ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រូ U14 របស់​ក្លិប​ភ្នំពេញ​ក្រោ​ន មួយរូប​ទទួលបាន​កា​រ​អញ្ជើញ​ឲ្យ​ទៅ​សិក្សាគ្រូ​បាល់ទាត់​នារី​កម្រិត​ទ្វីបអាស៊ី នៅ​ប្រទេស​ចិន

ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន បាន​ជូនដំណឹង​ដល់​អ្នកគាំទ្រ​របស់​ខ្លួន​ថា​អ្នកគ្រូ ឈឿន នី​ផា ដែលជា​គ្រូបង្វឹក​ក្រុមយុវជន​ក្រោម​អាយុ​១៤​ឆ្នាំ​របស់​ក្លិប ត្រូវបាន​ទទួល​អញ្ជើញ​ឲ្យ​ទៅ​សិក្សា​គ្រូ​បង្វឹក​បាល់ទាត់​កម្រិត​ទ្វីបអាស៊ី នៅ​ប្រទេស​ចិន នៅ​ចុងខែ​មិថុនា ខាងមុខ​។

ប្រភព​បញ្ជាក់​ថា ​កញ្ញា ឈឿន នី​ផា ទើបតែ​ទទួល​បាន​ការ​អញ្ជើញ​ដើម្បី​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល AFC Women’s Tutors Course ក្នុងនាម​ជា​អ្នកតំណាង​ប្រទេស​កម្ពុជា ខណៈ​ដែល​កម្មវិធី​នេះ​ទើបតែ​រៀបចំ​ជា​លើកដំបូង​ដោយ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២០-២៩ ខែមិថុនា ខាងមុខ​នៅ​ទីក្រុង​សៀង​ហៃ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

កញ្ញា នី​ផា ធ្លាប់​ទទួល​បាន​សញ្ញាប័ត្រ AFC B-coaching licence នឹង​ចូល​រួម​ក្នុង​វគ្គ​សិក្សា​ថ្មី​នេះ​ដែល​ត្រូវ​បាន​រៀបចំឡើង​ក្នុង​គោលបំណង​បង្ហាញ​ពី​វិធីសាស្ត្រ​ក្នុង​ការ​ហ្វឹកហាត់ ក៏ដូចជា​ការ​ផ្សព្វផ្សាយ​អំពី​ទេពកោសល្យ​ដែល​គ្រូ​បង្វឹក​ជា​នារី​ត្រូវ​យល់ដឹង​ដើម្បី​ក្លាយ​ជា​អ្នក​បណ្តុះ​បណ្តាល​ម្នាក់​ប្រកបដោយ​សមត្ថភាព​ទាំង​លើ​ចំណេះដឹង ភាពជា​អ្នកដឹកនាំ ព្រមទាំង​ជា​កត្តា​លី​ករ​ក្នុងការ​ជំរុញ​វិស័យ​បាល់ទាត់​នៅ​ទ្វីបអាស៊ី​ឆ្ពោះទៅកាន់​វឌ្ឍនភាព។

ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​ មាន​ការ​ធ្វើ​បទ​បង្ហាញ​ពី​លោកស្រី Vera Pauw មកពី​សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប (UEFA) និង​លោក Wim Koevermans អនុប្រធាន​ផ្នែក​បច្ចេកទេស​របស់​សហ​ព័ន្ធ​បាល់ទាត់​អាស៊ី ដោយ​អ្នក​ទាំងពីរ​សុទ្ធតែ​មាន​បទ​ពិសោធន៍​ក្នុង​ការ​បង្វឹក​កីឡាករ ក៏ដូចជា​ធ្លាប់​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ផងដែរ​។ ក្លិប​ភ្នំពេញ​ក្រោ​ន ចាត់ទុកថា​នេះ​គឺ​ឱកាស​ដ៏​អស្ចារ្យ​សម្រាប់ កញ្ញា នី​ផា ដើម្បី​បោះជំហាន​ទៅមុខ​ក្នុង​អាជីព​ជា​គ្រូបង្វឹក​បាល់ទាត់​របស់​ខ្លួន។

យោង​តាម​ប្រភព​ពី​ភ្នំពេញ​ក្រោ​ន បញ្ជាក់​ផងដែរ​ថា ក្រុម​យុវជន​អាយុ​ក្រោម ១៤​ឆ្នាំ​ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​ក​ញ្ញានី​ផា នឹង​បង្ហាញខ្លួន​នៅ​ថ្ងៃអាទិត្យ ទី​២១ ខែឧសភា ស្អែក​នេះ​ក្នុង​ការ​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​ជាមួយ​ក្រុម KM7 នៅវេលា​ម៉ោង ៨.៣០ ព្រឹក​លើ​ទីលាន​កីឡដ្ឋាន RSN តែម្តង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684