Connect with us

វប្បធម៌ ជំនឿ

មុននឹងជឿលើអ្វីមួយ គួរពិចារណាលើកត្តាអ្វីខ្លះ?

បានផុស

នៅ

ថ្មីៗនេះ ប្រធានបទស្ដីអំពីជំនឿ ជាពិសេស អបិយជំនឿ គឺជាប្រភេទប្រធានបទមួយ​ដែល​ទទួលបាន​ការចាប់អារម្មណ៍ច្រើនពីអ្នកលេងបណ្ដាញសង្គម។ វាជាប្រធានបទរសើបមួយក្នុងចំណោមប្រធានបទរសើបផ្សេងៗទៀត ដូចជា នយោបាយ ជាតិសាសន៍ សាសនា ឯកជនភាព ជាដើម។ ខ្ញុំលើកប្រធានបទនេះមកនិយាយ គ្រាន់តែ​ចង់បង្ហាញ​ទស្សនៈ​ផ្ទាល់ខ្លួនចំពោះ​សំណួរទូទៅ​ ការយល់ដឹងទូទៅ ហើយក៏មិនឆ្លើយតប ឬចង់កាត់សេចក្ដី​ដល់​ការខ្វែងគំនិតដែលកំពុងកើតឡើងក្នុងបណ្ដាញសង្គមដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុននឹង​ជឿលើអ្វីមួយពាក់ព័ន្ធនឹងជំនឿ ឬសាសនា តើប្រជាពលរដ្ឋ​គួរពិនិត្យ​មើល​លើ​ចំណុចអ្វីខ្លះ?

មុននឹងជឿលើអ្វីមួយត្រូវតែគិតឱ្យបានហ្មត់ចត់ ពីព្រោះ​ជំនឿ ឬសាសនា ​គឺជា​មូល​ដ្ឋាន​​នៃជីវិត និងជោគវាសនារបស់មនុស្សម្នាក់ៗ។ ហេតុនេះ មុននឹងជឿលើ​ជំនឿ ​ឬ​សាសនា​ណាមួយ ត្រូវតែ​ស្វែងយល់អំពីប្រភព អត្ថន័យ ខ្លឹមសារ ភាពសមហេតុផល ភាពត្រឹមត្រូវ ភាពច្បាស់លាស់ គោលបំណង និង​ផល​ប្រយោជន៍​​ដែល​ទទួលបានពីជំនឿ ​ឬ​សាសនា​នោះ។ ជាពិសេស ត្រូវពិចារណាថា បើគេជឿ គោរព និងប្រតិបត្តិតាមជំនឿ ឬសាសនានោះ តើគេ​​ទទួលបាន​សេចក្ដីសុខ សេចក្ដីចម្រើន សេចក្ដីថ្លៃថ្នូរ ភាពវាងវៃ គតិបណ្ឌិត និង​សុខដុម​ដែរឬទេ?

នៅពេលមានបុគ្គលមួយចំនួន បង្ហាញខ្លួនថា ពួកគេមានបុណ្យបារមី ជាបុគ្គល​អស្ចារ្យ ឬ​មាន​មន្តអាគមពូកែស័ក្ដិសិទ្ធិ តើប្រជាពលរដ្ឋ គួរតែជឿដែរ ឬទេ? ហេតុអ្វី?

នៅពេលដែលមានបុគ្គលណាម្នាក់អួតអាងខ្លួនឯង ឬត្រូវបានគេលើកតម្កើងថា​ ជា​បុគ្គល​​អស្ចារ្យ ឬ​មាន​មន្តអាគម​ពូកែស័ក្ដិសិទ្ធិ​ យើងត្រូវតែពិចារណាថា តើបុគ្គល ឬក្រុមនោះ​​ មាន​លក្ខណៈពិសេសអ្វីខ្លះ ដូចជា៖

១. បុគ្គលនោះ កើតមកពីណា? ពីមនុស្ស ឬពីទេវៈ? មានប្រវត្តិយ៉ាងម៉េច?

២. តើគាត់​បានធ្វើអ្វីខ្លះ និងឆ្លងកាត់អ្វីខ្លះ ទើបបានក្លាយជាតួអង្គនោះ?

៣. តើគាត់មានអ្វីពិសេសជាងមនុស្សធម្មតា? ធ្វើអ្វីបានខ្លះ? ជួយបានអ្វីខ្លះ? ដល់​ខ្លួនយើង និងសង្គម?

៤. តើរបៀបដែលគាត់ធ្វើនោះ មានភាពជាក់ស្ដែងដែរ ឬទេ? ស័ក្ដិសិទ្ធិ ឬទេ? សម​ហេតុ​ផល ឬទេ? ឬក៏មានភាពលាក់លៀម? មានល្បិចកល? មានការរៀបចំ​ដែរ ឬទេ? មានគោលបំណងដើម្បីបំភាន់ ឬកេងចំណេញដែរ ឬទេ?

៥. តើគាត់អាចព្យាបាល អាចសង្គ្រោះអ្នកជំងឺ ជនរងគ្រោះ ជនងាយរងគ្រោះ បានដែរឬទេ? ចេះជប់សេចក្ដីសុខ សុភមង្គល ឬផលប្រយោជន៍​ឱ្យ​អ្នកជឿ ដោយមិន​ចាំបាច់​ខិតខំស្វែងរកសេចក្ដីសុខ ឬផលប្រយោជន៍ដោយខ្លួនបាន​ដែរ ឬទេ?

៦. តើរបៀបដែលគាត់ធ្វើនោះ ស្រដៀងគ្នា ឬដូចគ្នានឹងអ្វីដែលជនខិលខូច​មួយ​ចំនួនបានធ្វើកន្លងមកដែរ ឬទេ? ដូចជា ករណី អតីតព្រះចៅអធិការ​វត្ត​ស្រះចក, គ្រូសិល្ប៍ព្យាបាលជំងឺនៅ​កំពង់ធំ, បុគ្គលដែល​បាន​តាំង​ខ្លួន​ជា​ព្រះ​សិអារ្យមេត្រី, តួអង្គព្រហ្មភ្នំគូលេន និងគ្រូសិល្ប៍ គ្រូវេទមន្ត គ្រូអាបធ្មប់ គ្រូស្ដោះផ្លុំ មួយ​ចំនួន​ទៀត​ដែលបានព្យាបាល​អ្នកជំងឺ​ដោយបាន​បៀតបៀន​កេរ្ដ៍ខ្មាស់ ​ឬ​រំលោភ​សេព​សន្ថវៈអ្នកជំងឺ ជាដើម។

៧. ក្រៅពីនេះ បងប្អូននៅចាំទេ ព្រឹត្តិការណ៍នៅ​ស្តាតអូឡាំពិកក្នុងសម័យអ៊ុនតាក់ ជាច្រើនឆ្នាំ​កន្លងមក ដែលលោក ម៉ៃអេវិន បានឃោសនា អះអាថា ខ្លួន​អាច​ជួយព្យាបាលជំងឺមនុស្ស​​គថ្លង់ ខ្វាក់ ខ្វិន ឬមនុស្សដែលមានជំងឺរ៉ាំរ៉ៃ ឱ្យជាសះ​ស្បើយ តែទីបផុត គាត់មិនអាចធ្វើទៅបានដូចការសន្យា ហើយក៏មានការតវ៉ា​ពីអ្នកទៅរកសេវានោះ ដោយផ្ទុះអំពើហិង្សា និងចលាចលនៅពេលនោះ។ ដូចគ្នាដែរ ករណី​ទឹកលិចលោក​នៅភ្នំគូលេន តើបងប្អូននៅចាំបានទេ មាន​ការខាតបង់ពេល​វេលា ប្រាក់កាស ទ្រព្យសម្បត្តិរបស់អ្នកជឿជាច្រើននាក់ រហូត​ដល់មាន​អន្តរាគមន៍ពីអាជ្ញាធរ។  

