ភ្នំពេញ ៖ តារាចម្រៀងប្រុសរូបសង្ហាប្រចាំផលិតកម្មថោនលោក សុគន្ធ ថេរ៉ាយុ ថ្មីៗត្រូវបានប្រភពពីមិត្តភក្តិអ្នកសិល្បៈស្និទ្ធស្នាលបង្ហើបមកថា បច្ចុប្បន្នតារាប្រុសរូបនេះហាក់មិនសូវសប្បាយចិត្តប៉ុន្មានទេ ចាប់តាំងពីកើតមានជំងឺម្យ៉ាងដែលរាល់ថ្ងៃតែងធ្វើឲ្យលោក សុគន្ធ ថេរ៉ាយុ មានអារម្មណ៍ឆេវឆាវខុសប្លែកពីពេលកន្លងមក។ ខណៈសេវាព្យាបាលក៏មិនទាន់ច្បាស់ថាលោកមានជំងឺអ្វីឲ្យពិតប្រាកដផងនោះ។
ប្រភពដដែលនេះបានបន្ថែមទៀតថា មិនត្រឹមតែកើតទុក្ខពុំសប្បាយចិត្តជាមួយបញ្ហាសុខភាពនោះទេ លោក សុគន្ធ ថេរ៉ាយុ ពេលនេះហាក់កំពុងតែដេកព្រួយបារម្ភចំពោះជំងឺនេះផងដែរព្រោះមិនទាន់មានការបញ្ជាក់ណាមួយថាជាជំងឺអ្វីនៅឡើយទេ។
ទន្ទឹមពេលជាមួយគ្នានៃការបង្ហើបខាងលើនេះ តារាចម្រៀងលោក សុគន្ធ ថេរ៉ាយុ ក៏បានថ្លែងប្រាប់ឲ្យដឹងថា ខ្ញុំក៏មិនយល់ដែរថាខ្លួនខ្ញុំកំពុងកើតជំងឺអ្វីឲ្យពិតប្រាកដដែរ ដឹងត្រឹមថាពេលល្ងាចឡើងខ្ញុំចាប់ផ្តើមអស់កម្លាំងហត់ទន់ដៃ ទន់ជើង ពិបាកដកដង្ហើមចង់តែគេង ហើយបើគេងវិញមិនដឹងស្អីខ្លះទេហោះចូលមកពេញខួរគិតនេះគិតនោះ ហើយឲ្យតែញ៉ាំអ្វីបន្តិចបានមួយភ្លែតឆាប់ឃ្លានវិញ។
លោក សុគន្ធ ថេរ៉ាយុ បានបញ្ជាក់ថា ពេលខ្លះក៏មានអារម្មណ៍ថាវិលមុខ ខ្ញុំមានអារម្មណ៍ថាខ្ញុំធុញនឹងខឹងខ្លួនឯងណាស់ មកកើតជំងឺ ឆ្កួតឡប់ អ្វីបែបនេះរកតែធ្វើការងារអ្វីឲ្យគេមិនបានពេញដៃពេញជើងទេ ហើយពេលខ្លះក៏បាក់ទឹកចិត្តចង់ឈប់ធ្វើអ្វីគ្រប់យ៉ាង ខ្ញុំពិតជាចង់បានសុខភាពខ្ញុំពីមុនមកវិញណាស់ មិនដឹងគ្រូពេទ្យណាអាចជួយខ្ញុំបានទេ ? ខ្ញុំដេកពិបាកចិត្តរាល់ថ្ងៃខ្លាចវាកើតបែបនេះរហូត ខ្ញុំមិនចង់នៅបែបនេះទេ។ តើមានមនុស្សប៉ុន្មាននាក់កើតជំងឺដូចខ្ញុំ?៕