Connect with us

ព័ត៌មានជាតិ

គយ នឹងដាក់ចេញវិធានការមួយចំនួន លើកកម្ពស់ការប្រកូតប្រជែង​ពាណិជ្ជកម្មនៅកម្ពុជា

បានផុស

នៅ

អគ្គនាយកដ្ឋានគយ និងរដ្ឋាករ គ្រោងដាក់ចេញនូវវិធានការចាំបាច់នានា ជាមូលដ្ឋានសម្រាប់តួអង្គពាក់​ព័ន្ធយកទៅអនុវត្ត ដើម្បីបន្តកែលម្អនីតិវិធីការងារ និងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវមុខងារស្ថាប័ន ក្នុងន័យជំរុញឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និងការលើកកម្ពស់​ភាព​ប្រកួតប្រជែងរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពីការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញឆ្នាំ២០២៣ លោក សែ សុឃន អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានគូសបញ្ជាក់ថា ការសិក្សារយៈពេលនៃការបំពេញ​បែបបទបញ្ចេញទំនិញឆ្នាំ២០២៣នេះ ជាឧបករណ៍មួយសម្រាប់វាស់វែងរយៈពេល និងស្វែងរកនូវបញ្ហា​ប្រឈម​ក្នុងការបំពេញបែបបទនៅគ្រប់ដំណាក់កាល។

លោកបានបន្តថា ដោយអនុវត្តតាមវិធានការកំណែទម្រង់ស៊ីជម្រៅ និងមុតស្រួចពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្ម និងដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងកម្ពុជា ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រសួងស្ថាប័នពាក់​ព័ន្ធបាននិងកំពុងបន្តកែសម្រួល និងធ្វើឱ្យប្រសើរឡើងនូវនីតិវិធីបំពេញបែបបទដែលមានលក្ខណៈសាមញ្ញ និងប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សំដៅកាត់បន្ថយទាំងពេលវេលា​និងចំណាយរបស់ធុរកិច្ច​ពាណិជ្ជកម្ម​នៅកម្ពុជា។

អង្គសិក្ខាសាលាកាលពីថ្ងៃទី ២៤ វិច្ឆិកា ក៏បានស្វែងយល់ពីដំណើរការបំពេញបែបបទបញ្ចេញទំនិញពីគយ និងដំណើរ​ការផ្តល់លិខិតអនុញ្ញាតឬអាជ្ញាបណ្ណពាក់ព័ន្ធ និងការនាំចូលទំនិញ តាមរយៈបទបង្ហាញរបស់តំណាងអគរ និងតំណាង​ក្រសួង/ស្ថាប័នមួយចំនួន ដោយអ្នកជំនាញការរបស់រដ្ឋបាលគយជប៉ុន និងអ្នកជំនាញការរបស់អង្គការ JICA បានធ្វើ​បទបង្ហាញស្តីពីវិធីសាស្រ្ត និងបទពិសោធន៍នៃការអនុវត្តការសិក្សារយៈពេលបំពេញបែបបទបញ្ចេញទំនិញ។

សិក្ខាសាលានេះ គឺជាការចាប់ផ្តើមនៃដំណើរការសិក្សារយៈពេលបំពេញបែបទបញ្ចេញទំនិញលើកទី៤ ទាំងមូល ដែល​ការងារបន្ទាប់ គឺការប្រមូលទិន្នន័យនៅ អគរ និងតាមបណ្តាក្រសួង/ស្ថាប័នពាក់ព័ន្ធ ដែលគ្រោងនឹង​ចាប់ផ្តើម​ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ ដើម្បីរៀបចំរបាយការណ៍លទ្ធផលនៃការសិក្សាឆ្នាំ២០២៣ ដែលរំពឹង​ថា នឹង​ផ្សព្វផ្សាយជាសាធារណៈនៅត្រីមាសទី១ ឆ្នាំ២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម