ព័ត៍មានទាន់​ហេតុការណ៏
Search

នាយក​រដ្ឋមន្ដ្រី​ អំពាវនាវ​ឲ្យ​កង​នគរបាល​ធានា​ឲ្យ​បាន​នូវ​បរិយាកាស​សន្តិសុខ​ សម្រាប់​យុទ្ធនាការ និង​ការបោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​សង្កាត់

ភ្នំពេញ ៖ សម្ដេច​តេ​ជោ​ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​កងកម្លាំង​នគរបាល​ជាតិ​គ្រប់​លំដាប់​ថ្នាក់​ ត្រូវ​លើកកម្ពស់​ស្មារតី​យកចិត្តទុកដាក់​ក្នុង​ការ​ធានា​ឲ្យ​បាន​នូវ​បរិយាកាស​សន្តិសុខ សម្រាប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​និង ការបោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៤។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ធ្វើ​ការ​អំពាវនាវ​បែបនេះ​នៅ​ក្នុង​សារ​ជូនពរ​ជូន​ចំពោះ​កងកម្លាំង​នគរបាល​ជាតិ​ទូទាំង​ប្រទេស នា​ថ្ងៃ​ទី១៩ ខែ ឧសភា ឆ្នាំ២០១៧​នេះ ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី ៧២​ឆ្នាំ នៃ​ថ្ងៃ​បដិសន្ធិ​របស់​កម្លាំង​នគរបាល​ជាតិ (១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០១៧)។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ​ក៏បាន​អំពាវនាវ​ដល់​កងកម្លាំង​នគរបាល​ជាតិ គ្រប់​លំដាប់​ថ្នាក់​ត្រូវ​ពង្រឹង​ការ​លើកកម្ពស់​សមត្ថភាព ដើម្បី​រក្សា​សន្ដិសុខ ជូន​មាតុភូមិ សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ដែលជា​បុព្វហេតុ​ស្នូល​បម្រើការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ជាពិសេស​ធ្វើ​ឲ្យ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព គ្មាន​បទឧក្រិដ្ឋ​កើតឡើង។

សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ឧទ្ទិស​នូវ​ទឹកចិត្ត​កតញ្ញូ​កតវេទី​ជូន​ចំពោះ​វិញ្ញាណក្ខន្ធ​បុព្វបុរស​នៃ​កងកម្លាំង​នគរបាល​ជាតិ​គ្រប់​ជំនាន់​ ដែល​បាន​ធ្វើ​ពលិកម្ម​គ្រប់​បែប​យ៉ាង​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​បម្រើ​សេចក្ដីសុខក្សេមក្សាន្ដ​ជូន​ប្រជាពលរដ្ឋ​និង​សង្គមជាតិ​កម្ពុជា។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​សម្ដែង​នូវ​ការ​កោតសរសើរ​ចំពោះ​ពលិកម្ម​គ្រប់​បែប​យ៉ាង​របស់​ថ្នាក់ដឹកនាំ​ និង ​មន្ដ្រី​នគរបាល​ជាតិ​គ្រប់​លំដាប់​ថ្នាក់​ក្នុង​បុព្វហេតុ​រក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​រយៈពេល​១​ឆ្នាំ​កន្លង​មក​នេះ និង​សូម​ផ្ដាំផ្ញើ​នូវ​ការសាកសួរ​សុខទុក្ខ​ជូន​ដល់​និវត្តជន នគរបាលជាតិ និង​ដល់​ក្រុម​គ្រួសារ​មន្ដ្រី​នគរបាល​ជាតិ​ នៅ​ទូទាំង​ប្រទេស​ផងដែរ។

ពេញ​មួយ​ឆ្នាំ​២០១៦ កងកម្លាំង​នគរបាល​ជាតិ​បាន​ប្រឹងប្រែង​ទាំង​យប់​ទាំង​ថ្ងៃ ក្នុង​ការរក្សាសន្តិសុខ​សង្គម ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ច្បាប់ និង គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល ជាពិសេស​ការ​ជំរុញ​អនុវត្ត​គោលនយោបាយ “​ភូមិ​ឃុំ​មាន​សុវត្ថិភាព​” និង ផែនការ​យុទ្ធនា​ការសំខាន់ៗ​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ ដោយ​បាន​រួម​ចំណែករ​ក្សា​ស្ថិរភាព​នយោបាយ សណ្តាប់ធ្នាប់​សាធារណៈ និង របៀបរៀបរយ​ល្អប្រសើរ។

