ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​ចំណាស់​ម្នាក់​ទាស់​សំដី​ជាមួយ​ប្រពន្ធ​ទាំង​កណ្ដាល​យប់ រួច​រត់​ទៅ​លោតទឹក​បង្ក​ការ​ភ្ញាក់ផ្អើល

ភ្នំពេញ ៖ ​បុរស​ចំណាស់​ម្នាក់​ ដែល​មាន​វ័យ​៥៣​ឆ្នាំ ឈ្មោះ​ សុន រ៉ា​ន់ បាន​សម្រេច​ចិត្ត​លោតទឹក​សម្លាប់ខ្លួន​ពីលើ​ស្ពាន​ព្រះមុនីវង្ស​ចាស់ ​ស្ថិត​ក្នុង​សង្កាត់​ច្បារអំពៅ​ទី​២​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ ទាំងយប់ ​​បន្ទាប់ពី​ទំនាស់​ពាក្យសំដី​ជាមួយ​ប្រពន្ធ​រួចមក​។

​តាម​ប្រភព​ព័​ត៌​មាន​ពី​លោក​អនុសេនីយ៍ឯក​ ទេព បូរ៉ា នាយ​នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​ទី​២​ បាន​ឲ្យ​ដឹងថា​ នៅវេលា​ម៉ោង​០០​​ និង​៤៥​នាទី​យប់​ រំលង​អធ្រាត្រ​ ឈានចូល​ថ្ងៃទី​១៩​ ខែឧសភា ​ឆ្នាំ​២០១៧ ​ មាន​ប្រជាពលរដ្ឋ​ និង​អ្នកធ្វើដំណើរ​ឆ្លងកាត់​កំណាត់​ស្ពាន​ព្រះមុនីវង្ស​ចាស់ ​បាន​នាំ​គ្នាឈរ​មើល​ពីលើ​ស្ពាន​ បន្ទាប់ពី​ដឹងថា​មាន​បុរស​វ័យ​ចំណាស់​ម្នាក់​បាន​លោតទឹក​សម្លាប់ខ្លួន​ពី​ស្ពាន។​ បន្ទាប់ពី​មាន​ហេតុការណ៍​នេះ​កើតឡើង ​គេ​បានឃើញ​ទូក​នេសាទ​បានចេញ​ទៅរ​ក​ ប៉ុន្តែ​រក​ពុំ​ឃើញ​ព្រោះ​ជនរងគ្រោះ​បាន​លេច​ចូលទៅក្នុង​ទឹក​បាត់​។

លោក ​ទេព បូរ៉ា បាន​បន្តថា ​លុះ​ប្រមាណ​ជា​១​ម៉ោង​ក្រោយមក ​ក៏មាន​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​រត់​មក​ស្រែកយំ​ ព្រមទាំង​ស្វែងរក​ទូក​នេសាទ​ឲ្យ​ជួយ​រាវរក​ ហើយ​បាន​ប្រាប់ថា ​អ្នក​មក​លោតទឹក​សម្លាប់​ខ្លួន​នេះ​ គឺជា​ឪពុក ​និង​ជា​ប្តី​ឈ្មោះ​ សុន រ៉ា​ន់ អាយុ​៥៣​ឆ្នាំ​ មុខរបរ​លក់ដូរ​ក្នុង​ផ្សារ​ច្បារអំពៅ​ បាន​ទំនាស់​ពាក្យសំដី​ជាមួយ​ប្រពន្ធ​មុនពេល​កើតហេតុ​។

ការស្វែងរក​សព​ជនរងគ្រោះ​តាំងពី​យប់​រហូតដល់រ​សៀ​ល ​ថ្ងៃទី​១៩​នេះដែរ​នៅពុំ​ទាន់​រកឃើញ​ ហើយក៏​ធ្វើ​ឲ្យ​អ្នកដំណើរ​នាំគ្នា​ឈប់​យានជំនិះ​ពេញលើ​ស្ពាន​ បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ទៀតផង​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684