៨. ប្រសិនបើមានករណីដែលបាន និងកំពុងកើតឡើងថ្មីនេះ ស្រដៀងគ្នាទៅនឹង​ករណី​ដូចបានរៀនរាប់ខាងលើ គួរតែប្រុងប្រយ័ត្ន ក្រែងលោរងគ្រោះ​ដូច​ករណី​ទាំងនេះ និងដូចករណីមុនៗ ឬក៏ករណីតាថេន ចៅសន ដែរ។       

នៅពេលដែលមានប្រជាពលរដ្ឋ​ជឿងប់ងុលនឹង​បុគ្គល​មួយ​ចំនួន​ដូចបានលើកឡើង​ខាង​លើ តើពួកគាត់អាចនឹងរងគ្រោះអ្វីខ្លះដែរ?

ជំនឿ ឬសាសនា គឺជាអាវុធមុខពីរ បើជឿត្រូវនាំឱ្យមានសេចក្ដីសុខ សេចក្ដីចម្រើន សេចក្ដីថ្លៃថ្នូរ និងសុខដុម ប៉ុន្តែ បើជឿខុស នាំឱ្យពួកគេអាចវង្វេង យល់ច្រឡំ យល់ខុស សម្រេចចិត្តខុស ខាតបង់ពេលវេលា ប្រាក់កាស ចាញ់បោកគេ ជាដើម។ ទីបំផុត ពួកគេអាច មានភាពជ្រុលនិយម ងាយរងគ្រោះ ងាយត្រូវបានគេយកទៅ​ប្រើប្រាស់​ជា​មធ្យបាយ ឬ​​ឧបរកណ៍សម្រាប់សម្រេចបំណងណាមួយ ដូចជា គោលបំណងខាង​នយោបាយ ភេរវកម្ម សេដ្ឋកិច្ច​ (ផ្សាយលក់ផលិតផល ផ្សព្វផ្សាយផេក) សង្គ្រាម ជាដើម។ ឧទាហរណ៍ ក្នុងអតីតកាល ធ្លាប់មានក្រុមតាលីបង់ អាល់កៃដា ហ៊ូទី ហាម៉ាស ជាដើម ក៏ត្រូវអ្នក​នយោបាយយកមកប្រើប្រាស់ ដើម្បីផលប្រយោជន៍របស់ខ្លួនដែរ។ ប៉ុន្តែ បើអ្នកណាម្នាក់​ ឬ​ក្រុម​ណាមួយ​ជឿស៊ុប ជឿមាំ ជឿដាច់ខាត ឬមាន​ភាព​ជ្រុលនិយមហើយ គ្មានអ្នកណា​ម្នាក់​អាច​ផ្ដល់យោបល់ដល់​គេ​បាន​ឡើយ។

តាមពិត រឿងមានតួអង្គអស្ចារ្យនេះ មិនមែនជារឿងថ្មីទេ គឺមានតាំងពីយូរមកហើយ ប៉ុន្តែ នៅតែ​មិនអាចជួយសង្គមបាន ដូចជា ប្រទេសកម្ពុជា ធ្លាប់ជាមហានគរ មានទឹកដីធំធេង ឥឡូវនៅសល់ប៉ិនសព្វថ្ងៃនេះ។ មុនប៉ុលពត សម្បូរណាស់តួអង្គអស្ចារ្យ ពេលប៉ុលពត ឡើងកាន់អំណាចគ្រប់គ្រងបែបផ្ដាច់ការ និងសម្លាប់មនុស្សអស់រាប់លាននាក់ មិនមាន​តួអង្គ​អស្ចារ្យ ឬអាទិទេពណាមួយអាច​ជួយ​បានទេ។ សង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ា សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន និង​សង្គ្រាមអ៊ីស្រាអែល​-ប៉ាឡេស្ទីន ជាដើម​ ដែលសុទ្ធតែកើតឡើង​នៅ​បណ្ដាប្រទេស​សម្បូរជំនឿលើអាទិទេព ហើយក៏មិនមានតួអង្គ​អស្ចារ្យណា​មួយ​អាចជួយ​សាសនិកទាំងនោះបាន ដែលសង្គ្រាមទាំងនោះ បណ្ដាលឱ្យមានអ្នកស្លាប់ និងរបួស​រាប់ម៉ឺន រាប់សែននាក់ និង​ខូចខាច​ទ្រព្យសម្បត្តិអស់ជាច្រើន។    

តើជំនឿលើសាសនា មានគោលការណ៍អនុវត្តដែរ ឬទេ? បើមាន តើចំណុច​អ្វីខ្លះ​ដែរ?

មុននឹងឆ្លើយសំណួរនេះ សូមញែកសាសនាចេញពីជំនឿ​មិនសមហេតុផល​ ឬ​អបិយ​ជំនឿសាសនា គឺជាសំណុំនៃជំនឿរៀបរយ ការអនុវត្ត និង​ប្រព័ន្ធ​នានា​ដែល​ភាគច្រើន​ទាក់ទង​នឹងជំនឿ និង​ការគោរពគម្ពីរ មនោគមវិជ្ជា តួអង្គអស្ចារ្យ ដូចជា ព្រះអាទិទេព ឬតួអង្គអធិធម្មជាតិ ជាដើម។ ចំណែក អបិយជំនឿ គឺជាជំនឿមិនគួរឱ្យស្រឡាញ់, មិនគួរឱ្យពេញចិត្ត។ ក្នុងន័យនេះ អាច​សំដៅដល់ជំនឿលើ​អាប ធ្មប់ ​ព្រាយបិសាច ព្រលឹង​ខ្មោច អមនុស្ស ផ្លូវក្នុង ជាដើម។

មាត្រា៤៣ នៃរដ្ឋធម្មនុញនៃ​ព្រះរាជាណាចក្រកម្ពុជាចែងថា ប្រជាព​លរដ្ឋខ្មែរទាំងពីរភេទ​ មានសិទ្ធិពេញទីខាងជំនឿ។ សេរីភាពខាងជំនឿ និងការប្រតិបត្តិខាង​សាសនា ត្រូវបានរដ្ឋធានា ក្នុងក្របខណ្ឌដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃទៀត ដល់សណ្ដាប់ធ្នាប់ និងសន្តិសុខសាធារណៈ។ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។

ក្រៅពីរដ្ឋធម្មនុញ នៅមានច្បាប់ និងគោលការណ៍ផ្សេងៗទៀតរបស់ក្រសួងធម្មការ​ និង​សាសនា។ លើសពីនេះ ក៏មានគោលការណ៍នៃសមាគមអន្តរសាសនា និងសាសនា​នីមួយៗ​ផងដែរ ដើម្បី​ជួយតម្រង់ទិសការប្រតិបត្តិសាសនានីមួយៗ ដើម្បីកុំឱ្យមានការ​ប៉ះ​ទង្គិចគ្នា និងបញ្ជៀសហានិភ័យដល់សង្គម។    

តើបុគ្គល ឬក្រុមដែលធ្វើសកម្មភាពនាំឱ្យប៉ះពាល់ដល់សាសនារបស់រដ្ឋ ឬសង្គម អាចមាន​ទោស​ទណ្ឌ​ដែរ​ឬទេ?

និយាយដល់ទោសទណ្ឌ គឺត្រូវពិនិត្យមើលទិដ្ឋភាពច្បាប់ និងសកម្មភាពប្រតិបត្តិជំនឿ ​ឬសាសនា ប្រសិនបើ​វាផ្ទុយនឹងច្បាប់ វាពិតជាមានកំហុស។ ប្រសិនបើមានកំហុស វាពិតជាត្រូវមាន​ការ​ណែ​នាំ​ ការតម្រង់ទិស ការអប់រំ ការទប់ស្កាត់ ឬការដាក់ទោស ជាដើម។ ក្នុង​រដ្ឋធម្មនុញ្ញ​មាត្រទី៤៣ ចែងថា សេរីភាពខាងជំនឿ និងការប្រតិបត្តិខាង​សាសនា ត្រូវបានរដ្ឋធានា ក្នុង​ក្របខណ្ឌដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃទៀត ដល់សណ្ដាប់ធ្នាប់ ​និង​សន្តិសុខ​សាធារណៈ តែបើប៉ះពាល់ អាជ្ញាធរមានសិទ្ធិគ្រប់គ្រាន់ក្នុងការចាត់វិធានការផ្លូវច្បាប់។

