវ័យក្មេងពូកែវោហារស័ព្ទ ស្ថិតនៅក្នុងក្រុមនាយ ពែក មី គឺនាយ ចឺម ថ្មីៗនេះបង្កការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលដល់មហាជន ខណៈនៅសុខៗស្រាប់តារាកំប្លែងវ័យក្មេងរូបនេះ បានទម្លាយរូបភាពប្រមាណ៥ ទៅ៦សន្លឹក ជាមួយរថយន្តស៊េរីទំនើបថ្មីមួយគ្រឿងទៀត ដែលជាសមាជិកថ្មីទើបនឹងទទួលបានពីការឧបត្ថម្ភធ្វើជាកាដូ ពីសំណាក់ឪពុកធម៌ម្ចាស់ផលិតកម្ម BKS។
ជាមួយគ្នានេះ បើតាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់តារាកំប្លែងនាយ ក្រូច ដែលគេដឹងគ្រប់គ្នាថា ជាពូរបស់នាយ ចឺមនោះ បានសម្តែងអារម្មណ៍សាទរថា ជឿទេថាម្ចាស់ផលិតកម្ម BKS ធ្វើកាដូថ្មីជូននាយ ចឺម បើមិនជឿអោយលុយមកហិហិហិ សប្បាយជួសក្មួយសំណាងមែនក្មួយពូ។
ជុំវិញដំណឹងល្អរបស់នាយ ចឺម ដែលត្រូវបានឪពុកធម៌ម្ចាស់ផលិតកម្ម BKS ផ្តល់កាដូ រថយន្តស៊េរីទំនើបម៉ាក TUNDRA ដ៏ថ្មីសន្លាងនេះ កម្ពុជាថ្មី នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ បានភ្ជាប់ទំនាក់ទំនងតាមទូរស័ព្ទជាច្រើនលើក ដើម្បីសួរនាំពីចំណាប់អារម្មណ៍បន្ថែមដែរ ប៉ុន្តែទូរស័ព្ទមិនអាចធ្វើការទាក់ទងបានឡើយ។ ដោយឡែកងាកមកចាប់អារម្មណ៍នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាយ ចឺម ឯណេះវិញ គឺបានបញ្ជាក់ដោយខ្លីថា អរគុណណាស់លោកប៉ា ដែលធ្វើឲ្យកូនរំភើបដោយមិនដឹងខ្លួន ជូនពរឲ្យលោកប៉ាសុខភាពល្អរកស៊ីមានបាន។
ជាការកត់សម្គាល់ តារាកំប្លែងប្រុសវ័យក្មេងមានដើមកំណើតមកពីទឹកដីខេត្តកំពង់ស្ពឺ នាយ ចឺម អំឡុងមួយរយៈពេលចុងក្រោយ ពោលគឺ២ ទៅ៣ឆ្នាំនេះ ទាំងអាជីពកំប្លែង និងចម្រៀងហាក់មានស្ទុះឡើងមិនធម្មតាឡើយ នេះបើប្រៀបធៀបជាមួយតារាផ្សេងឯទៀត គឺនាយ ចឺម ជាតារាវ័យក្មេងដែលអាចរកបានប្រាក់ចំណូលខ្ពស់មិនចាញ់គេឡើយ៕