ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ​បឹងកេត ២​ទល់​១ ក្នុងជំនួប​មិត្តភាព​កម្តៅ​សាច់ដុំ​ក្រៅផ្លូវការ

ក្រុមបាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង បាន​យកឈ្នះ​លើ​ក្រុម​បឹងកេត ដោយ​លទ្ធផល ២​ទល់​១ លើ​ទីលាន​វិទ្យាល័យ​បឹង​កេងកង នា​ល្ងាច​ថ្ងៃ​សុក្រ ទី​១៩ ខែឧសភា ឆ្នាំ​២០១៧ ខណៈ​ការប្រកួត​នេះ​ជា​ជំនួប​សម​ជើង​លក្ខណៈ​មិត្តភាព​កម្តៅ​សាច់ដុំ​ក្រៅផ្លូវការ​អំឡុង​ពេល​ពានរង្វាន់​ជម្រើស​ជើងឯក​ជាតិ (Metfone Cambodian League 2017) សម្រាក។

ជំនួប​ដែល​គ្រូបង្វឹក​ទាំងសងខាង​សម្លឹងមើល​សមត្ថភាព​កូន​ក្រុម​មួយ​នេះ កីឡាករ Obi និង ហួយ ផល្លី​ន បា​នរក​គ្រាប់​បាល់​ជ័យជម្នះ​ឲ្យ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ស្រប​ពេល​កីឡាករ ឃួន ឡា​បូ​រ៉ាវី បា​នរក​គ្រាប់​បាល់​ឲ្យ​បឹងកេត​។ ក្រុម​ទាំង​២​សុទ្ធតែ​សម្លឹង​កៅអី Top4 ដូចគ្នា​ក្នុង​ពានរង្វាន់​លីក​កំពូល​កម្ពុជា ក៏ដូចជា​សម្លឹង​មើល​កីឡាករ​ក្មេងៗ​ដើម្បី​ត្រៀម​ប្រកួត​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup) ផងដែរ។

ចំពោះ​ព្រះខ័ន​រាជ​ស្វាយរៀង ពេលនេះ​កំពុងតែ​ឈរ​ចំណាត់ថ្នាក់​កំពូល​តារាង​ពានរង្វាន់​លី​ក​កំពូល​កម្ពុជា ជា​បណ្តោះ​អាសន្ន​ក្រោយ ក្រោយ​ប្រកួត​១១​លើក​ឈ្នះ​រហូតដល់​៧​លើក ស្មើគ្នា​៣​លើក និង​ចាញ់​១​លើក មាន​២៤​ពិន្ទុ​ច្រើន​ជាង​គេ​។ សម្រាប់​ប្រកួត​បន្ទាប់​ក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង មួយ​នេះ​ត្រូវ​ជួប​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ នៅលើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប វេលា​ម៉ោង​៣​រសៀល ក្នុង​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៧ សម្រាប់​ជំនួប​សប្ដាហ៍​ទី​១២ នៃ​ពានរង្វាន់​លីក​កំពូល​កម្ពុជា។

ចំណែក​ក្រុម​បឹងកេត វិញ​ពេលនេះ​កំពុង​ឈរ​ចំណាត់ថ្នាក់​លេខ​៤ បណ្តោះអាសន្ន​ក្រោយ​ប្រកួត​បាន​១១​លើក​ឈ្នះ​បាន​៦ លើក​ស្មើ​២​លើក និង​ចាញ់​៣​លើក មាន​២០​ពិន្ទុ​ក្នុង​ដៃ​។ ចំពោះ​គោលដៅ​បន្ទាប់​បឹងកេត ត្រូវ​ជួប​ក្រុម​ភ្នំពេញ​ក្រោ​ន នៅវេលា​ម៉ោង​៦​ល្ងាច​ថ្ងៃអាទិត្យ ទី​២៨ ខែឧសភា ឆ្នាំ​២០១៧ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​សប្ដាហ៍​ទី​១២ នៃ​ពានរង្វាន់​លីក​កំពូល​កម្ពុជា​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684