ជោគជ័យ​ធំៗ​ ដែល​ត្រូវ​បាន​កត់សំគាល់ គឺ​បាន​ធ្វើ​ឲ្យ​បន​ឧក្រិដ្ឋ​បន្ត​ថយ​ចុះ ៥ ភាគរយ​, ជាមួយនឹង​ការបង្ក្រាប​បទល្មើស​ទទួល​លទ្ធផល​ខ្ពស់​រហូតដល់ ៨២ ភាគរយ ,​ការបង្ក្រាប​គ្រឿងញៀន​កើនឡើង​ទ្វេដង​ធៀប​នឹង​ឆ្នាំ ២០១៥ ,​ការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ទទួលលទ្ធផល​ល្អ ធ្វើ​ឲ្យ​អន្តរជាតិ​កោតសរសើរ និង គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយចុះ​ចំនួន ១១ ភាគរយ​,​ព្រមទាំង​ការចូលរួម​ការពារ​ព្រឹត្តិការណ៍​ជាតិ និង អន្តរជាតិ គណៈប្រតិភូ​ជាន់ខ្ពស់​ជាតិ និង អន្តរជាតិ​សរុប​ជិត ៨ ពាន់​លើក​ប្រកបដោយ​ជោគជ័យ និង មាន​សុវត្ថិភាព​ទាំងស្រុង។

ក្នុង​ឆ្នាំ​២០១៦ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ជាង ៣ លាន​សន្លឹក​ត្រូវ​បាន​ផលិត​និង ផ្តល់ជូន​ប្រជាពលរដ្ឋ​ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​។ ចំពោះ​ការងារ​គ្រប់គ្រង​ជនបរទេស​និង គ្រប់គ្រង​ច្រកទ្វារ ព្រំដែន​ត្រូវ​បាន​ពង្រឹង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ថា ​ទោះបី​កងកម្លាំង​នគរបាល​ជាតិ​សម្រេច​បាន​ជោគជ័យ​ធំ គួរ​ឲ្យ​កត់សំគាល់​ក៏ដោយ ក៏ប៉ុន្តែ​នៅ​មាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​ទាមទារ​ឲ្យ​នគរបាល​ជាតិ​បន្ត​ខិតខំ​ប្រឹង ប្រែង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន និង ប្រកបដោយ​មនសិការ​វិជ្ជាជីវៈ​ខ្ពស់ នោះ​គឺ​ការ​បន្ត​ធានា​ស្ថិរភាព សុវត្ថិភាព សង្គម បម្រើ​ឲ្យ​ការ​អភិវឌ្ឍ​ប្រទេសជាតិ និង ថែរក្សា​សេចក្តីសុខ ទាំង​ផ្លូវកាយ​និង ផ្លូវចិត្ត​ជូន​ប្រជាពលរដ្ឋ។

សម្តេច​បន្តថា​ មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា​ត្រូវ​ខិតខំ​លើកកម្ពស់​សមត្ថភាព​ជំនាញ​ឲ្យ​មានការ​រីកចម្រើន​ស្របតាម​ដំណាក់កាល​ថ្មី ដើរ​ទន្ទឹម​នឹង​ការ​បន្ត​កែទម្រង់​រចនាសម្ព័ន្ធ​អង្គការ​ចាត់តាំង​ការ​ពង្រឹង​ស្មារតី ឆន្ទៈ​កងកម្លាំង ការសិក្សា​រៀន​សូត្រ​បន្ថែម​ពី​គំរូ​វីរភាព វីរៈ​រៀមច្បង​នគរបាល​ជំនាន់​មុន ដើម្បី​លើកកម្ពស់​សីលធម៌ គុណធម៌ និង​ទស្សនៈ​ស្មោះត្រង់​ចំពោះ​រាជរដ្ឋាភិបាល ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ។

​ក្នុងនាម​រាជរដ្ឋាភិបាល និង​ក្នុងនាម​សម្តេច​ផ្ទាល់ សម្តេច​តេ​ជោ បាន​ផ្ញើ​នូវ​ការសាកសួរ​សុខទុក្ខ​ដោយ​សេចក្តី​នឹករលឹក ស្រឡាញ់​រាប់អាន​យ៉ាង​ជ្រាលជ្រៅ និង​ស្មោះស្ម័គ្រ​អស់ពីដួងចិត្ត ជូន​ចំពោះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​មន្ត្រី​នគរបាល​ជាតិ​នៅ​ទូទាំងប្រទេស ដែល​បាន​នឹងកំពុង​បំពេញភារកិច្ច​បម្រើ​ជាតិ និង​ប្រជាពលរដ្ឋ​ពី​ដំណាក់កាល​មួយ​ទៅ​ដំណាក់កាល​មួយ ព្រមទាំង​សម្រេច​បាន​នូវ​ស្នាដៃ និង​សមិទ្ធផល ដ៏​មានតម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​។

