ព័ត៍មានទាន់​ហេតុការណ៏
Search

ឪពុកម្តាយ​ស្លាប់​អស់ កូន​មាន​ទំនាស់​រឿង​ដី​មរតក​

សៀមរាប ៖ ពេល​ឪពុកម្តាយនៅរស់​មិន​ព្រម​ចែក​ដីធ្លី​ទៅ​ឲ្យ​កូន​គ្រប់គ្នា​ទេ ឥឡូវ​​កំពុង​ទំនាស់​រឿង​ដី​មរតក ចែកគ្នា​មិនទាន់​ដាច់​ក្នុងចំណោម​កូន ៩​នាក់​។​

បើ​យោង​តាម​ឯកសារ​កាលពី​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ២០១១ ​របស់​គណៈកម្មាធិការ​ដោះស្រាយ​ដីធ្លី​បង្ហាញថា ការពិភាក្សា​បញ្ហា​ទំនាស់​ដីធ្លី រវាង​គ្រួសារ​ដែល​ពាក់ព័ន្ធ​ នឹង​កេរ​មរតកដែល​ឪពុក​បន្សល់​ទុក​ឲ្យ​កូន ប៉ុន្តែ​មិនមាន​អ្នកដឹង​ពី​បណ្តាំ​របស់​ឪពុក​ទេរហូត​ឪពុកម្តាយ​ស្លាប់​អស់។

លោក គឹម ប៉ូ​យ សាក្សី​នៅរស់​បាន​បំភ្លឺ​ថា បញ្ហា​ដី​មរតក​នេះ​ត្រូវ​កាត់​ជា​៣​កំណាត់​បាន​ ៣​នាក់ ដូច្នេះ​៣​កំណាត់​ស្មើនឹង​៩​នាក់ មិន​អាច​ឲ្យ​លោកយាយ ឈិ​ត កូយ ម្នាក់ឯង​បានទេ។ ចុងក្រោយ​លោក គឹម ប៉ូ​យ បាន​សំណូមពរ​សូម​ឲ្យ​មានការ​ចែក​ដី​មរតក​នេះ​ស្មើៗ​គ្នា​។ បន្ទាប់ពី​មានការ​សម្របសម្រួល​ពី​គណៈកម្មាធិការ​ និង​លោក គឹម ប៉ូ​យ ​រួច លោក​យា​យា ឈិ​ត កូយ ក៏បាន​ព្រមព្រៀង​ទទួលយក​ចំណែក​ស្មើៗ​គ្នា​។ ប៉ុន្តែ​លោកយាយ ឈិ​ត កូយ បាន​ឲ្យ​ប្អូនៗ​ជួយ​ចេញថ្លៃ​ធ្វើ​ប្លង់ដី​ចំនួ​ន ២០០$ ក៏​ប្អូនៗ​ជួយ​ទៀត​។​ លទ្ធផល​ចុងក្រោយ​គណៈកម្មាធិការ​នេះ ដោះស្រាយបាន​ជោគជ័យ ភាគី​ទាំង២​បាន​ឯកភាពគ្នា​។ ក្រោយ​មកដល់​ថ្ងៃ​ណាត់ជួប​គ្នាយកលុយ ២០០$​ ស្រាប់តែ​លោកយាយ ឈិ​ត កូយ ក្រឡាស់​មិន​ទទួលយក​ការដោះស្រាយ​ រួមទាំង​លុយ​២០០$ ទៀតផង​។ សាច់រឿង​ដី​មរតក​នេះ​បាន​ឈានដល់​ប្តឹង​គ្នា​មក​តុលាការ​ខេត្តសៀមរាប​។

