ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Macron ឆ្ពោះ​ដំណើរ​ទៅ​ប្រទេស​ម៉ាលី ​ដើម្បី​អះអាង​ជាថ្មី​នូវ​ការប្តេជ្ញា​របស់​បារាំង​ក្នុងការ​ប្រយុទ្ធប្រឆាំង​ក្រុម​ជី​ហាដ​ ​

នៅ​ថ្ងៃ​សុក្រ លោក​ប្រធានាធិបតី Emmanuel Macron បានធ្វើ​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​ក្នុងនាម​ជា​អគ្គមេបញ្ជាការ​នៅពេល​លោក​ជួប​ជាមួយ​កងទ័ព​ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ពួក​សកម្មប្រយុទ្ធ​ឥស្លាម​និយម​ក្នុងប្រទេស​ម៉ាលី​ដែលជា​កន្លែង​ស្ថានភាព​សន្តិសុខ​កាន់តែ​អាក្រក់​ឡើង​បើទោះបី​ជាមាន​អន្តរាគមន៍​របស់​បារាំង​អស់​រយៈពេល​ជាង​បួន​ឆ្នាំ​មកហើយ​ក៏ដោយ​។​

តំបន់ Sahel ដែលជា​តំបន់​ផុយស្រួយ​ផ្នែក​នយោបាយ​មួយ​ត្រូវបាន​គេ​មើលឃើញថា​ជា​កន្លែង​ងាយ​រងគ្រោះ​បន្ទាប់ពី​មានការ​វាយប្រហារ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ​។​

នោះបាន​បង្ក​ជាការ​យកចិត្តទុកដាក់​បន្ទាប់ពី​កំណើន​អំពើហិង្សា​នៅ​ទូទាំងប្រទេស​ម៉ាលី​ដែលជា​កន្លែង​អតីត​មហាអំណាច​អាណានិគម​បាន​អន្តរាគមន៍​ជាង​បួន​ឆ្នាំ​មកហើយ​ដើម្បី​បណ្តេញ​ពួក​សកម្មប្រយុទ្ធ​ក្នុង​ឆ្នាំ​២០១២​ហើយ​ប៉ុនប៉ង​គ្រប់គ្រង​រដ្ឋាភិបាលកណ្តាល​ក្នុង​ទីក្រុង Bamako ។​



លោក Macron ដែលជា​អ្នក​ចំណូល​ថ្មី​ផ្នែក​ការទូត​អន្តរជាតិ​បានដាក់​ការប្រឆាំង​អំពើ​ភេរវកម្ម​នៅ​ទី​កំពូល​នៃ​អាទិភាព​សន្តិសុខ​របស់​លោក​ក្នុងអំឡុងពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ដោយបាន​ប្តេជ្ញា​ថា​នឹង​ពង្រឹង​ការគាំទ្រ​ដល់​បណ្តា​សម្ព័ន្ធមិត្ត​អាហ្វ្រិក​ខាងលិច​។​

អ្នកការទូត​បារាំង​ជា​ន់​ខ្ពស់​ម្នាក់​បាន​និយាយថា “​លោក Emmanuel Macron បានធ្វើការ​ប្តេជ្ញាចិត្ត​ក្នុងអំឡុងពេល​យុទ្ធនាការ​នេះ​ដើម្បី​ទៅ​និង​មើល​ទាហាន​ដែល​ចូលរួម​នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​អំពើ​ភេរវកម្ម​”​។​

ការធ្វើដំណើរ​ទៅ​ទីក្រុង Gao ដែលជា​កន្លែង​កងទ័ព​ប្រហែល​១,៦០០​នាក់​បាន​តាំងនៅ​ និង​ជា​កន្លែង​ដែល​លោក​ក៏​នឹង​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​របស់​ប្រទេស​ម៉ាលី​លោក Ibrahim Boubacar Keita ផងដែរ​នោះ​នឹង​បញ្ជាក់​ជាថ្មី​នូវ​ការចូលរួម​របស់​ទីក្រុង​ប៉ារីស​ដែល​ផ្ទុយស្រឡះ​ទៅនឹង​អ្នក​កាន់តំណែង​មុន​របស់លោក​គឺ​លោក Francois Hollande ដែល​បានចាប់ផ្តើម​អាណត្តិ​របស់លោក​ដោយ​ការដក​កងទ័ព​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

គួរ​បញ្ជាក់ថា បន្ទាប់ពី​បញ្ជូនទាហាន​ទៅ​ប្រទេស​ម៉ាលី ចាប់តាំងពី​ពេលនោះ​មក បារាំង​បាន​ពង្រាយ​ទាហាន​ប្រហែល​៤,០០០​នាក់​នៅ​ទូទាំង​តំបន់​នេះ​ដើម្បី​ចាប់​ពួក​ឥស្លាម​និយម​ខណៈដែល​កង​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​ត្រូវបាន​ដាក់ពង្រាយ​ ដើម្បី​ធានា​ស្ថិរភាព​របស់​ប្រទេស​ម៉ាលី​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684