ជារួម ជំនឿដែលមនុស្សម្នាក់ៗ​ប្រកាន់យក អាចត្រូវ ឬខុស, អាចពិត ឬមិនពិត, អាចសមហេតុផល ឬមិនសមហេតុផល ហើយវាក៏អាច​ធ្វើឱ្យអ្នកជឿ ទទួលបានសេចក្ដីសុខ ឬសេចក្ដីទុក្ខ, ជោគជ័យ ឬបរាជ័យ, សុភមង្គល ឬ​អពមង្គល និងមានសុខដុមភាព ឬភាពបែកបាក់ផងដែរ។

តាមការពិចារណារបស់ខ្ញុំ ជំនឿ ឬសាសនាទាំងអស់ ត្រូវបានសន្មត ឬ​បង្កើត​ឡើង​ដោយ​មនុស្ស ដោយបានតាក់តែងជាប្រភព ប្រវត្តិទាក់ទងនឹងដំណើររឿង បែបបទ ពិធី ជំនឿ​ ដោយ​មាន​តួ​អង្គព្រះ ឬអាទិទេព វត្ថុពិសិដ្ឋ ព្រមទាំងបានចងក្រងជាទ្រឹស្ដី និងគម្ពីរ ជាដើម។ តាមពិត អ្វី​ៗ​ដែលមានចែង និងអះអាង​នៅក្នុង​សាសនា​ទាំង​អស់ ​មិនមែនសុទ្ធតែ​មាន​សច្ចភាព​ដាច់​ខាត​នោះ​ទេ។ ចំណុចខ្លះ ពិត ឬសមហេតុផល និងចំណុចខ្លះទៀត មិនពិត ឬមិនសមហេតុផលនោះឡើយ។

ហេតុនេះ សូមអ្នកជឿទាំងអស់​ កុំជឿដោយខ្វះបញ្ញា ខ្វះការពិចារណា និងខ្វះ​ការគិត​ហ្មត់ចត់ ហើយកុំមានភាព​ជ្រុលនិយម ​និង​ការរើសអើង​ដល់អ្នកកាន់សាសនាដទៃ​ ឬ​អ្នកមិន​ជឿ​លើ​សាសនា។ ប្រសិន​បើមិនដូច្នេះទេ អ្នក​នឹង​ក្លាយ​ជាអ្នករងគ្រោះ និង​អ្នកបង្កជម្លោះ​ជាមួយ​សាសនិកដទៃ ឬមនុស្សដទៃទៀត។

ហេតុនេះ មុននឹង​ប្រកាន់​យកជំនឿណាមួយមកធ្វើជាមគ្គុទ្ទេសក៍ជីវិតរបស់ខ្លួន មនុស្ស​​ម្នាក់ៗ ​ត្រូវតែប្រាកដថា​ ជំនឿនោះ គឺជាអ្វីមួយ​ដែលមានភាពត្រឹមត្រូវ សមហេតុផល ស្របនឹងសច្ចភាព និងអាច​នាំឱ្យ​ខ្លួន​ទទួលបានផលប្រយោជន៍ពីជំនឿទាំងនោះ។ លើស​ពី​នេះទៀត វានឹងមិននាំឱ្យយើង​ និង​សង្គមរបស់យើង​ទទួលរងគ្រោះតាម​រូបភាព​ផ្សេងៗ​ដោយ​សារជំនឿរបស់យើង៕

ដោយ៖ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញផ្នែកទស្សនវិជ្ជា និងសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម