ព័ត៍មានទាន់​ហេតុការណ៏
Search

រន្ទះ​​ឥត​មេត្តា ​ឆក់​យក​សង្ខារ​ស្ត្រី​ម្នាក់ ​ជាមួយ​នឹង​កូន​ដំបូង​ក្នុង​ផ្ទៃ​​ ទើបបាន​២​ខែ

ពោធិ៍សាត់ ​៖​ ស្ត្រី​ទើប​មាន​ផ្ទៃពោះ​បាន​២​ខែ​ និង​ជា​កូន​ដំបូង​របស់​ខ្លួន ​ជា​អកុសល​ត្រូវ​បាន​រន្ទះបាញ់​ឆក់​យក​ជីវិត​ស្លាប់​នឹង​កន្លែង​មួយ​រំពេច ខណៈ​ចុះមក​ត្រង​ទឹក​ដាក់​ពាង​ក្បែរ​សំយាប​ផ្ទះ​ ពេល​មេឃ​កំពុង​ធ្លាក់​ភ្លៀង។

បាតុភូត​ធម្មជាតិ​ដ៏​សាហាវ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​​និង​៣០​នាទី​រសៀល ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៧ ត្រង់​ចំណុច​សំយាប​ផ្ទះ​ជនរងគ្រោះ​ឈ្មោះ ថន សុភ័ណ អាយុ​៣៨​ឆ្នាំ ភេទ​ស្រី រស់នៅ​ភូមិកំប៉ាង ឃុំ​ស្វាយដូនកែវ ស្រុក​បាកាន ខេត្តពោធិ៍សាត់​។​

លោក យ៉ែម យឿន អធិការ​រង​នគរបាល​ស្រុក​បាកាន​ បាន​ឲ្យ​ដឹង​ថា ​៖​ ស្ត្រី​រងគ្រោះ​ខាង​លើ ​ជា​កសិករ ​មាន​គ្រួសារ​២​ឆ្នាំ​ហើយ ដោយ​ទើប​តែ​មាន​ផ្ទៃពោះ​ជា​លើកដំបូង​ក្នុង​ផ្ទៃ​បាន​ប្រមាណ​ជា​២​ខែ​ប៉ុណ្ណោះ។ នៅ​ថ្ងៃ​កើតហេតុ​ខាងលើ មាន​ខ្យល់​កន្ត្រាក់​ខ្លាំង និង​មាន​ភ្លៀង​ធ្លាក់ រួម​នឹង​ផ្គរ​រន្ទះលាន់​ឮ​គ្រហឹង។ ស្រប​ពេល​មេឃ​កំពុង​ធ្លាក់​ភ្លៀង ​ស្ត្រី​រងគ្រោះ​បាន ចុះ​ពី​លើ​ផ្ទះ​មក​ដី ដើរ​ទៅ​ក្បែរ​ពាង​ទឹក​អែប​សំយាប​ដើម្បី​ត្រង​ទឹក​ភ្លៀង​ដាក់​ពាង។ ភ្លាម​នោះ​ រន្ទះក៏បាន​បាញ់​ចំ​ស្ត្រី​នេះ​ ដេក​ដួល​មួយ​រំពេច ជាមួយ​នឹង​កូន​ក្នុង​ផ្ទៃ​ប្រមាណ​ជា​២​ខែ​ស្លាប់​ជាមួយគ្នា​នោះ​តែម្ដង។

លោក​អធិការរង​បន្ត​ថា ​៖ ក្រោយពេល​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ពិនិត្យ​ និង​បានសន្និដ្ឋាន​ថា ស្ត្រី​រងគ្រោះ​ត្រូវ​រន្ទះ​បាញ់​ស្លាប់​ពិត​ប្រាកដ ដោយ​រាងកាយ​មាន​ស្នាម​ជាំ​ពេញ​ខ្លួន ហើយ​ត្រង់​កទន់​កក្លាក់​ ទំនងជា​បាក់.ក។ សព​ត្រូវបានក្រុមគ្រួសារ​តម្កល់​លំនៅឋាន​ផ្ទាល់ខ្លួន​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684