ព័ត៍មានទាន់​ហេតុការណ៏
Search

ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ឆ្នាំ​២០១៧ គ្មាន​ការប្រកួត​ទេ​ចុង​សប្ដាហ៍​នេះ​

​ពានរង្វាន់​ជម្រើស​ជើងឯក​ជាតិ (Metfone Cambodian League ឬ MCL 2017) មិនមាន​កម្មវិធី​ប្រកួត​នោះទេ នៅ​ចុង​សប្ដាហ៍​នេះ ក្រោយ​ចប់​ជើង​ជើង​ទី​១ ខណៈ​ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង បន្ត​ឈរ​កំពូល​តារាង​ដដែល​។

​យោងតាម​កាលវិភាគរ​បស់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា នៅ​ចុង​សប្ដាហ៍​នេះ​ត្រូវឲ្យ​ក្លិប​ជា​សមាជិក​ទាំង​ ១២​សម្រាក​សិន ខណៈ​ក្រុម​ទាំងអស់​បន្ត​ប្រកួត​សប្ដាហ៍​ទី​១២ របស់ខ្លួន​ជា​បន្តទៅ​ចុង​សប្ដាហ៍​ក្រោយ​។ សម្រាប់​ប្រកួត​សប្ដាហ៍​ទី​១២ ដែលជា​ជុំ​ទី​២​នៅ​ថ្ងៃទី​២៧ ខែឧសភា ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ជួប​ក្រុម​ក្រសួងការពារជាតិ នៅវេលា​ម៉ោង​ ៣​រសៀល​លើ​ទីលាន​កីឡដ្ឋាន​វេ​ស្ទើ​ន ហើយ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ទទួល​ព្រះខ័ន​រាជ​ស្វាយរៀង នៅ​ម៉ោង​៣​រសៀល​ដូចគ្នា​លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប និង​ក្រុម​បឹងកេត ជួប​ក្រុម​ភ្នំពេញ​ក្រោ​ន នៅ​ម៉ោង​ ៦​ល្ងាច​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​។ ចំណែក​នៅ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៧ ក្រុម​អគ្គីសនី​កម្ពុជា ប៉ះ​ក្រុម​ស៊ីម៉ាក់ នៅវេលា​ម៉ោង​ ៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង ហើយ​ក្រុម​ណាហ្គា​វើ​ល ជួប​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅវេលា​ម៉ោង ​៦​ល្ងាច​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ និង​ក្រុម​អាស៊ី​អឺរ៉ុប ប៉ះ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ នៅ​ម៉ោង ​៦​ល្ងាច​លើ​ទីលាន​ស្តា​ត​ចាស់​។​

​សរុប​ចំណាត់ថ្នាក់​បណ្ដោះអាសន្ន​ក្រោយ​ប្រកួត​បាន​១១ សប្ដាហ៍​របស់​លី​គ​កំពូល​កម្ពុជា មាន​គឺ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ត​ឈរ​លេខ​១​មាន​២៤ ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម​ក្រសួងការពារជាតិ មាន ​២១​ពិន្ទុ ហើយ​ក្រុម​ណាហ្គា​វើ​ល ឡើង​មកឈរ​លេខ​៣ មាន​២១​ពិន្ទុ​ដូចគ្នា​តែ​ខុស​គ្រាប់​បាល់​ចំណេញ ខណៈ​ក្រុម​បឹងកេត ឈរ​លេខ​៤ មាន​២០​ពិន្ទុ​។ ក្រុម​ភ្នំពេញ​ក្រោ​ន ធ្លាក់​ទៅ​លេខ​៥ មាន​១៨​ពិន្ទុ ហើយ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ឈរ​លេខ​៦​មាន​១៧​ពិន្ទុ ហើយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឈរ​លេខ​៧ មាន​១៥​ពិន្ទុ​។ ក្រុម​លេខ​៨ គឺ​អគ្គីសនី​កម្ពុជា មាន​១៣​ពិន្ទុ ដែរ នៅ​ពីលើ​ក្រុម​លេខ​៩ វេ​ស្ទើ​ន​ភ្នំពេញ មាន​១២​ពិន្ទុ ហើយ​ក្រុម​អាស៊ី​អឺរ៉ុប ឈរ​លេខ​១០ មាន​១០ ពិន្ទុ ដូចគ្នា ក្រុម​ស៊ីម៉ាក់ ឈរ​លេខ​១១ មាន​៨​ពិន្ទុ ស្របពេល​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ឈរ​លេខ​១២​មាន​២​ពិន្ទុ​។​

​សូម​រំលឹកថា​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានសម្រេច​បង្កើន​ក្រុម​ជា​សមាជិក​លី​គ​កំពូល​របស់ខ្លួន​ឱ្យ​កើនឡើង​រហូតដល់​១២​ក្លិប ដោយ​ត្រូវ​ប្រកួត​គ្នា​ចំនួន​២​ជុំ និង​បន្ត​វគ្គ​ Play-Off ស្វែងរក​ជើងឯក ដោយ​ចាប់​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៨ ខែកុម្ភៈ ដល់​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៧​។ ក្រុម​ជើងឯក​លី​គ​កំពូល​កម្ពុជា មានឱកាស​ប្រកួត​លើ​ឆាក​អន្តរជាតិ​ជាច្រើន​ដូចជា​ពានរង្វាន់ Toyota Mekong Club Championship និង​ពានរង្វាន់ AFC Cup ជាដើម​៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684