​សារលិខិត​របស់​លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ជូនពរ​កងកម្លាំង​នគរបាល​ជាតិ​ទូទាំង​ប្រទេស ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​លើក​ទី​៧២ ថ្ងៃ​បង្កើត​កងកម្លាំង​នគរបាល​ជាតិ បាន​ថ្លែង​ឲ្យ​ដឹង​ថា កងកម្លាំង​នគរបាលជាតិ បាន​បើក​កិច្ច​សហប្រតិបត្តិការ យ៉ាងសកម្ម​តាម​ភារកិច្ច​រៀងៗ​ខ្លួន ដោយ​បាន​ធ្វើ​ឲ្យ​បទល្មើស​ជាច្រើន​ថយ​ចុះ​យ៉ាងខ្លាំង រួមមាន ឧក្រិដ្ឋ​ថយ​ចុះ​៥​ភាគរយ គ្រោះថ្នាក់​ចរាចរណ៍ ១១​ភាគរយ អាវុធជាតិ​ផ្ទុះ​៧០​ភាគរយ នៅ​ក្នុង​ឆ្នាំ​២០១៦​កន្លងទៅ​។ ខួប​អនុស្សាវរីយ៍​លើក​ទី​៧២ របស់​កងកម្លាំង​នគរបាល​ជាតិ ចាប់បដិសន្ធិ ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​១៩៤៥ – ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៧។

នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​ថ្លែង​ថា ក្រៅពី​កងកម្លាំង​នគរបាល​ជាតិ ក៏បាន​ចូលរួម​យ៉ាងសកម្ម ក្នុង​យុទ្ធនា​ការ​សំខាន់ៗ របស់​រាជរដ្ឋាភិបាល​កម្ពុជា រួមមាន យុទ្ធនាការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ និង​ការ​ការពារ​ធនធានធម្មជាតិ យុទ្ធនាការ​បង្ក្រាប​បទ​ល្មើស​ស៊ីសង​ខុសច្បាប់ យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​១ និង​យុទ្ធនាការ​លុបបំបាត់​ការ​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​អនាធិបតេយ្យ​តាមផ្លូវ​គោក និង​ផ្លូវទឹក ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ដែល​ធ្វើ​ឲ្យ​ខឿន​សន្តិសុខ​កាន់តែ​ត្រូវបាន​ពង្រឹង​បន្ថែមទៀត។

អគ្គស្នងការ​នគរបាល​ជាតិ បាន​បន្ត​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៦​កន្លង​មក​នេះ កងកម្លាំង​នគរបាល​ជាតិ​គ្រប់​ថ្នាក់ បាន​ចូលរួម​យ៉ាងសកម្ម ក្នុង​ការ​អនុវត្ត​គោលនយោបាយ និង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ពិសេស​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ដោយបាន​បង្កើត នូវ​ស្នាដៃ​ធំៗ​ជាច្រើន​ទៀត​។

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ បាន​បញ្ជាក់​ថា ការ​វិវឌ្ឍ​រីកចម្រើន​ថ្មី ដែល​ត្រូវ​បាន​កត់សម្គាល់​បន្ថែម​ទៀត​នោះ គឺ​ការ​កែសម្រួល​ភារកិច្ច​ជូន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​តាម​របត់​ថ្មី គឺ​”​ការងារ​នគរបាល​និង​សហគមន៍​”​។ ការ​ធ្វើ​បច្ចុប្បន្នភាព​ការងារ និង​ការ​ផ្លាស់ប្តូរ​ឥរិយាបថ អត្តចរិត​របស់​មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល បាន​ផ្តល់​ឱកាស​សម្រាប់​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល បាន​ជួប​ទំនាក់ទំនង​ជាមួយ​ប្រជា​ពលរដ្ឋ​ដោយ​ផ្ទាល់​តាម​ខ្នង​ផ្ទះ ក្តាប់​បាន​អំពី​សុខទុក្ខ តម្រូវការ​របស់​ប្រជាពលរដ្ឋ និង​បម្រើ​សេវា​ចាំបាច់​ដោយស្មោះ​ស្ម័គ្រ​ទាន់​ពេល​វេលា ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​សហគមន៍ កាន់​តែ​មាន​ទស្សនៈ គាំទ្រ និង​ចូលរួម​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល។
ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ គ្រប់ពេលវេលា​នៃ​ជីវភាព​សង្គម ប្រជាពលរដ្ឋ​តែង​សង្ឃឹមលើ​កងកម្លាំង​នគរបាល ហេតុនេះ​ក្នុងនាម​អគ្គស្នងការ​នគរបាល​ជាតិ លោកនាយ​ឧ​ត្ត​ម​សេនីយ៍​នេ​ត សាវឿន “​បាន​ស្នើ​ដល់​មន្ត្រី​នគរបាល​ជាតិ រួមគ្នា​ជាមួយ​ខ្ញុំ​ផ្ទាល់​ធ្វើការ​ប្តេជ្ញាចិត្ត​ខិតខំ​ការពារ​និង​បម្រើ​ប្រជាពលរដ្ឋ យើង​ឲ្យ​កាន់​តែ​មាន​សេចក្តីសុខ សុវត្ថិភាព​បន្ថែមទៀត​នា​ពេល​អនាគត​”៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684