ព័ត៍មានទាន់​ហេតុការណ៏
Search

ពលករ​ខ្មែរ​១០​នាក់ ​ឆ្លងដែន​ចូល​កាប់​ឈើ​ក្នុង​ដី​ថៃ​ ត្រូវបាន​កាត់ទោស​ និង​ផាកពិន័យ ​រួច​បញ្ជូនមក​កម្ពុជា​វិញ

បន្ទាយមានជ័យ​ ៖​ ពលករ​ខ្មែរ​១០​នាក់ ក្នុងចំណោម ១៩​នាក់ ដែល​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ពេល​ឆ្លងដែន​ខុសច្បាប់​ ​​ត្រូវបាន​តុលាការ​កាត់ទោស​ និង​ផាកពិន័យ​ រួច​បាន​បញ្ជូនមកដល់​កម្ពុជា​វិញ​ហើយ បន្ទាប់ពី​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ​ប្រចាំខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ ​បាន​សម្របសម្រួល​បញ្ជូន​មកវិញ​។

យោងតាម​របាយការណ៍​របស់​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ​ប្រចាំខេត្ត​សាកែវ ​បានឲ្យដឹងថា​ ការកាត់ទោស​ និង​ផាកពិន័យ​រួច​បញ្ជូនមក​កម្ពុជា​វិញ​នេះ មាន​ចំនួន​១០​នាក់​ សុទ្ធតែជា​អ្នករស់នៅ​ខេត្តបន្ទាយមានជ័យ​ បាន​ឆ្លងដែន​ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ឧទ្យាន​ជាតិ​ប៉ាង​ស៊ី​ដា រ​បស់​ថៃ​ នៅក្នុង​ស្រុក​មឿង​សា​កែវ ខេត្ត​សា​កែវ​ កាលពី​ថ្ងៃទី​១៤ ខែឧសភា ​ឆ្នាំ​២០១៧ ​កន្លងទៅ ​ត្រូវបាន​មន្ត្រី​អនុរក្ស​រួមជាមួយ​សមត្ថកិច្ច​ថៃ​ល្បា​ត​ប្រទះឃើញ​ចាប់បាន​។

​ពលករ​ខ្មែរ​ទាំង​១០​នាក់នេះ ​ក្រោម​ការសម្របសម្រួល​រប​ស់​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ​ជាមួយ​តុលាការ​ សមត្ថកិច្ច​ថៃ​បាន​ដោះលែង​នៅ​ម៉ោង៣​រសៀល ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៧ ​ជាមួយនឹង​ការបង់​ផាកពិន័យ​ក្នុង​ម្នាក់ៗ ២៥០០​បាត ពីបទ​”​ឆ្លងដែន​ខុសច្បាប់​”​ ហើយ​បញ្ជូនមក​កម្ពុជា​វិញតាម​ច្រកទ្វារ​អ​ន្តរ​ជាតិ​ប៉ោយប៉ែត កាលពី​វេលា​ម៉ោង​ ៩​យប់មិញ​នេះ​។​

សូមបញ្ជាក់ថា ជា​ញឹកញាប់​ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លង​ដែល​ខុសច្បាប់​ចូល​កាប់​ឈើ​ក្នុង​ទឹកដី​ថៃ ​ជាច្រើន​នាក់ ​ក្នុង​មួយឆ្នាំៗ ត្រូវ​រងគ្រោះ​របួស​ ឬ​ស្លាប់​និង​ចាប់ខ្លួន​កាត់ទោស​ជាប់ពន្ធនាគារ​ថៃ​ នៅពេល​សមត្ថកិច្ច​ថៃ​បង្ក្រាប​ហើយ​មូល​ហេតុនេះ ​ដោយសារ​តែមាន​ឈ្មួយ​ ឬ​ថៅកែ​ឈើ​គ្រញូង​របស់​កម្ពុជា ​បាន​នាំ​ ឬ​ក៏​ជួល​ឲ្យ​ពលរដ្ឋ​ប្រដាប់​ដោយ​សម្ភា​រៈ​កាប់​ឈើ​ ឆ្លងដែន​ចូល​ដី​ថៃ​ នៃ​តំបន់​ព្រៃឈើ ​តាមរយៈ​ការសហការ​ជាមួយ​សមត្ថកិច្ច​បើកភ្លើង​ខៀវ​ឲ្យ​ឆ្លងដែន ​រួច​រង់ចាំ​ទទួល​ឈើ​​ទៅ​លក់​ប្រទេស​វៀតណាម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114