សូមបញ្ជាក់ថា ដី​មរតក​ឈ្មោះ ឡែ​ម ហ៊ុន (​ស្លាប់​)​ និង​ប្រពន្ធ ឈិ​ត គង់ (​ស្លាប់​)​ត្រូវជា​ឪពុកម្តាយរបស់ ឈិ​ត កូយ ដែលជា​បងស្រី​ក្នុងចំណោមបងប្អូន ​៩​នាក់​។ ប៉ុន្តែ​លោកយាយ​ ឈិ​ត កូយ ក៏(​ស្លាប់​) ដែរ នៅសល់​កូន​បន្ត​រឿង​ដី​មរតក​នេះ​។ សាលាដំបូង​ខេត្តសៀមរាប​ រឿងក្តី​រដ្ឋប្បវេណី​លេខ៧៣ ចុះ​ថ្ងៃទី២ កុម្ភៈ ២០១៥ (​ប្តឹង​សុំ​បែងចែក​ដី​មរតក​) សាលក្រម​លេខ ២៧​ជ ថ្ងៃ​ប្រកាស​សាលក្រម​ថ្ងៃទី​០៨ កក្កដា​ ២០១៥ ដោយមាន​ខ្លឹមសារ​សម្រេច​ឲ្យ​ភាគីដើមចោទ​ និង​ចុងចោទចែក​ចំណែក​ស្មើៗ​គ្នា ក្នុង​ដី​ទំហំ​៦០០០​ម៉ែត្រការ៉េ​ ទៅតាម​ផ្លូវច្បាប់ ដែល​ស្ថិតនៅ​ក្នុងភូមិ​ព្រះ​ត្រពាំង ឃុំ​ដំ​ដែក ស្រុក​សូត្រ​និគម ខេត្តសៀមរាប ។

បន្ទាប់ពី​តុលាការ​សម្រេច​ឲ្យ​ចែក​ស្មើៗ​គ្នា​មក ក៏ឈ្មោះ​ កែវ សុខ​ផាន ត្រូវជា​កូន​(​ខ្មោច​សព្វ​) យាយ ឈិ​ត កូយ ជំទាស់​មិន​ទទួលយក ក៏បាន​ប្តឹងទៅ​សាលាឧទ្ធរណ៍​បាន​ចុះបញ្ជី​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៥ មកដល់​ថ្ងៃនេះ​មិនទាន់​ឃើញ​កោះហៅ​នៅឡើយ​ទេ​។ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​ឧសភា ​ឆ្នាំ​២០១៧ ចុង​បណ្តឹង​ឈ្មោះ កែវ សុខ​ផាន ភេទ​ស្រី អាយុ​ជាង៣០ឆ្នាំ បាន​អះអាងថា ​គាត់​នៅតែ​រក្សា​ដី​ក្បាល​២៥​ម៉ែត្រ បណ្តោយ​៩៥​ម៉ែត្រ ដែល​លោក ម៉ក់ ប្រុស អភិបាលស្រុក​ចុះ​វាស់វែង​ឲ្យ​កាលពី​ម្តាយ​នៅរស់​។

ករណី​ទំនាស់​ដី​មរតក​នេះ មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ម៉ក់ ប្រុស អភិបាលស្រុកសូត្រ​និគម ខេត្តសៀមរាប​ បានទេ ដោយ​ផ្នែក​រដ្ឋបាល​សាលាស្រុក​ប្រាប់ថា រវល់​ប្រជុំ​ហើយ​មិន​អាចឲ្យលេខទូរស័ព្ទ​លោក ម៉ក់ ប្រុស បានទេ​។

​រឿងរ៉ាវ​ដ៏​ចម្រូងចម្រាស​នេះ លោក ហ៊ីង ហៃ ភេទ​ប្រុស​ ជាកូន​ទី​២ អាយុ៥៩​ឆ្នាំ ​និង​ប្អូនៗ​បាន​ទទូច​សុំ ​ឲ្យ​ថ្នាក់​លើ​ជួយ​អន្តរាគមន៍​ជួយ​ពួកគាត់ឲ្យបាន​ដី​រស់នៅ​សមរម្យ​នឹង​គេ៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684